
នៅព្រឹកថ្ងៃបន្ទាប់ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ គណៈគ្រប់គ្រង និងបុគ្គលិក អិលអូអិលស៊ី (LOLC) ក៏បានរៀបចំភត្តាហារ និងរាប់បាត្រ និងវេរចង្កាន់ បច្ច័យ ប្រគេនព្រះសង្ឃ និងបង្សុកូល ជាកិច្ចបង្ហើយបុណ្យ។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅក្នុងវត្តដំបូកខ្ពស់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងបរិយាកាសប្រកបដោយស្នាមញញឹម។

ឆ្លៀតក្នុងឱកាសនេះ អិលអូអិលស៊ី (LOLC) ក៏បានបន្តសកម្មភាពទំនួលខុសត្រូវចំពោះសង្គម ដោយនាំយកសម្ភារសិក្សា រួមមានកាតាប និងសៀវភៅសរុបចំនួន ៣៥០ ឈុត ចែកជូនដល់សិស្សានុសិស្សដែលមកពីអនុវិទ្យាល័យ និងបឋមសិក្សាវត្តដំបូកខ្ពស់។ ការចែកជូននេះមិនត្រឹមតែជាការឧបត្ថម្ភសម្ភារសិក្សាឲ្យកុមារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការលើកទឹកចិត្តឲ្យពួកគាត់មានកម្លាំងចិត្តក្នុងការសិក្សា បង្កើតអនាគតដ៏ភ្លឺស្វាង និងក្លាយជាធនធានមនុស្សដ៏មានតម្លៃចំពោះសង្គម និងប្រទេសជាតិ។

អិលអូអិលស៊ី (LOLC) តែងតែផ្តល់សារៈសំខាន់ចំពោះការរក្សា និងលើកកម្ពស់ ប្រពៃណី វប្បធម៌ និងសហគមន៍កម្ពុជា ជានិច្ច។ ការចូលរួមក្នុងពិធីបុណ្យជាតិ ការជួយសហគមន៍ និងការលើកទឹកចិត្តដល់កុមារនិងយុវជន គឺជាភស្តុតាងនៃការយកចិត្តទុកដាក់របស់ អិលអូអិលស៊ី (LOLC)ចំពោះសង្គមខ្មែរ។ ជាមួយនឹងការបន្តអភិវឌ្ឍន៍សេវាកម្មហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ក៏ប្តេជ្ញាចិត្តក្នុងការរួមចំណែកដើម្បីឲ្យប្រជាជន និងសហគមន៍មានភាពរឹងមាំ ប្រកបដោយសុភមង្គល និងបន្តរក្សាកេរដំណែលដ៏មានតម្លៃរបស់ជាតិខ្មែរ។






