លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ប្រចាំកម្ពុជា បានលើកឡើងថា តំបន់ដែលរងការវាយប្រហារ និងការបំផ្លិចបំផ្លាញពីសំណាក់យោធាថៃ ជាពិសេសនៅក្បែរប្រាសាទបុរាណ មិនគួរត្រូវបានសាងសង់ថ្មី ឬជួសជុលលុបដានចាស់ចោលនោះឡើយ។ លោកយល់ថា អាជ្ញាធរគួររក្សាទុកទិដ្ឋភាពទាំងនោះឱ្យនៅដដែល ដើម្បីបង្ហាញពិភពលោកពីសកម្មភាពរំលោភបំពានរបស់ថៃ និងជាការដាស់ស្មារតីចងចាំដល់ប្រជាជាតិខ្មែរ។ លោកបន្ថែមថា ដើម្បីរក្សាតំបន់ទាំងនោះបានទាល់តែរដ្ឋាភិបាលរៀបចំ និងសាងសង់លំនៅឋាននៅទីតាំងថ្មីជូនពលរដ្ឋដែលរងផលប៉ះពាល់។
ទន្ទឹមនឹងនេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានព្រឹត្តិការណ៍សង្គម ក៏បានគាំទ្រចំពោះគំនិតនេះដែរ។ លោកបានបញ្ជាក់ថា នៅពេលស្ថានភាពព្រំដែនមានភាពធូរស្រាល អាជ្ញាធរគួរប្រមូលចងក្រងរាល់ឯកសារ រូបភាព និងវត្ថុតាងនានាពីសមរភូមិប្រយុទ្ធ ដើម្បីបង្កើតជាទិសដៅទេសចរណ៍ប្រវត្តិសាស្ត្រ។ អ្នកជំនាញរូបនេះជឿជាក់ថា ការធ្វើបែបនេះ នឹងក្លាយជាការកត់ត្រានូវរឿងរ៉ាវពិតដែលបានកើតឡើងក្នុងសមរភូមិទាំងពីរលើកចុងក្រោយនេះឱ្យនៅគង់វង្ស។
តាមទស្សនៈរបស់អ្នកជំនាញ ការចងក្រងរឿងរ៉ាវនៃការវាយប្រហាររបស់យោធាថៃ មកលើកម្ពុជា គឺជាកិច្ចការដ៏សំខាន់បំផុត ដើម្បីពង្រឹងស្មារតីស្នេហាជាតិ និងមនសិការកូនខ្មែរជំនាន់ក្រោយ មិនឱ្យបំភ្លេចនូវព្រឹត្តិការណ៍ដ៏រន្ធត់ និងការលះបង់របស់កងទ័ពក្នុងកិច្ចការពារបូរណភាពទឹកដី៕
អត្ថបទដោយ៖ ជា ម៉ារ៉ា