ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោក Lee Hwan Ju បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ បរិយាកាសនៃជំនួបបានប្រពឹត្តដោយក្តីរីករាយ និងទទួលបាននូវលទ្ធផលការងារជាច្រើន ដោយលោក Lee បានលើកឡើងពីបរិយាកាសអំណោយផលក្នុងការវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ តាមរយៈប្រតិបត្តិការរបស់ក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ធនាគារ ខេប៊ីប្រាសាក់ ម.ក ។ លោកក៏បានបង្ហាញដែរថា ធនាគារ KB Kookmin Bank មានចក្ខុវិស័យ និងយុទ្ធសាស្ត្រវែងឆ្ងាយក្នុងការវិនិយោគនៅកម្ពុជា ព្រមជាមួយនឹងការនាំមកនូវបច្ចេកវិទ្យា និងនវានុវត្តន៍នៃសេវានិងផលិតផលហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត ដើម្បីផ្តល់ជូនដល់ប្រជាជនកម្ពុជា។
ជាការឆ្លើយតប លោកជំទាវទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះតំណាងម្ចាស់ភាគហ៊ុន ធនាគារ KB Kookmin Bank នៃប្រទេសកូរ៉េខាងត្បូង ដែលបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា ជាពិសេសការប្តេជ្ញាបន្តពង្រឹងការវិនិយោគបន្ថែមនៅកម្ពុជា។ លោកជំទាវក៏បានមានប្រសាសន៍ពីការវិវត្តនៃការរៀបចំវិធានការនានា និងបញ្ជាក់ពីការផ្តល់កិច្ចសហការ សំដៅផ្តល់ភាពអំណោយ ផលដល់ការធ្វើប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
នាឱកាសនោះដែរ លោកជំទាវអគ្គទេសាភិបាល និងលោកប្រធាននាយកប្រតិបត្តិ ក៏បានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការពង្រឹងសន្តិសុខសាយប័រ និងកិច្ចសហការលើការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែនផងដែរ។
លោក Lee Hwan Ju ក៏បានប្រជុំពិភាក្សាផ្តោះប្តូរយោបល់ជាមួយនឹងគណៈគ្រប់គ្រង ធនាគារ ខេប៊ីប្រាសាក់ នៅការិយាល័យកណ្តាល ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗក្នុងគោលដៅរក្សាឱ្យបាននូវកំណើនផលបត្រកម្ចី ជំរុញការអភិវឌ្ឍឌីជីថល ទាក់ទាញនិងបង្កើតវប្បធម៌សន្សំសម្រាប់អតិថិជន ការគិតគូរជាចំបងក្នុងការបម្រើសេវាជូនអតិថិជន ព្រមទាំងការថែរក្សាធនធានមនុស្សរបស់ធនាគារខេប៊ីប្រាសាក់ផងដែរ។
លោកបានបន្តដំណើរទស្សនកិច្ចដោយបានចុះពិនិត្យស្ថានភាពប្រតិបត្តិការដល់ទីតាំងសាខានានារបស់ ធនាគារខេប៊ីប្រាសាក់ រួមមានសាខាអង្គតាសោម សាខាតាកែវ ស្ថិតក្នុងខេត្តតាកែវ និងសាខាអ៊ីអនម៉លមានជ័យ នៅរាជធានីភ្នំពេញ។ ក្នុងអំឡុងពេលនោះដែរ លោកបានស្វែងយល់ពីវិធីសាស្ត្រក្នុងសេវាហិញ្ញវត្ថុជូនដល់អតិថិជន លទ្ធផល ការងារដែលសម្រេចបានតាមសាខានីមួយៗ ការបញ្ជ្រាបពីរបៀបគិតពីចំណូល ចំណាយ សន្សំ មុនពេលអតិថិជនសម្រេចចិត្តក្នុងការខ្ចីប្រាក់សម្រាប់ការពង្រីក និងប្រើប្រាស់ក្នុងមុខរបរ ឬ/និងគ្រួសារជាដើម។ ជារួម លោកបានផ្តល់ជាអនុសាសន៍ដោយសំណូមពរដល់ថ្នាក់គ្រប់គ្រង និងបុគ្គលិកធនាគារខេប៊ីប្រាសាក់ ខិតខំបន្តបន្ថែមទៀតក្នុងការយកចិត្តទុកដាក់ និងថែរក្សាអតិថិជន តាមរយៈ ការផ្តល់សេវាលឿនរហ័ស ត្រឹមត្រូវ គ្រប់គ្រាន់ ទាន់ពេល និងរក្សាឱ្យនូវគុណតម្លៃរបស់ធនាគារដោយចាត់ទុកអតិថិជនគឺជាអាទិភាពទីមួយ។
ក្រោយបញ្ចប់ទស្សនកិច្ច លោក Lee Hwan Ju ក៏បានឆ្លៀតឱកាសក្នុងការចូលទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដោយបានបង្ហាញចំណាប់អារម្មណ៍ និងលើកសរសើរពីការរៀបចំយ៉ាងល្អនៃសារមន្ទីរព្រះស្រីឦសានវរ្ម័ន និងដំណើរដ៏វែងឆ្ងាយនៃប្រវត្តិរូបិយវត្ថុនៅកម្ពុជា។