លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ការកែសម្រួលការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាពី៤,៣%មកនៅត្រឹ៣,៩%របស់ធនាគារពិភពលោក គឺជាការវាយតម្លៃស្របតាមបរិបទនៃភាពមិនប្រាកដប្រជា នៃភូមិសាស្រ្តនយោបាយសកល ពិសេសស្ថានការណ៍នៅមជ្ឈិមបូព៌ា។ យ៉ាងណាមិញ អ្នកជំនាញសេដ្ឋកិច្ចរូបនេះជឿជាក់ថា អ្វីៗនឹងអាចមានការប្រែប្រួលនាពេលខាងមុខ ដោយសារតម្លៃប្រេងឆៅមានការធ្លាក់ចុះមកវិញខ្លះ បន្ទាប់ពីមានសញ្ញាវិជ្ជមានពីបទឈប់បាញ់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដែលអាចបន្ថយសម្ពាធលើថ្លៃដើមនាំចូល និងអតិផរណាជាសកលក្នុងរយៈពេលខ្លី។
តែយ៉ាងណា លោកបណ្ឌិត ឌុច ដារិន្ទ សង្គត់ធ្ងន់ថា នៅក្នុងស្ថានភាពនេះសេដ្ឋកិច្ចរបស់កម្ពុជានៅតែបង្ហាញពីភាពធន់ ខណៈការនាំចេញក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២៦ នៅបន្តមាននិន្នាការកើនឡើង ខណៈលំហូរវិនិយោគផ្ទាល់ពីបរទេសក៏មានការកើនឡើងផងដែរ។ ការណ៍នេះវាបានបង្ហាញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការពិពិធកម្មវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ដែលជួយកាត់បន្ថយហានិភ័យពីក្រៅប្រទេស។
គួរបញ្ជាក់ថា ធនាគារពិភពលោកតាមរយៈទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួនបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ពី៤,៣% ដែលស្ថាប័ននេះបានព្យាករកាលពីអំឡុងខែតុលា ឆ្នាំ២០២៥ កន្លងមក មកនៅត្រឹម៣,៩%ភាគរយ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយសង្រ្គាមនៅមជ្ឈិមបូព៌ា និងការឡើងថ្លៃប្រេងឥន្ធនៈ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ