អត្ថបទពាណិជ្ជកម្ម

សហគ្រិនខ្មែរ, KOICA និងសាកលវិទ្យាល័យជាតិបាត់ដំបង បានប្រារព្ធពិធីអបអរ សាទរ និស្សិតកែច្នៃអាហារ ជាមួយនឹងរង្វាន់ជាសាច់ប្រាក់សរុប ៦០លានរៀល​ នៅក្នុងកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រ Startup Launchpad 2025


បាត់ដំបង, ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) បានរៀបចំកម្មវិធី Startup Launchpad Food Edition 2025 វគ្គបទបង្ហាញជាសាធារណៈ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)-គម្រោងភូមិសន្តិភាព។
សហគ្រិនខ្មែរ, KOICA និងសាកលវិទ្យាល័យជាតិបាត់ដំបង បានប្រារព្ធពិធីអបអរ សាទរ និស្សិតកែច្នៃអាហារ ជាមួយនឹងរង្វាន់ជាសាច់ប្រាក់សរុប ៦០លានរៀល​ នៅក្នុងកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រ Startup Launchpad 2025
ដោយ
អំពី Khmer Enterprise

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ, ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ រួមជាមួយនឹង ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងដៃគូកម្មវិធី និងលោកស្រី Moon Jung Choi នាយកទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA)ប្រចាំប្រទេសកម្ពុជា, សាស្ត្រាចារ្យ ម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងនិស្សិតថ្នាក់បរិញ្ញាបត្រចំនួន ៣៥០នាក់។

ដោយសាទរចំពោះគំនិតផ្តួចផ្តើមមួយនេះ នៅក្នុងសុន្ទរកថាគន្លឹះរបស់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរមានប្រសាសន៍ថា “ការអភិវឌ្ឍផលិតផល នវានុវត្តន៏ ចំណីអាហារមិនមែនគ្រាន់តែជាការបង្កើតផលិតផលថ្មីប៉ុណ្ណោះទេ វាគឺជាការផ្តល់ឳកាសសម្រាប់សហគ្រិនមហាវិទ្យាល័យ ការកសាងស្មារតីសហគ្រិនភាព និងការជំរុញវិស័យកែច្នៃចំណីអាហារ។ កម្មវិធីនេះជាជំហានដំបូង ក្នុងការចាប់ផ្តើមបង្កើតគំនិតច្នៃប្រឌិតម្ហូបអាហារទៅតាមមហាវិទ្យាល័យក្នុងប្រទេស’’។

ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានបន្ថែមថា“កម្មវិធី Startup Launchpad Food Edition 2025 ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យជាតិបាត់ដំបង និងគាំទ្រដោយ សហគ្រិនខ្មែរ និង ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA)-គម្រោងភូមិសន្តិភាព។ ការប្រកួតប្រជែងនេះ ត្រូវបានរៀបចំឡើងជាពិសេសដើម្បីជំរុញ ការច្នៃប្រឌិតផលិតផលម្ហូបអាហារ និងបណ្តុះភាពជាសហគ្រិនក្នុងចំណោម និស្សិតសាកលវិទ្យាល័យនិងសិប្បកម្មម្ហូបអាហារខ្នាតតូច។ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការច្នៃប្រឌិត និង ការជម្រុញយ៉ាងសំខាន់សម្រាប់សហគ្រិនជំនាន់ថ្មីនៅក្នុងវិស័យម្ហូបអាហារ។’’

លោកស្រី Moon Jung Choi នាយកទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “KOICA កំពុងអនុវត្តគម្រោងភូមិសន្តិភាពនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ ការអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្តរភាព ក្រោមភាពជាដៃគូជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។ ជាផ្នែកមួយនៃគំនិតផ្តួច ផ្តើមនេះ KOICAបានគាំទ្រ "Startup Launchpad: Food Edition 2025" ដោយសហការជាមួយ សាកលវិទ្យាល័យជាតិបាត់ដំបង និងសហគ្រាសខ្មែរ។ ការប្រកួតប្រជែងបានផ្តល់វេទិកាសម្រាប់ និស្សិត និងសហគ្រិន វ័យក្មេងក្នុងការអភិវឌ្ឍផលិតផលកសិកម្មប្រកបដោយភាពច្នៃប្រឌិត។ ការផ្តល់មូលនិធិចំនួន ២០លានរៀលដល់ក្រុម ជ័យលេភីទាំងបីក្រុមដោយទទួលស្គាល់សក្តានុពលរបស់ពួកគេក្នុងការបើកដំណើរការធុរកិច្ចថ្មី។ គំនិតផ្តួចផ្តើមនេះឆ្លុះ បញ្ចាំងពីគោលដៅកាន់តែទូលំទូលាយរបស់ KOICA ក្នុងការលើកកម្ពស់សន្តិសុខស្បៀង ការបង្កើនប្រាក់ចំណូលនៅ តាមជនបទ និងការពង្រឹងសហគមន៍តាមរយៈនវានុវត្តន៍។”

អំពីកម្មវិធី Startup Launchpad Food Edition Phase II

ក្រុមសរុបចំនួន១១ ក្រុមដែលមានអ្នកចូលរួមចំនួន ៤៧ នាក់ បានចូលរួមក្នុងការប្រកួតប្រជែងនេះ ជាផ្នែកមួយនៃ កម្មវិធីដែលមានគោលបំណងអភិវឌ្ឍន៍គំនិតអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតក្នុងការកែច្នៃម្ហូបអាហារ។ គោលដៅគឺ ដើម្បីលើកកម្ពស់ការច្នៃប្រឌិតក្នុងការកែច្នៃម្ហូបអាហារនិងគាំទ្រដល់សហគ្រិនភាពដោយការអភិវឌ្ឍគំនិតអាជីវកម្មប្រកបដោយនិរន្តរភាព មានសក្តានុពល និងត្រៀមរួចជាស្រេចដើម្បីនាំយកផលិតផលចូលក្នុងទីផ្សារ។ និស្សិតចូល វគ្គបណ្តុះបណ្តាលរយៈពេល ១៦ សប្តាហ៍ មុនការបណ្ដុះគំនិត ដែលផ្តោតលើសហគ្រិនភាព។ នៅពេលបញ្ចប់ ពួកគេត្រូវបានរំពឹងថានឹងបង្កើតគំរូផលិតផល និងចូលរួមក្នុងទស្សនកិច្ចសិក្សាផ្ទាល់ និងធ្វើការ ដាក់បង្ហាញស្នាដៃទាំង នោះនៅក្នុងការប្រកួតប្រជែងចុងក្រោយ។ កម្មវិធីនេះផ្តល់ឱ្យសិស្សនូវឱកាសដើម្បីបង្ហាញពីគំនិតម្ហូបអាហារថ្មី ដើរតួនាទី យ៉ាងសំខាន់ក្នុងការជំរុញការបង្កើតថ្មីនិងបង្កើនសក្តានុពលនៃចំនួនធុរកិច្ចថ្មីនៅក្នុងឧស្សាហកម្មកែច្នៃម្ហូបអាហារ។

ឧស្សាហកម្មកសិ-អាហារ គឺជាកត្តាជំរុញដ៏សំខាន់ក្នុងការអភិវឌ្ឍជាតិ រួមចំណែកដល់ការបង្កើតផលិតផល ប្រកបដោយ ភាពច្នៃប្រឌិត ដែលគាំទ្រដល់កំណើននៃសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីបំពេញតម្រូវការ ទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ ដោយហេតុនេះជំរុញឱ្យមានការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេស។ ការកើនឡើងនៃ តម្រូវការសម្រាប់ផលិតផលអាហារសម្រេច ដែលត្រូវបានជំរុញដោយការផ្លាស់ប្តូររបៀបរស់នៅ កំណើននៃចំនួនគ្រួសារ និងការពង្រីកឱកាសសម្រាប់អាជីវកម្មនៅក្នុងវិស័យកែច្នៃម្ហូបអាហារ។ ផលិតផលថ្មីចំនួន ១១ ដែលត្រូវបានបង្កើតឡើង ដោយគំនិតអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតដោយក្រុមដែលចូលរួមនៅក្នុងការប្រកួតប្រជែង។

ក្រុមទី ១ ឈ្មោះ ៖ Hygiene​ផលិតផល៖ Probiotics Gummies

ក្រុមទី ២ ឈ្មោះ ៖ MTE​​ផលិតផល៖ Green Chips

ក្រុមទី ៣ ឈ្មោះ ៖ P2H​​ផលិតផល៖ Healthy Tea

ក្រុមទី ៤ ឈ្មោះ ៖ Chouk Eak​ផលិតផល៖ Lotus Powder

ក្រុមទី ៥ ឈ្មោះ ៖ Cashew​ផលិតផល៖ Cashew Milk Drink

ក្រុមទី ៦ ឈ្មោះ ៖ HYFP​​ផលិតផល៖ Fish Powder Chip

ក្រុមទី ៧ ឈ្មោះ ៖ MoJar​ផលិតផល​៖ Mango Jam

ក្រុមទី ៨ ឈ្មោះ ៖ Angkea Bos​ផលិតផល៖ Cream Buff

ក្រុមទី ៩ ឈ្មោះ ៖ V-Healthy​ផលិតផល៖ Tofu Ball

ក្រុមទី ២ ឈ្មោះ ៖ Phalla​ផលិតផល៖ Jelly Fiber

ក្រុមទី ២ ឈ្មោះ ៖ Kombucha​ផលិតផល៖ Probiotic Drinks

ការប្រកួតផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះនៅសាកលវិទ្យាល័យជាតិបាត់ដំបង។ ជាចុងក្រោយ កម្មវិធីនឹងជ្រើសរើសក្រុមឈ្នះចំនួន ៣ក្រុម ដែលក្រុមនីមួយៗនឹងទទួលបានការគាំទ្រសម្រាប់ធុរកិច្ចថ្មីរបស់ពួកគេ រួមជាមួយនឹងថវិកាចំនួន ២០,០០០,០០០រៀល។

រង្វាន់ទាំង ៣ ត្រូវបានផ្ដល់ជូនទៅ (បំពេញនៅថ្ងៃប្រកួតចុងក្រោយ)

🏆 ជ័យលាភីលេខ១៖ ក្រុម ភីធូអេច– តែមើមយ៉េន

🥈 ជ័យលាភីលេខ២៖ ក្រុម កំប៊ូឆា –ភេសជ្ជៈ probiotic

🥉 ជ័យលាភីលេខ៣៖ ក្រុម ហៃយ័តម្សៅត្រីល្អិត– នំបន្លែម្សៅត្រីល្អិត

កម្មវិធីនេះធ្វើឡើងតាមរយៈការគាំទ្រ និងការសហការដ៏សប្បុរសរបស់សហគ្រិនខ្មែរ និង ភ្នាក់ងារ​សហប្រតិបត្តិ​ការ ​អន្តរជាតិ​កូរ៉េ (KOICA)-គម្រោងភូមិសន្តិភាព។ ការប្តេជ្ញាចិត្តរបស់ដៃគូគម្រោងក្នុងការជំរុញ នវានុវត្តន៍ ការអប់រំផ្នែកសហគ្រិនភាព និង ការអភិវឌ្ឍប្រកបដោយចីរភាពបន្តពង្រឹងសម្ថតភាពសហគ្រិនជំនាន់ក្រោយនៅកម្ពុជា។

អំពីសហគ្រិនខ្មែរ

សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តកម្មវិធីគាំទ្រនានា និងធ្វើការដោយផ្ទាល់ ជាមួយដៃគូ និងអ្នកទួលផល។ សហគ្រិនខ្មែរមានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធានពីប្រភពស្រប ច្បាប់ទាំងឡាយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឱ្យមានភាពរស់រវើក និងផ្តល់ ការគាំទ្រផ្នែក ហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដល់អ្នកកសាងពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អ្នកទាំងអស់នោះរួមមាន សហគ្រិន ធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៍ សហគ្រាសធុនតូចនិងមធ្យមដែលពោរពេញដោយសក្តានុពល និងស្ថាប័នដៃគូនានា ដែលចូលរួមលើកកម្ពស់សកម្មភាពសហគ្រិនភាពផ្សេងៗ ដើម្បីសំដៅជំរុញនវានុវត្តន៏ និងការ បង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ

https://khmerenterprise.info/sector

បណ្ដាញសង្គម៖ Facebook | Website

អំពី KOICA–គម្រោងភូមិសន្តិភាព

គម្រោងភូមិសន្តិភាព—ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) គឺជាការរួមបញ្ចូលគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជនបទ រយៈពេល ប្រាំឆ្នាំដែលកំពុងត្រូវបានអនុវត្តនៅក្នុងខេត្ត ភាគពាយព្យនៃប្រទេសកម្ពុជា រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។ ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ គម្រោងនេះមានគោលបំណងបង្កើតសហគមន៍ជនបទប្រកបដោយនិរន្តរភាព តាមរយៈ ការលើកកម្ពស់ជីវភាព និងសមត្ថភាពរបស់អ្នកភូមិ ពង្រឹងអភិបាលកិច្ច និងបង្កើនប្រាក់ចំណូលផ្នែកកសិកម្ម ប្រកបដោយចីរភាព។

បណ្ដាញសង្គម៖ KOICA Cambodia Office | Home - Ministry of Rural Development

អំពីសាកលវិទ្យាល័យជាតិបាត់ដំបង

សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) គឺជាសាកលវិទ្យាល័យសាធារណៈដ៏ធំបំផុតរបស់កម្ពុជានៅភាគពាយព្យ នៃប្រទេស, ដើម្បីអាចទទួលបានសេវាអប់រំឧត្តមសិក្សា ដើម្បីអភិវឌ្ឍអាជីពរៀងៗខ្លួន ក៏ដូចជាសហគមន៍មូលដ្ឋាន និងដូចជាកាត់បន្ថយគម្លាតចំណេះដឹងរវាងជនបទ និងទីក្រុងផងដែរ។ NUBB មានមហាវិទ្យាល័យ និងវិទ្យាស្ថានចំនួន ៥ រួមមាន៖ (១) មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ (២) មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ (៣) មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ (៤) មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំ (៥) វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និង (៦) វិទ្យាស្ថានភាសាបរទេស។

បរិញ្ញាបត្រវិទ្យាសាស្រ្ត–កម្មវិធីកែច្នៃអាហារត្រូវបានធ្វើទំនើបកម្មដើម្បីបំពេញតម្រូវការទីផ្សារ និងស្របតាមស្តង់ដារគុណភាពអប់រំសកល។ បរិញ្ញាបត្រវិទ្យាសាស្រ្ត–ការកែច្នៃអាហារកំពុងអនុវត្តការអប់រំផ្អែកលើលទ្ធផល (OBE) និងស្តង់ដារ AUN-QA ក្នុងឆ្នាំ 2025។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទីតាំង (សាកលវិទ្យាល័យជាតិបាត់ដំបង)

បណ្ដាញសង្គម៖ Facebook | Website




អត្ថបទបន្ទាប់


នាវាដឹកប្រេង របស់ក្រុមហ៊ុន PTT OR ចំណុះ ៤,៨លានលីត្រ ជាប់គាំងនៅកណ្ដាលសមុទ្រ ក្រោយកម្ពុជា បិទការនាំចូលប្រេងពីប្រទេសថៃ

នាវាដឹកប្រេងចំណុះ ៤លាន៨សែនលីត្រ របស់ក្រុមហ៊ុន PTT OR ត្រូវបានកងទាហានជើងទឹករបស់ថៃ ប្រទះឃើញ ក្រោយពីនាវាដឹកប្រេងនេះ បានជាប់គាំងក្នុងសមុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ