ទន្ទឹមនេះ អ្នកជំនាញប្រវត្តិសាស្រ្តបានចាត់ទុកការលើកឡើងរបស់ភាគីថៃនេះ គឺផ្ទុយពីការពិតនៃស្មារតី នៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន និងបានទទួលស្គាល់ជាអន្តរជាតិ និងបានចោទជាសំណួរថា ប្រសិនជាប្រាសាទនេះជាវិមានបុរាណរបស់ថៃ តាំងពីយូរលង់មក ហេតុអ្វីបានស្ថិតក្នុងដែនដីកម្ពុជា ទៅវិញ?
លោកបណ្ឌិត តឹក ម៉េង សាស្រ្តាចារ្យ និងជាអ្នកស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត បានចាត់ទុកការលើកឡើងរបស់ភាគីថៃ ដែលថា ប្រាសាទតាមាន់ធំ ស្ថិតក្នុងអំណាចអធិបតេយ្យរបស់ខ្លួននោះ គឺផ្ទុយពីការពិតជាក់ស្តែង និងបានចោទជាសំណួរថា ប្រសិនបើប្រាសាទនេះបានចុះបញ្ជីជាវិមានបុរាណថៃ តាំងពី១៨ឆ្នាំមុនប្រទេសកម្ពុជា ទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ដូចថៃ អះអាងមែននោះ ហេតុអ្វីថៃ មិនអាចទាញផលប្រយោជន៍ពីប្រាសាទបុរាណនេះសម្រាប់បម្រើដល់វិស័យទេសចរណ៍ខ្លួននាពេលកន្លងមក? សម្រាប់អ្នកជំនាញរូបនេះ ប្រសិនបើថៃ ពិតជាចង់ស្វែងរកការពិត នៃដែនអធិបតេយ្យរបស់ប្រាសាទនេះមែននោះ គឺគ្រាន់តែផ្អែកលើមូលដ្ឋាន នៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលមានការទទួលស្គាល់ពីអន្តរជាតិនោះ គឺនឹងដឹងច្បាស់ហើយថា ប្រាសាទនេះស្ថិតនៅក្នុងបូរណភាពទឹកដីរបស់ប្រទេសណា។
ពាក់ព័ន្ធបញ្ហានេះដែរ លោក សុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា ផ្អែកលើមូលដ្ឋាននៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ព្រមទាំងផែនទីមាត្រដ្ឋាន១/២០០.០០០ ក្រុមប្រាសាទតាមាន់ គឺស្ថិតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជា ទាំងស្រុង។ លើសពីនេះ ក្រុមប្រាសាទតាមាន់ ជាទីតាំងបុរាណដ្ឋាន ស្ថិតក្នុងខេត្តឧត្តរមានជ័យ ហើយត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌជាតិនៃកម្ពុជា រួចហើយផងដែរ។ ដូច្នេះការលើកឡើងរបស់ភាគីថៃ ដែលថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណថៃ ដោយយោងតាមការប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់ និងផ្ទុយទៅនឹងខ្លឹមសារច្បាប់ដែលទទួលស្គាល់ដោយអន្តរជាតិ៕