វិស័យចិញ្ចឹមសត្វ

ហេតុអ្វីបានជាតម្លៃជ្រូករស់ និងសាច់ជ្រូកក្នុងស្រុកបន្តរក្សាបានស្ថិរភាពទីផ្សារល្អនៅមួយរយៈពេលចុងក្រោយនេះ?


តម្លៃជ្រូករស់ និងសាច់ជ្រូកនៅលើទីផ្សារបច្ចុប្បន្ន កំពុងរក្សាបានស្ថិរភាពល្អប្រសើរ បន្ទាប់ពីឆ្លងកាត់ដំណាក់កាលប្រឈម ដែលកសិករមិនអាចលក់ចេញបានក្នុងតម្លៃសមរម្យកាលពីពេលកន្លងទៅ។ បើតាមការបញ្ជាក់របស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មូលហេតុចម្បង ដែលធ្វើឱ្យទីផ្សារសាច់ជ្រូកមានភាពវិជ្ជមាន គឺដោយសារការកាត់បន្ថយការចិញ្ចឹមពីសំណាក់កសិករមួយចំនួន ខណៈតំណាងក្រុមហ៊ុនចិញ្ចឹមសត្វខ្នាតធំយល់ឃើញថា ការឡើងចុះនៃតម្លៃជ្រូក វាក៏អាស្រ័យទៅលើតម្រូវការតាមរដូវកាលនៃបុណ្យទាន និងអាពាហ៍ពិពាហ៍ផងដែរ។
វិស័យចិញ្ចឹមសត្វ
ដោយ

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹញសត្វកម្ពុជា បានអះអាងថា តម្លៃជ្រូករស់ និងសាច់ជ្រូកនៅលើទីផ្សារបច្ចុប្បន្ននៅតែរក្សាបានភាពល្អប្រសើរ ដោយជ្រូករស់អាចលក់បានក្នុងតម្លៃចន្លោះពី១១,០០០រៀលទៅ១២,០០០រៀលក្នុងមួយគីឡូក្រាម ខណៈតម្លៃសាច់ជ្រូកត្រូវបានលក់ចេញក្នុងរង្វង់២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ កត្តា ដែលធ្វើឱ្យតម្លៃជ្រូករស់ និងសាច់ជ្រូករក្សាបានភាពល្អប្រសើរ គឺដោយសារការបោះបង់ការចិញ្ចឹមរបស់ពលរដ្ឋមួយចំនួន គួបផ្សំការចិញ្ចឹមជ្រូកបានប្រឈមនឹងកើតមានជំងឺរាតត្បាតផ្សេងៗ។

ជាមួយគ្នានេះ លោក លី ឡាវីល អ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមជ្រូករបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានអះអាងថា ជាទូទៅតម្លៃជ្រូកតែងមានការប្រែប្រួលទៅតាមរដូវកាល។ លោកសង្កេតឃើញថា តម្លៃជ្រូកហាក់មានសម្ទុះកើនឡើងនៅរដូវប្រាំង ដែលជារដូវសម្បូរកម្មវិធីអាពាហ៍ពិពាហ៍ និងបុណ្យទានផ្សេងៗ ដែលធ្វើឱ្យតម្រូវការសាច់ជ្រូកហក់ឡើងខ្ពស់។ លោកបានបញ្ជាក់បន្ថែមថា ការឡើងចុះ នៃតម្លៃទីផ្សារ មិនមែនជាការកំណត់ដោយក្រុមហ៊ុនចិញ្ចឹមជ្រូកធំៗនោះទេ ប៉ុន្តែក្រុមហ៊ុនធំៗមានប្រៀបជាងត្រង់ការប្រើប្រាស់បច្ចេកទេសចិញ្ចឹមតាមស្ដង់ដាទំនើប ដែលជួយកាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រសិទ្ធភាព នៃការប្រមូលផលបានរហ័ស។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានតម្រូវការជ្រូករស់ប្រមាណ១ម៉ឺនក្បាលក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក ហើយចំនួននេះនឹងកើនឡើងថែមទៀតនៅរដូវកាលបុណ្យទានធំៗ។ បច្ចុប្បន្ន ការចិញ្ចឹមជ្រូកនៅកម្ពុជា មិនត្រឹមតែអាចធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសថែមទៀតផង៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើសង្គ្រាមនៅមជ្ឈិមបូព៌ានឹងក្លាយជាសម្ពាធថ្មីសម្រាប់វិស័យអចលនទ្រព្យកម្ពុជា ឬយ៉ាងណា?

វិស័យអចលនទ្រព្យកម្ពុជា ដែលធ្លាប់រំពឹងថា នឹងមានសម្ទុះងើបឡើងវិញនៅឆ្នាំនេះ ក្រោយឈរជើងក្នុងសភាពទ្រឹងអស់ជាច្រើនឆ្នាំ ហាក់កំពុងបន្តស្ថិតក្នុងភាព…

មេដឹកនាំកាណាដា ជំរុញឱ្យមានសម្ពន្ធភាពមហាអំណាចកណ្តាល ដើម្បីស្ដារសណ្ដាប់ធ្នាប់ពិភពលោកដែលកំពុងរង្គោះរង្គើ

ស្របពេលដែលសណ្ដាប់ធ្នាប់ពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា មេដឹកនាំ នៃប្រទេសមហាអំណាចថ្នាក់កណ្ដាលដូចជា កាណាដា និងអូស្ត្រាលី បានចាប់ផ្ដើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ