វិស័យ SME

ក្រសួងពាណិជ្ជកម្មជំរុញឱ្យអ្នកផលិតក្នុងស្រុកពង្រឹងគុណភាពទំនិញ ដើម្បីធានាការប្រកួតប្រជែងក្រោយតម្រូវការហក់ឡើងខ្ពស់


ស្របពេលដែលតម្រូវការប្រើប្រាស់ផលិតផលក្នុងស្រុកកំពុងមានការកើនឡើងខ្លាំង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជំរុញដល់អ្នកផលិតក្នុងស្រុកផ្ដោតលើការពង្រឹងគុណភាពស្ដង់ដាផលិតផល និងសេវាកម្មរបស់ខ្លួនឱ្យបានខ្ពស់ ដើម្បីធានាការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងទីផ្សារក្រៅស្រុក។
វិស័យ SME
ដោយ

ការជំរុញបែបនេះធ្វើឡើងនៅក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ ដែលរៀបចំឡើងដើម្បីដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្ម ដែលមានគុណភាពខ្ពស់របស់កម្ពុជា ដើម្បីចូលរួមចំណែកកាន់តែសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ជំរុញការតភ្ជាប់ទីផ្សារទាំងក្នុង និងក្រៅប្រទេស ជំរុញការនាំចេញ និងបង្កើនចំណែកទីផ្សារអន្តរជាតិ កាន់តែទូលំទូលាយ។

​​លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ស្របពេលនិន្នាការគាំទ្រផលិតផលក្នុងស្រុកកំពុងមានការកើនឡើងខ្លាំង ហើយគួបផ្សំកម្ពុជា ត្រូវត្រៀមខ្លួនក្នុងការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ទាមទារចាំបាច់ឱ្យផលិតករ អ្នកដាំដុះ អ្នកកែច្នៃ សហគ្រិន និងភាគីពាក់ព័ន្ធទាំងអស់ត្រូវផ្ដោតលើការពង្រឹងគុណភាព ស្ដង់ដា និងនវានុវត្តន៍ផលិតផល និងសេវាកម្មរបស់ខ្លួនបន្ថែមទៀត។ ការជំរុញបែបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានាការឈរជើង និងប្រកួតប្រជែងទាំងក្នុងទីផ្សារក្នុងស្រុក និងក្រៅស្រុក សំដៅធានាបាននូវភាពធន់ និងបរិយាបន្ន និងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែល​មានចំណូលខ្ពស់។​

​​ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តដល់វិស័យឯកជនជំរុញការផលិតដោយគិតគូរពីគុណភាព សុវត្ថិភាព និងសោភណ្ឌភាព នៃការវេចខ្ចប់តាមស្តង់ដា ដើម្បីទទួលបានការគាំទ្រពីទីផ្សារក្នុងស្រុក និងឈានទៅរកការនាំចេញ និងស្នើឱ្យវិស័យឯកជនពិចារណាពង្រីកមូលដ្ឋានផលិតកម្មឱ្យបានសមស្របដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន​ ក្នុងគោលបំណង​ធានាឱ្យបាននូវការអភិវឌ្ឍឥតឈប់ឈរនូវវិស័យពាណិជ្ជកម្ម និងការកសាងភាពធន់សេដ្ឋកិច្ចកម្ពុជា។ ថ្នាក់ដឹកនាំរូបនេះស្នើឱ្យភាគីពាក់ព័ន្ធទាំអស់ចូលរួមបន្តអនុវត្តនូវអភិក្រមពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី និងការទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជា សម្រេចបាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការសម្រាប់ការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

​បើតាមការបញ្ជាក់របស់លោកជំទាវ ចម និម្មល ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម​នេះ មានគោលបំណងបង្ហាញអំពីសក្ដានុពលសេដ្ឋកិច្ចពាណិជ្ជកម្មរបស់កម្ពុជា ដែលមានភាពរីកចម្រើនឥតឈប់ឈរ ផ្សព្វផ្សាយអំពីកាលានុវត្តភាពទីផ្សារ និងជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ លើកកម្ពស់តួនាទីវិស័យឯកជន តភ្ជាប់ទីផ្សារក្នុងស្រុក ផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងបង្កើនភាពជាដៃគូធុរកិច្ចជាមួយភាគីពាក់ព័ន្ធនៅក្នុង និងក្រៅប្រទេស ក្នុងការជំរុញការនាំចេញផលិតផល និងសេវាកម្មរបស់កម្ពុជា។ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំនេះ រៀបចំឡើងមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤-ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលភីអេច ហ្រ្គេនហល បុរីប៉េងហួត បឹងស្នោ ដែលមានស្តង់តាំងបង្ហាញសរុបប្រមាណ២៦៩ស្តង់៕




អត្ថបទបន្ទាប់


មេដឹកនាំតៃវ៉ាន់ ដៀមដាមដាក់ប្រធានាធិបតីចិនថា គួរផ្ដោតលើបញ្ហាសេដ្ឋកិច្ចដែលកំពុងដាំក្បាលចុះ ជាជាងផ្តោតលើការឈ្លានពានប្រទេសដទៃ

ប្រធានាធិបតីកោះតៃវ៉ាន់ លោក ឡៃ ឈីងទេ (Lai Ching-te) បាននិយាយដៀមដាមដាក់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ថា គួរផ្ដោតលើការដោះស្រាយបញ្ហា…

ធនាគារពិភពលោកអះអាងថា ប្រទេសក្រីក្រកំពុងដោះស្រាយបំណុល៧៤១ពាន់លានដុល្លារទាំងត្រដាបត្រដួស

ធនាគារពិភពលោកបានអះអាងថា នៅពេលនេះប្រទេសក្រីក្រកំពុងស្ថិតក្នុងស្ថានភាពហានិភ័យខ្ពស់ខាងផ្នែកសេដ្ឋកិច្ច ដោយសារពួកគេត្រូវរ៉ាប់រងដោះស្រាយបន្ទុកប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ