វិស័យមីក្រូហិរញ្ញវត្ថុ

ចំនួនឥណទានសងយឺតលើស៣០ថ្ងៃ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុកើនដល់៩,៥% នៅត្រីមាសទី១ឆ្នាំនេះ


មន្ត្រីជាន់ខ្ពស់នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានវាយតម្លៃថា ស្ថានភាពហិរញ្ញវត្ថុក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២៥ នៅតែរក្សាបានភាពរឹងមាំ បើធៀបនឹងត្រីមាសមុន។ តួយ៉ាងការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅត្រីមាសទី១ មានទំហំជាង៥ពាន់៣រយលានដុល្លារ កើនឡើងជាង៤% បើធៀបនឹងត្រីមាសមុន ខណៈប្រាក់បញ្ញើអតិថិជនមានទំហំជាង២ពាន់៧រយលានដុល្លារ កើនឡើងជិត១០% បើធៀបនឹងត្រីមាសមុន។ តែយ៉ាងណាចំនួនឥណទានសងយឺតលើសពី៣០ថ្ងៃហាក់មានការកើនឡើងខ្ពស់ដល់ប្រមាណ៩,៥% នៅក្នុងរយៈពេលដូចគ្នានេះ។
វិស័យមីក្រូហិរញ្ញវត្ថុ
ដោយ

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានវាយតម្លៃថា វិស័យមីក្រូហិរញ្ញវត្ថុ នៅតែរក្សាបានស្ថិរភាពល្អប្រសើរ ក្នុងនោះការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើនៅតែរក្សាបានកំណើន បើទោះបីជាឥណទានសងយឺតយ៉ាវមានការកើនឡើងក្តី។ ជាក់ស្តែងនៅត្រីមាសទី១ ឆ្នាំនេះ ការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានទំហំជាង៥ពាន់៣រយលានដុល្លារ កើនឡើងជាង៤% និងការទទួលប្រាក់បញ្ញើមានទំហំជាង២ពាន់៧រយលានដុល្លារ កើនឡើងជិត១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើមានការកើនឡើង គុណភាពសងត្រឡប់របស់អតិថិជនហាក់មានការធ្លាក់ចុះ ពោលគឺការសងត្រឡប់យឺតលើសពី៣០ថ្ងៃរបស់អតិថិជននៅត្រីមាសទី១ឆ្នាំនេះ កើនឡើងដល់៩,៥% កើនឡើង១,៣% បើធៀបនឹងត្រីមាសទី៤នៃឆ្នាំ២០២៤។

បើតាមលោក កាំង តុងងី កត្តាដែលជំរុញឱ្យឥណទានសងយឺតលើសពី៣០ថ្ងៃមានការកើនឡើងនៅត្រីមាសទី១ ឆ្នាំនេះ គឺដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចរបស់កម្ពុជា បានធ្វើឱ្យកម្រិតចំណូលរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះ។ តែយ៉ាងណាលោកអះអាងថា កំណើនសងត្រឡប់យឺតលើសពី៣០ថ្ងៃនេះ ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ស្របពេលវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា កំពុងផ្តោតទៅលើការពង្រឹងគុណភាពឥណទាន និងបង្កើតផលិតផលថ្មីៗជូនដល់អតិថិជន រួមទាំងការរៀបចំឥណទានឡើងវិញជាដើម។

​ជាមួយគ្នានេះ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានវាយតម្លៃថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ជារួម ក៏ដូចជាសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ផ្ទាល់ នៅក្នុងត្រីមាសទី១ ឆ្នាំនេះ នៅតែបង្ហាញនូវភាពធន់ បន្តអភិវឌ្ឍន៍ និងបន្តដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច តាមរយៈការផ្តល់ឥណទានទៅកាន់វិស័យឯកជន​។ អ្នកជំនាញរូបនេះមានសុទិដ្ឋិនិយមខ្ពស់ថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅឆ្នាំ២០២៥នេះ នឹងបន្តរក្សាបានកំណើនរបស់ខ្លួនក្នុងការរួមចំណែកជួយគាំទ្រសកម្មភាពសេដ្ឋកិច្ចតាមរយៈការបន្តផ្តល់កម្ចីដល់អតិថិជនទៅតាមវិស័យសំខាន់ៗ ស្របពេលដែលវិស័យនេះ ក៏បានត្រៀមក្នុងការសម្របខ្លួនទៅនឹងបរិបទប្រែប្រួល នៃសេដ្ឋកិច្ចសកល និងសង្រ្គាមពាណិជ្ជកម្ម បន្តពង្រឹងសេវាហិរញ្ញវត្ថុឌីជីថល និងការយកចិត្តទុកដាក់លើការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយការទទួលខុសត្រូវ។

សូមបញ្ជាក់ថា នៅក្នុងត្រីមាសទី១ឆ្នាំនេះ វិស័យមីក្រូហិរញ្ញ្ញវត្ថុកម្ពុជា បានផ្តល់ឥណទានទៅកាន់វិស័យ សំខាន់ៗក្នុងសេដ្ឋកិច្ច រួមមាន អង្គភាពគ្រួសារ, កសិកម្ម, ពាណិជ្ជកម្មនិងជំនួញ, សេវាកម្ម, សំណង់, ដឹកជញ្ជូន, កម្មន្តសាល និងផ្សេងៗទៀត៕




អត្ថបទបន្ទាប់


តើកសិករគួរដាំទុរេនបែបណា ដើម្បីឆ្លើយតបការនាំចេញ និងមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ?

ផ្លែទុរេនស្រស់របស់កម្ពុជា ដែលត្រូវបានគេចាត់ទុកជាផ្លែឈើម្យ៉ាងដែលមានតម្លៃថ្លៃជាងបណ្ដាផ្លែឈើផ្សេងទៀត ទទួលបានភ្លើងខៀវក្នុងការនាំចូលទៅកាន់ទីផ្ស…

មន្ត្រីសុខាភិបាលថៃ ក្រើនរំលឹកពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺ-កូវីដ និងជំងឺផ្ដាសាយ

នាយកដ្ឋានបង្ការជំងឺឆ្លងរបស់ប្រទេសថៃ (DDC) បានក្រើនរំលឹកដល់ប្រជាជនឱ្យបន្ត អនុវត្តតាមការណែនាំពីការការពារជំងឺកូវីដ-១៩ និងជំងឺគ្រុនផ្តាសាយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ