តំណាងប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងកាលពីឆ្នាំ២០១៨ នៅតុលាការថៃ ប្រឆាំងនឹងក្រុមហ៊ុនថៃ មីតផុន (Mitr Phol) ដែលជាអ្នកផ្គត់ផ្គង់ស្ករធំជាងគេបំផុតនៅទូទាំងអាស៊ី។ នេះបើយោងតាមអង្គការសិទ្ធិមនុស្ស ឈ្មោះ Inclusive Development International (IDI) ដែលមានទីតាំងនៅសហរដ្ឋអាមេរិក។
យោងតាមអង្គការសិទ្ធិមនុស្សដដែល ពាក្យបណ្តឹងនោះជាតំណាងឲ្យប្រជាពលរដ្ឋប្រមាណជា ៣ពាន់នាក់ ហើយជាពាក្យបណ្តឹងដំបូងគេ ប្រឆាំងក្រុមហ៊ុនថៃចំពោះទង្វើរបស់ខ្លួននៅក្រៅប្រទេស ដោយចោទប្រកាន់ថា បានបង្ខំប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ឲ្យចេញពីដីពួកគាត់នៅចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ២០០៩ ដើម្បីយកដីធ្វើចម្ការអំពៅ។
នាយកប្រតិបត្តិអង្គការ IDI លោក ដេវីដ ប្រេដ បាននិយាយថា តុលាការថៃបានសម្រេចឲ្យប្រជាពលរដ្ឋកម្ពុជាចាញ់ក្តី ហើយថា ពួកគាត់នឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចនោះ។
លោក ដេវីដ ប្រេដ បាននិយាយដូច្នេះថា ៖ «តុលាការបានបដិសេធសំណើរបស់ដើមបណ្តឹងដើម្បីឲ្យដំណើរការពាក្យបណ្តឹងស៊ីវិលនេះ ដោយមិនបានផ្តល់ការអះអាងផ្លូវច្បាប់ណាមួយ ដែលខ្លួននិយាយថា វានឹងពិបាកពេកព្រោះជាករណីឆ្លងដែន។»
លោក ដេវីដ ប្រេដ បានបន្តដូច្នេះថា ៖ «តុលាការក្រុងបាងកក បានធ្វើសេចក្តីសម្រេចនេះ ខុសទាំងស្រុង។ ក៏ប៉ុន្តែ សេចក្តីសម្រេចចិត្តនេះ នឹងត្រូវប្តឹងឧទ្ធរណ៍បន្ត ហើយយើងនឹងមិនបោះបង់ទេ រហូតទាល់តែ មីតផុន មានការទទួលខុសត្រូវ បើទោះបីជាមានន័យថា ត្រូវធ្វើបណ្តឹងស៊ីវិលចំនួន៧០០ ក៏ដោយ។»
ក្រុមហ៊ុន មីតផុន កន្លងមក ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនបានវិនិយោគនៅកម្ពុជាក្នុងន័យស្មោះត្រង់ ហើយបានអះអាងថា ខ្លួនទទួលបានដីសម្បទានស្របតាមច្បាប់ ដោយមានការធានាពីអាជ្ញាធរថា សម្បទានទាំងនោះបានមកដោយស្របច្បាប់និងប្រកបដោយតម្លាភាព។
ក្រុមហ៊ុន មីតផុន ក៏ធ្លាប់បាននិយាយផងដែរថា នៅពេលដែលខ្លួនបានចាកចេញពីកម្ពុជានៅឆ្នាំ២០១៤ ដោយសារកត្តាផ្សេងៗនោះ ខ្លួនក៏បានផ្តល់អនុសាសន៍ដល់អាជ្ញាធរថា ដីទាំងនោះគួរប្រគល់ត្រឡប់ជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់វិញ។
ក្រុមហ៊ុន មីតផុន ជាក្រុមហ៊ុនផលិតស្ករធំជាងគេបំផុតទី៥ នៅលើពិភពលោក ហើយដែលមានការផ្គត់ផ្គង់ធំលំដាប់ទី២ នៅទីផ្សារចិនផងដែរ។ ចំណូលរបស់ មីតផុន ក្នុងឆ្នាំ២០១៨ ត្រូវបានគេរំពឹងថា នឹងមានចំនួន ៩០ពាន់លានលានបាត៕