ក្រោមគម្រោងសហការនេះ អិលអូអិលស៊ីបានផ្តល់កាបូប និងសៀវភៅសិក្សា ដល់កុមារនៅតំបន់ជនភៀសសឹក និងកុមារជាកូនៗរបស់យោធិនដើម្បីគាំទ្រដល់ការបន្តការសិក្សារៀនសូត្រ ទោះបីជាកំពុងប្រឈមនឹងស្ថានភាពលំបាកក៏ដោយ។ ជាមួយគ្នានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រគល់ជំនួយជាថវិកា ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដល់គ្រួសារជនភៀសសឹក ព្រមទាំងកងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចនៅតំបន់ដែលរងផលប៉ះពាល់។
តាមរយៈកិច្ចខិតខំរួមគ្នានេះ ក្រុមការងារបានផ្តល់ជំនួយគាំទ្រដល់គ្រួសារជនភៀសសឹកចំនួន ៣៤៨ គ្រួសារ នៅខេត្តឧត្តរមានជ័យ និងបានផ្តល់ជំនួយដល់កងទ័ពជួរមុខ នៅខេត្តបន្ទាយមានជ័យ ដើម្បីជួយបំពេញតម្រូវការបន្ទាន់ផ្នែកមនុស្សធម៌។
កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់អិលអូអិលស៊ី ក្នុងការអនុវត្តកិច្ចការទទួលខុសត្រូវសង្គម និងការគាំទ្រដល់សហគមន៍ ជាពិសេសនៅក្នុងគ្រាដែលប្រជាពលរដ្ឋកំពុងជួបប្រទះការលំបាក។ អិលអូអិលស៊ី បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រដល់សហគមន៍ដែលងាយរងគ្រោះ និងចូលរួមចំណែកក្នុងការពង្រឹងសុខុមាលភាព និងភាពធន់រឹងមាំរបស់សហគមន៍ទៅទូទាំងព្រះរាជាណាចក្រកម្ពុជា។