
កញ្ចប់ហិរញ្ញប្បទាននេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់រៀបចំហិរញ្ញប្បទានឡើងវិញ ទៅលើការទិញយកទ្រព្យសកម្មបញ្ជូនតង់ស្យុងខ្ពស់របស់ CTLII។ ការរៀបចំហិរញ្ញប្បទានឡើងវិញនេះ ត្រូវបានធ្វើឡើងស្របទៅតាមការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Leader Energy ដើម្បីឆ្ពោះទៅរកហេដ្ឋារចនាសម្ព័ន្ធថាមពលប្រកបដោយចីរភាព រួមចំណែកគាំទ្រដល់ក្រុមហ៊ុនក្នុងការពង្រឹងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងគាំទ្រការរីកចម្រើនបន្ថែមទៀតនាពេលអនាគត។
ក្រុមហ៊ុនCTLII គឺជាម្ចាស់ និងប្រតិបត្តិការ លើខ្សែបញ្ជូនថាមពលតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ដែលលាតសន្ធឹងប្រវែងប្រហែល ១២៥គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ។ ខ្សែបញ្ជូននេះគឺជាសរសៃឈាមដ៏សំខាន់មួយ នៅក្នុងបណ្តាញអគ្គិសនីរបស់ប្រទេសកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពលើបណ្តាញបញ្ជូនអគ្គិសនី និងធានាការផ្គត់ផ្គង់អគ្គិសនីប្រកបដោយប្រសិទ្ធិភាព ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស និងឈានដល់ការសម្រេចគោលដៅនៃការទទួលបានថាមពលប្រើប្រាស់គ្រប់គ្រាន់របស់ប្រជាជនកម្ពុជា។
គម្រោងនេះ បានជួយពង្រឹងបណ្ដាញបញ្ជូនថាមពលជាតិឲ្យកាន់តែរឹងមាំ ដើម្បីបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើង ព្រមទាំងចូលរួមគាំទ្រដល់ការធ្វើសមាហរណកម្មប្រភពថាមពលកកើតឡើងវិញ។ គម្រោងនេះក៏បានបង្ហាញពីលទ្ធភាពនៃការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្មក្រៅប្រទេសមកកាន់ វិស័យថាមពលនៅប្រទេសកម្ពុជា ដោយជួយពង្រឹងភាពធន់នៃវិស័យនេះក្នុងរយៈពេលវែង និងការផ្តល់ទំនុកចិត្តដល់វិស័យឯកជនផងដែរ។

លោក Dato’ Sean H’ng, អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Leader Energy បានមានប្រសាសន៍ថា៖ «ហិរញ្ញប្បទានបៃតងនេះឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើងក្នុងការជួយជំរុញការផ្លាស់ប្តូរថាមពលនៅកម្ពុជា និងទូទាំងតំបន់។ ការពង្រឹងសមត្ថភាពក្នុងការបញ្ជូនថាមពលរបស់យើង មិនត្រឹមតែធានាសុវត្ថិភាពថាមពលប៉ុណ្ណោះទេ ថែមទាំងគាំទ្រដល់គោលដៅថ្នាក់ជាតិឆ្ពោះទៅរកការកាត់បន្ថយកាបូននាពេលអនាគតផងដែរ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្តពីសំណាក់ធនាគារជា ដៃគូដែលបានចូលរួមជាមួយគ្នាក្នុងការបន្តផ្គត់ផ្គង់ដំណោះស្រាយថាមពល ដែលជួយលើកកម្ពស់សុខុមាលភាពសង្គម និងការពារបរិស្ថាន។
លោក Dato’ John Chong នាយកប្រតិបត្តិផ្នែកធនាគារសកល នៃសម្ព័ន្ធធនាគារ មេយប៊ែង បានមានប្រសាសន៍ថា៖ «ក្នុងនាមជាធនាគារឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន ដែលមានវត្តមានក្នុងទីផ្សារទាំង ១០ ក្នុងតំបន់និងជាស្ថាប័នដឹកនាំប្រកបដោយចីរភាព យើងខ្ញុំមានកិត្តិយសដែលបានសហការក្នុងភាពជាដៃគូដ៏ល្អជាមួយក្រុមហ៊ុន Leader Energy។ កិច្ចសហការរបស់យើង គឺឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងប្រកបដោយចីរភាពនៅកម្ពុជា ដើម្បីទាក់ទាញការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ច។ ការផ្តល់ហិរញ្ញប្បទានបៃតងនេះ ក៏ស្របទៅនឹងគំនិតផ្តួចផ្តើមរបស់យើង ក្នុងការគាំទ្រក្រុមហ៊ុនខ្នាតមធ្យមឱ្យក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងតំបន់ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យយុទ្ធសាស្ត្រនានា»។ ចាប់ពីឆ្នាំ២០២១ ដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ សម្ព័ន្ធធនាគារ មេយប៊ែង បានផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាពប្រមាណ ១៤០ ពាន់លានរីងហ្គីត នៅទូទាំងអាស៊ាន ដែលលើសពីផែនការ ៨០ ពាន់លានរីងហ្គីត របស់យើងដែលបានកំណត់ត្រឹមឆ្នាំ ២០២៥។
ក្រុមហ៊ុន Leader Energy នៅតែបន្តប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ផែនការវិនិយោគរបស់ខ្លួន នៅក្នុងវិស័យផលិតថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនតង់ស្យុងខ្ពស់ ដោយអនុលោមតាមចក្ខុវិស័យរបស់ខ្លួនក្នុងការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ សម្រាប់ថ្ងៃស្អែក និងអនាគត និងជួយលើកកម្ពស់ជីវភាពរស់នៅ និងសេដ្ឋកិច្ច។