 
      អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមបានវាយតម្លៃថា ការរំលោភចិញ្ចើមផ្លូវដែលកើតមានឡើងនៅតាមបណ្តាខណ្ឌមួយចំនួនទំនងជាអាចដោយសារតែមានការបើកដៃពីអាជ្ញាធរមូលដ្ឋានជាថ្នូរនឹងការទទួលបានភាស៊ីមួយចំនួន ដោយមិនខ្វល់ពីផលប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋ និងសោភណភាពតាមដងផ្លូវក្នុងទីក្រុង។
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងអ្នកតាមដានហេតុការណ៍សង្គមបានបង្ហាញការគាំទ្រចំពោះការចុះអនុវត្តការងាររបស់លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍ជ័យ ក្នុងការរុះរើ និងរំដោះចិញ្ចើមផ្លូវដែលត្រូវបានរំលោភដោយពលរដ្ឋ និងអាជីករមួយចំនួន។ ជាការសង្កេតរបស់អ្នកជំនាញរូបនេះ ការសន្យារបស់អភិបាលរាជធានីភ្នំពេញពេលចូលកាន់តំណែងដំបូង ដែលថា នឹងរំដោះចិញ្ចើមផ្លូវ ហើយលុបបំបាត់ទីតាំងហាងបញ្ចាំខុសច្បាប់នៅមិនទាន់មានប្រសិទ្ធិភាពនៅឡើយទេ ដូច្នេះសកម្មភាពរបស់អភិបាលរងខណ្ឌពោធិ៍សែនជ័យជារឿងត្រឹមត្រូវ។ អ្នកជំនាញរូបនេះ ជំរុញដល់អភិបាលតាមខណ្ឌផ្សេងទៀតក្នុងទីក្រុងភ្នំពេញ គួរតែអនុវត្តការងារតាមអភិបាលរងខណ្ឌពោធិ៍សែនជ័យ ដោយនាំគ្នារំដោះតាមចិញ្ចើមផ្លូវ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ លុបបំបាត់បញ្ហាថប់អារម្មណ៍របស់ពលរដ្ឋ រៀបចំសណ្ដាប់ធ្នាប់ឱ្យបានរៀបរាយ និងជារូបភាពមួយទាក់ទាញភ្ញៀវទេសចរណ៍បរទេសឱ្យមកកម្សាន្តនៅកម្ពុជាបានច្រើនបន្ថែមទៀត។
ជាមួយគ្នានេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានលើកឡើងថា ជុំវិញការរៀបចំឱ្យមានផ្លូវថ្មើជើងជារឿងដែលចាំបាច់ ពីព្រោះវាបានជំរុញឱ្យពលរដ្ឋមានចំណង់ធ្វើដំណើរដោយថ្មើជើង ជៀសវាងការបំណុលបរិស្ថានចេញពីយានយន្ត ក៏ដូចជាសោភណភាពដ៏ល្អមួយនៅក្នុងទីក្រុង។ អ្នកជំនាញរូបនេះសង្កេតឃើញថា ការអនុវត្តនៅតាមខណ្ឌនីមួយៗត្រូវធ្វើឡើងដោយថ្លឹងថ្លែងឱ្យត្រឹមត្រូវជៀសវាងប៉ះពាល់ដល់ប្រាក់ចំណូលរបស់ពលរដ្ឋ ដោយជំនួសទីតាំងថ្មីសម្រាប់ពលដ្ឋអ្នកលក់ដូរ។ ជាក់ស្ដែងប្រសិនអាជ្ញាធរនៅគ្រប់ខណ្ឌទាំងអស់អាចរំដោះចិញ្ចើមផ្លូវបានទាំងស្រុងក្នុងទីក្រុងភ្នំពេញ ហាក់បីដូចជាបានបង្កើតទីក្រុងមួយថ្មីបន្ថែមទៀត។
ដោយឡែក លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមយល់ឃើញថា ការរំលោភចិញ្ចើមផ្លូវហាក់បានកើតមានឡើងភាគច្រើនចំពោះអ្នកដែលមានមុខរបរលក់ដូរ និងអ្នកដែលបានយកទីតាំងតាមចិញ្ចើមផ្លូវមកធ្វើជាកន្លែងចតឡានជាដើម។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា អាជ្ញាធរគួរចាត់វិធានការចំពោះអ្នក ដែលអនុញ្ញាតឱ្យមានសកម្មភាពរំលោភចិញ្ចើមផ្លូវ ហើយជៀសវាងអនុវត្តលើពលរដ្ឋដែលមិនសូវយល់ដឹង ក៏ដូចជាលុបបំបាត់រូបភាពរំលោភចិញ្ចើមផ្លូវនេះឱ្យបាត់ទាំងស្រុងតែម្ដង។
គួរបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីពេលថ្មីៗបានកោតសរសើរ និងផ្ដល់ប័ណ្ណសរសេរជុំវិញការអនុវត្តការងាររបស់លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលបានដឹកនាំកងកម្លាំងកាយប្រឡាយ ស្ដារលូរំដោះទឹក កាយសំរាម និងរំដោះចិញ្ចើមផ្លូវសាធារណៈជាដើម។ ថ្នាក់ដឹកនាំរូបនេះជឿជាក់ថា ប្រសិនបើនៅតាមបណ្តាខណ្ឌផ្សេងៗអនុវត្តបានដូចលោក ប៉ាង លីដា នោះរាជធានីភ្នំពេញអាចនឹងលែងសូវលិចទឹកពេលមានភ្លៀងម្តងៗ៕
អត្ថបទដោយ៖ ជា ម៉ារ៉ា
 
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              