យោងតាមរបាយការណ៍របស់សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម បានឱ្យដឹងថា ឆ្នាំ២០២៥ គឺជាឆ្នាំមាសសម្រាប់ការនាំចេញត្រីទីឡាព្យ៉ារបស់វៀតណាម ដោយកើបប្រាក់ចំណូលបានជិត១០០លានដុល្លារ កើនឡើង១៤១% បើធៀបនឹងឆ្នាំ២០២៤ ខណៈសហរដ្ឋអាម៉េរិក ជាទីផ្សារនាំចេញធំជាងគេ។ ជាក់ស្តែង ការនាំចេញទៅកាន់ទីផ្សារអាម៉េរិកតែមួយ មានតម្លៃរហូតដល់ជាង៥៣លានដុល្លារ ពោលគឺកើនឡើងរហូតដល់ទៅ១៧៣% បើធៀបនឹងឆ្នាំ២០២៤។ តួលេខនេះតំណាងឱ្យ៥៤% នៃតម្លៃនាំចេញត្រីទីឡាព្យ៉ាសរុបរបស់វៀតណាម ទៅកាន់ពិភពលោក ដែលធ្វើឱ្យអាម៉េរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់ផលិតផលប្រភេទនេះ។
សមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម បានអះអាងថា កំណើនដ៏រឹងមាំនេះមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងការជាប់គាំងនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល គួបផ្សំគូប្រជែងធំៗដូចជា ចិន និងប្រេស៊ីល ដែលជាអ្នកផលិតត្រីទីឡាព្យ៉ាលំដាប់កំពូលកំពុងប្រឈមមុខនឹងពន្ធនាំចូលរហូតដល់៥៥% ពីសហរដ្ឋអាម៉េរិក។ កត្តានេះបានធ្វើឱ្យសមត្ថភាពប្រកួតប្រជែងរបស់ពួកគេធ្លាក់ចុះ និងបង្ខំឱ្យអាម៉េរិក ងាកមកពឹងផ្អែកលើការនាំចូលពីវៀតណាមជំនួសវិញ។
ដើម្បីឆ្លើយតបនឹងឱកាសដ៏កម្រនេះ អាជីវកម្មចិញ្ចឹមត្រីនៅវៀតណាម បានពង្រីកការវិនិយោគយ៉ាងឆាប់រហ័ស ទាំងលើបច្ចេកទេសចិញ្ចឹម និងការកែច្នៃ ជាពិសេសគឺផលិតផលសាច់ត្រីកក ដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារអាម៉េរិក នាពេលបច្ចុប្បន្ននេះ៕
អត្ថបទៈ សួន ឡង់ទី