យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំខេត្តកំពតបានរំពឹងទុកថា ក្រោយកំពង់ផែទេសចរណ៍អន្តរជាតិក្នុងខេត្តកំពតនេះសាងសង់រួចរាល់ វានឹងក្លាយជាចំណុចទាក់ទាញ និងជួយឲ្យវិស័យទេសចរណ៍ និង សេដ្ឋកិច្ចខេត្តកំពតកាន់តែមានភាពល្អប្រសើរថែមទៀត។
ឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃ ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ប្រាប់ខេមបូណូមីសថា មកទល់ពេលនេះ ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចបានតែជាង៧០% ប៉ុណ្ណោះ។ តាមគម្រោង ការសាងសង់កំពង់ផែនេះ ត្រូវបញ្ចប់តាំងពីខែមិថុនាមកម្ល៉េះ ប៉ុន្តែដោយសារតែបញ្ហាកូវីដ-១៩បង្ករការរំខានដល់ការងារការសាងសង់ ក៏ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) រួមជាមួយរាជរដ្ឋាភិបាលសម្រេចពន្យារពេលឲ្យក្រុមហ៊ុន សាងសង់ ត្រូវសាងសង់ឲ្យបានរួចរាលនៅមុនដំណាច់ឆ្នាំ២០២១នេះ។
ពាក់ព័ន្ធទៅនឹងគម្រោងសាងសង់ផែទេសចរណ៍អន្តរជាតិក្នុងខេត្តកំពតនេះដែរ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា ក្រោយកំពង់ផែនេះសាងសង់បាន១០០% និងដាក់ឲ្យដំណើរការ វានឹងជួយជំរុញឲ្យវិស័យសេដ្ឋកិច្ច និងទេសចរណ៍ក្នុងខេត្តកំពតកាន់តែភាពរីកចម្រើនថែមទៀត។ កំពង់ផែទេសចរណ៍អន្តរជាតិនេះ វានឹងក្លាយមេដែកក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសពីប្រទេសជិតខាងរួមមានវៀតណាម និងថៃជាដើម។
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះមានជម្រៅជាង៤ម៉ែត្រ ដោយគ្រោងចំណាយថវិកាប្រមាណ៨លានដុល្លារ ដែលជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ កំពង់ផែនេះ សាងសង់លើផ្ទៃ៤ហិកតា ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ដែលមានចម្ងាយប្រមាណ ៦គីឡូម៉ែត្រពីទីរួមខេត្តកំពត។
បើតាមរបាយការណ៍របស់ ADB ស្តីពីទេសចរណ៍នៃមហាអនុតំបន់ទន្លេមេគង្គ(GMS) ក្រោយកំពង់ផែទេសចរណ៍នេះបើកដំណើរការ នឹងអាចផ្តល់សេវាកម្មទេសចរណ៍ជូនភ្ញៀវអន្តរជាតិ និងក្នុងស្រុកបានប្រមាណ៣៦ម៉ឺននាក់ក្នុង១ឆ្នាំ៕