
កាលពីឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បានដាក់អ្នកបើកបររថយន្តក្រុង តាក់ស៊ី និងរថយន្តដឹកទំនិញធំៗចូលទៅក្នុងប្រភេទទី១នៃលក្ខខណ្ឌស្នាក់នៅជាកម្មករជំនាញពិសេស ដែលនឹងអនុញ្ញាតឱ្យជនបរទេសអាចធ្វើការក្នុងប្រទេសនេះរហូតដល់៥ឆ្នាំជាមួយនឹងដែនកំណត់មិន ឱ្យលើសពីចំនួនអ្នកបើកបរបរទេស២៤,៥០០នាក់ឡើយ។
តាមរយៈគោលនយោបាយនេះ ក្រុមហ៊ុនដឹកជញ្ជូនជប៉ុន កំពុងស្វែងរកការជួលអ្នកបើកបរបរទេសកាន់តែច្រើនឡើង។ យ៉ាងណាមិញ ក្រុមហ៊ុនដឹកជញ្ជូនជប៉ុន SBS Holdings គ្រោងនឹងជួលកម្មករបរទេស៣០%ក្នុងរយៈពេល១០ឆ្នាំ ដោយបានរើសអ្នកបើករថយន្តធំចំនួនជិត២ពាន់នាក់ភាគច្រើនមកពីប្រទេសឥណ្ឌូនេស៊ី ដើម្បីដោះស្រាយវិបត្តិការងាររបស់ខ្លួន ហើយគ្រោងនឹងជួលកម្មករប្រហែល១០០នាក់រៀងរាល់ឆ្នាំ សម្រាប់ពេល១០ឆ្នាំ គិតចាប់ពីឆ្នាំ២០២៦តទៅ។
ក្រុមហ៊ុន SBS នឹងបើកសាលារៀនបើកបរក្នុងប្រទេសឥណ្ឌូនេស៊ី នៅឆ្នាំនេះ ហើយនឹងបញ្ជូនគ្រូទៅបង្រៀនច្បាប់ចរាចរណ៍ និងភាសាជប៉ុននៅទីនោះផងដែរ។ កម្មករដែលបានជ្រើសរើសទាំងអស់គឺត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលរយៈពេល៦ខែមុនបញ្ជូនទៅធ្វើការនៅជប៉ុន។
ឧស្សាហកម្មភស្តុភារនៅប្រទេសជប៉ុន កំពុងមាននិន្នាការនៃការធ្លាក់ចុះកម្លាំងពលកម្មកាន់តែខ្លាំងឡើង។ បើតាមវិទ្យាស្ថានស្រាវជ្រាវ Nomura បានប៉ាន់ប្រមាណថា ចំនួនអ្នកបើកបរនឹងថយចុះ២៧% ចាប់ពីឆ្នាំសារពើពន្ធ២០២០ ដល់សារពើពន្ធឆ្នាំ២០៣០ ធ្វើឱ្យទំនិញ៣៦% មិនអាចដឹកជញ្ជូននៅពេលនោះ៕
ដោយ៖ សុខ មង្គល