លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានឱ្យដឹងថា បន្ថែមពីលើសាខាខណ្ឌមានជ័យ- សង្កាត់ស្ទឹងមានជ័យ២ ក្នុងពេលឆាប់ៗនេះ អិលអូអិលស៊ី គ្រោងពង្រីកសេវា ឥណទានមាសកើនទ្រព្យ ទៅកាន់សាខាចំនួន ២ ទៀត រួមមាន សាខាស្រុកបាទី ខេត្តតាកែវ និងសាខាទីរួមខេត្តកំពត។ លោកបន្ថែមថា តាមផែនការ អិលអូអិលស៊ី នឹងបន្តពង្រីកសេវាឥណទានថ្មីនេះ ទៅកាន់សាខាមួយចំនួនបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត-ក្រុងកាន់តែច្រើនថែមទៀតក្នុងឆ្នាំនេះ។
តាមរយៈឥណទានមាសកើនទ្រព្យ នៅ អិលអូអិលស៊ី អតិថិជនអាចទទួលបានសាច់ប្រាក់យកទៅប្រើប្រាស់តាមតម្រូវការជាក់ស្ដែង ជាមួយនឹងការផ្ដល់ជូននូវអត្រាការប្រាក់សមរម្យ សុវត្ថិភាពខ្ពស់ និងទទួលបានការអនុម័តកម្ចីរហ័សបំផុតក្នុងរយៈពេលត្រឹម១០ ទៅ១៥នាទី។ អតិថិជនអាចស្នើកម្ចីបានរហូតដល់ ៧០% នៃតម្លៃមាស ស្របតាមតម្លៃទីផ្សារជាក់ស្ដែង ជាមួយអត្រាការប្រាក់ សមរម្យបំផុត។
មិនត្រឹមតែប៉ុណ្ណោះ ការរក្សាទុកមាស នៅស្ថាប័នមីក្រូហិរញ្ញវត្ថុ គឺអតិថិជនអាចទទួលបាននូវទំនុកចិត្ត និងសុវត្ថិភាពខ្ពស់បំផុត។
បើតាមការបញ្ជាក់របស់លោក សុខ វឿន តាមរយៈ ឥណទានមាសកើនទ្រព្យ អតិថិជន ដែលអាចប្រើប្រាស់សេវាកម្មនេះបាន គ្រាន់តែមានអាយុចាប់ពី ១៨ ដល់ ៦៥ ឆ្នាំ មានអត្តសញ្ញាណប័ណ្ណ និង/ឬ លិខិតឆ្លងដែនសញ្ជាតិខ្មែរតែប៉ុណ្ណោះ។ សម្រាប់គ្រឿងមាស ដែលអាចយកមកដាក់ធ្វើជាទ្រព្យធានាបាន អាចជាមាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតទឹកមាសចាប់ពី ៦,៧ ទៅដល់ ១០ (១៦ការ៉ាត់ ដល់ ២៤ការ៉ាត់) និងមានទម្ងន់មាសចាប់ពី ១ជីឡើងទៅ។
«ឥណទានមាសកើនទ្រព្យ» គឺជាផលិតផលឥណទានថ្មីមួយ ក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា ហើយក៏ជាសេវាហិរញ្ញវត្ថុ ដែលទទួលបានការពេញនិយមខ្លាំង នៅបណ្ដាប្រទេស ដែលមានការប្រើប្រាស់មាសយ៉ាងទូលំទូលាយ ដូចជា ឥណ្ឌា និងស្រីលង្កាជាដើម។