នាយករដ្ឋមន្ត្រីជប៉ុន តាកាអ៊ីជី បានព្រមានអំពី ការគំរាមកំហែងរបស់ចិន កាន់តែខ្លាំងឡើងនៅក្នុងសុន្ទរកថា របស់លោកស្រីទៅកាន់សភានៅថ្ងៃទី២០ ខែកុម្ភៈក្រោយពេលដែលលោកស្រីត្រូវជ្រើសតាំងឲ្យបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី។
លោកស្រី Takaichi បានមានប្រសាសន៍ថា «ប្រទេសជប៉ុន ប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទី២មក» ដោយបានចង្អុលទៅសកម្មភាពពង្រីកសមត្ថភាពយោធា របស់ប្រទេសចិន ដែលកំពុងមាន ទំនាក់ទំនងសន្តិសុខកាន់តែជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី និងសមត្ថភាពមីស៊ីលនុយក្លេអ៊ែរ ដែលកំពុងកើនឡើងរបស់កូរ៉េខាងជើងជាដើម។
លោកស្រីបានប្រាប់សភាថា ជប៉ុននឹងធ្វើការផ្លាស់ប្តូរយុទ្ធសាស្ត្រការពារជាតិ ដោយកែសម្រួលនូវឯកសារសន្ដិសុខដ៏សំខាន់ចំនួន៣ របស់ខ្លួន នៅឆ្នាំ ២០២៦នេះ ដើម្បីបង្កើតយុទ្ធសាស្ត្រការពារជាតិថ្មីមួយ រួមទាំងការបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញឧបករណ៍យោធា ជាពិសេស គឺពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញយុទ្ធសាស្រ្តសំខាន់ៗ។
ក្រោមការដឹកនាំរបស់លោកស្រី តាកាអ៊ីជី ប្រទេសជប៉ុនបាននិងកំពុងបន្ដពន្លឿនការកសាងយោធា ដែលបានចាប់ផ្តើមតាំងឆ្នាំ ២០២៣ ព្រមទាំងបានបង្កើនការចំណាយលើវិស័យការពារជាតិរបស់ទ្វេដង ដល់ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុប នៅត្រឹមចុងខែមីនាខាងមុខ។ ការចំណាយនេះ បានធ្វើឱ្យជប៉ុន ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលចំណាយលើវិស័យយោធាច្រើនជាងគេបំផុតរបស់ពិភពលោក។ លើសពីនេះ លោកស្រី តាកាអ៊ីជី ក៏បានប្រកាសពីផែនការបង្កើតឱ្យមានក្រុមប្រឹក្សាស៊ើបការណ៍សម្ងាត់ជាតិ ដែលមានលោកស្រីជាប្រធាន ដើម្បីបង្រួបបង្រួមព័ត៌មាន ដែលប្រមូលបានពីគ្រប់ភ្នាក់ងារ រួមទាំងប៉ូលីស និងក្រសួងការពារជាតិផងដែរ ខណៈ ពីមុនមកប្រទេសជប៉ុនមិនធ្លាប់មានសេវាចារកម្មបរទេស ឬក្នុងស្រុក ដូចជាទីភ្នាក់ងារចារកម្មកណ្តាលសហរដ្ឋអាមេរិក ឬ MI5 របស់ចក្រភពអង់គ្លេសនោះទេ។
អ្នកវិភាគបានអះអាងថា គោលនយោបាយតឹងរឹងរបស់លោកស្រី តាកាអ៊ីជី ចំពោះទីក្រុងប៉េកាំង នៅក្នុងអណត្តិនេះទំនងជាមិនមានឧបសគ្គច្រើនឡើយ ពីព្រោះគណបក្សរបស់លោកស្រី និងសម្ពន្ធភាព គឺបានឈ្នះការបោះឆ្នោតរហូតបានសំឡេងភាគច្រើននៅក្នុងសភា៕
ដោយៈ សរ សុជាតិ