អត្ថបទពាណិជ្ជកម្ម

វគ្គបណ្ដុះបណ្ដាលស្ដីពី KPI “KPI Professional”


ក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នក្រោមឱវាទ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំពិធីបើក និងបិទវគ្គបណ្ដុះបណ្ដាលស្ដីអំពី ជំនាញ KIP ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបពីក្រសួងសេដ្ឋកិច្ចក្នុងគោលបំណងបង្កើនការយល់ដឹង និងអភិវឌ្ឍសមត្ថភាពមន្ត្រីរបស់អង្គភាពអនុវត្តគម្រោងនៅតាមក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និងរដ្ឋបាលរាជធានី-ខេត្ត។
វគ្គបណ្ដុះបណ្ដាលស្ដីពី KPI “KPI Professional”
ដោយ

កម្មវធីនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការ-គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបើក​និងបិទវគ្គបណ្ដុះបណ្ដាលស្ដីពីជំនាញ "KPI Professional"។

វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានសហការរៀបចំឡើងដោយ អ.គ.ហ. និងវិទ្យាស្ថាន KPI Institute ដែលជាស្ថាប័នឈានមុខនិងមានបទពិសោធន៍បណ្ដុះបណ្ដាលជាង ២០ឆ្នាំ លើជំនាញការគ្រប់គ្រង​សមិទ្ធកម្ម, ការកំណត់សូចនាករសមិទ្ធកម្មគន្លឹះ និងជំនាញផ្សេងៗពាក់ព័ន្ធដ៏ទៃទៀត ជូនបណ្ដាប្រទេសដៃគូនានាផងដែរ។ វគ្គបណ្ដាលនេះ ត្រូវបានបែងចែកជា ២ វគ្គ និងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ក្នុងមួយវគ្គ។ ពោល វគ្គទី១ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ រៀបចំឡើងសម្រាប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥, រីឯវគ្គទី២ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ រៀបចំឡើងសម្រាប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តទាំង២៥ ដែលមានសិក្ខាកាមសរុបប្រមាណ ១៣០ នាក់។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងអភិវឌ្ឍសមត្ថភាពមន្ត្រីរបស់អង្គភាពអនុវត្តគម្រោងនៅតាមក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និងរដ្ឋបាលរាជធានី-ខេត្ត តាមរយៈការបង្កើនចំណេះជំនាញលើប្រធានបទគន្លឹះនានា អំពីបច្ចេកទេសនៃការរៀបចំ និងការកំណត់សូចនាករសមិទ្ធកម្មគន្លឹះ (KPIs) សម្រាប់ជាពុទ្ធិក្នុងការរួមចំណែកកែលម្អគុណភាពនៃការរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ ផែនការសកម្មភាព សូចនាករសមិទ្ធកម្មគន្លឹះ នៅអង្គភាពសាមី។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានចូលក្នុងដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ដែលជាដំណាក់កាលចុងក្រោយ ហើយភាពជោគជ័យនៃដំណាក់កាលនេះតម្រូវឱ្យគ្រប់អង្គភាព មានឯករាជ្យភាព ភាពជាម្ចាស់ និងមានសមត្ថភាពពេញលេញ ក្នុងការរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ និងផែនការសកម្មភាព ដែលមានសូចនាករសមិទ្ធកម្មគន្លឹះច្បាស់លាស់ ដើម្បីត្រៀមខ្លួនក្នុងការអនុវត្តក្របខ័ណ្ឌស្ដីពីការគ្រប់គ្រងសមិទ្ធកម្មបច្ចុប្បន្នកម្ម ដែលទើបត្រូវបានដាក់ឱ្យអនុវត្តដោយរាជរដ្ឋាភិបាល តាមរយៈសារាចរលេខ ១៤ សរ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ស្ដីពីការគ្រប់គ្រងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ផ្អែកលើលទ្ធផលនៃការបណ្ដុះបណ្ដាលខាងលើ ជាពិសេសដោយមើលឃើញពីអត្ថប្រយោជន៍ និងភាពចាំបាច់​ក្នុងការអភិវឌ្ឍន៍សមត្ថភាព និងបង្កើនចំណេះដឹងបន្ថែមជូនដល់ក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានី-ខេត្ត សំដៅលើកកំពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការរៀបចំ ការអនុវត្ត និងត្រួតពិនិត្យការវាយតម្លៃសមិទ្ធកម្ម, អ.គ.ហ. នឹងបន្តគាំទ្រ ក្នុងការរៀបចំវគ្គបណ្ដុះ-បណ្ដាលសម្រាប់គ្រូបង្គោល KPI (Training of Trainer – TOT) តាមរយៈការសម្រិតសម្រាំងសិក្ខាកាមឆ្នើមៗ ដើម្បីបង្កើតជាក្រុមគ្រូបង្គោល សម្រាប់ទទួលការបណ្ដុះបណ្ដាលបន្ថែមទៀត ក្នុងគោលដៅចែករំលែកចំណេះដឹង និងបទពិសោធន៍បន្តទៅកាន់អង្គភាព ឬ ស្ថាប័នដ៏ទៃទៀត ដែលមានតម្រូវការបណ្ដុះបណ្ដាលលើជំនាញ KPI នេះនាពេលខាងមុខ សំដៅកែលម្អគុណភាពនៃការរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ ផែនការសកម្មភាព សូចនាករសមិទ្ធកម្មគន្លឹះ ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។




អត្ថបទបន្ទាប់


ក្រុមមេដឹកនាំអង្គការណាតូ ប្ដេជ្ញាបង្កើនចំណាយលើវិស័យការពារជាតិ តាមការស្នើសុំរបស់លោក ត្រាំ

ក្រោយចប់កិច្ចប្រជុំកំពូលនៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្រុមមេដឹកនាំអង្គការណាតូ បានចេញសេចក្ដីថ្លែងការណ៍រួម ដោយគាំទ្រការបង្កើនការចំណាយដ៏ច្រើនល…

ក្រុមហ៊ុន Daikin Airconditioning (Cambodia) បានសហការរៀបចំសិក្ខាសាលាស្តីពី "និរន្តរភាពនៃសំណង់ តាមរយៈការលើកកម្ពស់ការងារពិសោធន៍សំណង់ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ប្រកបដោយប្រសិទ្ធភាព"

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអញ្ជើញចូលរួម ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ