
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះមានពលករខ្មែរយ៉ាងច្រើនកុះករចាកចេញពីប្រទេសថៃ មកមាតុប្រទេសវិញ ជាពិសេសតាមច្រកអន្តរជាតិដូង ខណៈក្រុមមន្រ្តីរបស់ក្រសួងការងារបន្តប្រចាំការជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មកវិញ។ បើតាមអ្នកនាំពាក្យរូបនេះ ដើម្បីជួយសម្រួលដល់ពលរដ្ឋបន្ថែមទៀតរដ្ឋាភិបាលបានបញ្ចេញឡានក្រុងជួយដឹកជញ្ជូនពលរដ្ឋទៅកាន់ស្រុកកំណើតវិញ និងអំពាវនាវដល់ពលករខ្មែរ ដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសថៃ កុំឱ្យមានក្ដីបារម្ភខ្វះខាតការងារ ឬមិនមានការងារធ្វើ។
ពាក់ព័ន្ធបញ្ហានេះដែរ បើតាមការអះអាងរបស់លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋបាលខេត្តជាប់ព្រំដែន និងកម្លាំងនគរបាលបាននិងកំពុងបន្តមមាញឹកទទួល និងដឹកពលករវិលត្រឡប់ពីប្រទេសថៃ ទៅស្រុកកំណើត និងទៅកាន់តំបន់សុវត្ថិភាព ស្របពេលថៃ កំពុងបើកការឈ្លានពានវាយប្រហារមកលើកម្ពុជា។ អ្នកនាំពាក្យរូបនេះ បានបន្តថា សកម្មភាពក្រុមជ្រុលនិយមថៃ វាយធ្វើបាបទៅលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ដែលធ្វើការនៅប្រទេសថៃ មានប្រមាណ១០ករណី ដែលកត្តានេះក្រសួងមហាផ្ទៃ កំពុងសហការធ្វើការងារនេះ ជាមួយនគរបាលថៃ ដើម្បីបញ្ចៀសសកម្មភាពហិង្សាណាមួយលើពលរដ្ឋខ្មែរស្លូតត្រង់នៅប្រទេសថៃ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងពលករខ្មែរទាំងអស់ ដែលធ្វើការនៅប្រទេសថៃ វិលត្រឡប់មកប្រទេសកំណើតវិញចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលថៃ លួចវាយប្រហារ និងសម្លាប់កងទ័ពខ្មែរម្នាក់នៅក្នុងតំបន់មុំបី ព្រមទាំងបានពង្រីកស្ថានការណ៍រហូតមានការផ្ទុះអាវុធ៕
អត្ថបទ៖ ជា ម៉ារ៉ា