សិក្ខាសាលានេះជាវេទិកាដ៏សំខាន់ដើម្បីបង្ហាញពីសកម្មភាពជាក់ស្ដែងសម្រាប់គ្រឹះស្ថានឥណទានជនបទ ឆ្លុះបញ្ចាំងពីសមិទ្ធផលរួម កិច្ចការងារពង្រឹងសមត្ថភាពរបស់គ្រឹះស្ថាន ការអនុលោមភាព បញ្ហាប្រឈម និរន្តរភាព ព្រមទាំងការរៀបចំយុទ្ធសាស្តក្នុងការពង្រឹងស្ថាប័ន វិស័យ និងរួមចំណែកអភិវឌ្ឍខឿនសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ក្នុងនាមជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានឫសគល់យ៉ាងជ្រៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការគាំទ្រគំនិតផ្តួចផ្តើមទាំងឡាយដែលរួមចំណែកដល់ការរីកចម្រើនប្រកបដោយចីរភាពនៃវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់សេវាហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្នសម្រាប់សហគមន៍ជនបទ។ ការឧបត្ថម្ភរបស់ធនាគារ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការជំរុញហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ពង្រឹងសមត្ថភាពរបស់ដៃគូវិស័យ និងលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុ ដែលផ្តល់អត្ថប្រយោជន៍ដល់ទាំងស្ថាប័ន និងទាំងអតិថិជនទូទាំងប្រទេស។
តំណាងធនាគារ ខេប្រាសាក់ បានមានប្រសាសន៍ថា «ការគាំទ្រសិក្ខាសាលានេះស្របតាមបេសកកម្មរបស់យើងក្នុងការលើកកម្ពស់ការធ្វើប្រតិបត្តិការផ្ដល់សេវាហិរញ្ញវត្ថុដ៏រឹងមាំ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ យើងជឿជាក់ថា តាមរយៈការជ្រោមជ្រែងដល់គ្រឹះស្ថានឥណទានជនបទ យើងរួមចំណែកដល់ការកសាងភាពធន់ និងកំណើនប្រកបដោយបរិយាប័ន្នសម្រាប់សេដ្ឋកិច្ចកម្ពុជា»។