កិច្ចសហការនេះបានចាប់ផ្តើមជាមួយនឹងការដំណើរការសាកល្បង កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ហើយបានឆ្ពោះដល់ការចុះកិច្ចព្រមព្រៀងជាមួយគ្នានៅដើមឆ្នាំនេះ នឹងត្រូវបានប្រកាសជាផ្លូវការក្នុងថ្ងៃនេះ តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ នៅរាជធានីភ្នំពេញ ហើយនេះជាការប្តេជ្ញាចិត្តរួមគ្នារវាងក្រុមហ៊ុនទាំងពីរ ក្នុងការលើកកម្ពស់ដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន រួមជាមួយនឹងមធ្យោបាយដឹកជញ្ជូនប្រកបដោយនិរន្តរភាព សម្រាប់វិស័យលក់រាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ចាប់តាំងពីការចាប់ផ្ដើមគម្រោងនេះ ផ្សារទំនើបឡាក់គី បានសម្រេចនូវវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ក្នុងការផ្លាស់ប្តូរពីការដឹកជញ្ជូនដោយប្រើប្រាស់ប្រេងឥន្ធនៈ។ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានដាក់ដំណើរការរថយន្តអគ្គិសនីរបស់ខ្លួនដើម្បីចែកចាយទំនិញរបស់ផ្សារទំនើបឡាក់គីនៅតាមបណ្តាសាខា ហើយការផ្លាស់ប្តូរនេះបានធ្វើឡើងប្រមាណជា៥០% នៃប្រតិបត្តិការដឹកជញ្ជូនទាំងអស់របស់ផ្សារទំនើបឡាក់គីគិតត្រឹមខែមីនា ឆ្នាំ២០២៦។ បន្តលើការអភិវឌ្ឍនៃវឌ្ឍនភាពនេះ ផ្សារទំនើបឡាក់គី បានកំណត់គោលដៅពង្រីកការប្រើប្រាស់រថយន្តដឹកជញ្ជូនអគ្គិសនីឱ្យបានប្រមាណជា៨០% នៅត្រឹមចុងឆ្នាំនេះ។
លោក Charlie Bettencourt អគ្គនាយកប្រតិបត្តិ ផ្សារទំនើបឡាក់គីបានមានប្រសាសន៍ថា «គោលដៅចម្បងរបស់ពួកយើង គឺការកែលម្អជាបន្តបន្ទាប់ដើម្បីបម្រើដល់អតិថិជនរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ និងអាចអនុវត្តបានក្នុងវិសាលភាពទូលំទូលាយ»។ លោកបានបន្តទៀតថា «រថយន្តអគ្គិសនី បានជួយសម្រួលដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ខណៈពេលដែលរក្សាបាននូវស្តង់ដាសេវាកម្មខ្ពស់ ដែលអតិថិជនរបស់យើងរំពឹងទុក។ ពិធីចុះហត្ថលេខានៅថ្ងៃនេះ គឺឆ្លុះបញ្ចាំងពីការផ្តោតសំខាន់លើដំណោះស្រាយជាក់ស្តែងរបស់យើង ដើម្បីគាំទ្រទាំងការរីកចម្រើនអាជីវកម្ម និងប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវរបស់ក្រុមហ៊ុនទាំងពីរ»។
អ្នកឧកញ្ញ៉ា សួរ វីរៈ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានមានប្រសាសន៍ថា «កិច្ច សហការមួយនេះ គឺបង្ហាញពីសារៈសំខាន់នៃភាពជាដៃគូ ក្នុងការជំរុញមធ្យោបាយដឹកជញ្ជូនប្រកបដោយនិរន្តរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ្ញ៉ាបានបន្តទៀតថា “តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យានៃរថយន្តអគ្គិសនី ជាមួយសមត្ថភាពខ្ពស់ក្នុងការដឹកជញ្ជូន យើងអាចគាំទ្រដល់តម្រូវការដឹកជញ្ជូនទំនិញទ្រង់ទ្រាយធំ ជាមួយនឹងប្រសិទ្ធភាពប្រតិបត្តិការខ្ពស់ និងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន”។
លោក នឹម វុធដា នាយកជាន់ខ្ពស់នៃនាយកដ្ឋានខ្សែសង្វាក់ផ្គត់ផ្គង់របស់ផ្សារទំនើបឡាក់គី បានបន្ថែមទៀតថា គម្រោងនៃការប្រើប្រាស់រថយន្តអគ្គិសនីនេះ បាននាំមកនូវអត្ថប្រយោជន៍យ៉ាងច្បាស់លាស់ដល់បរិស្ថាន។ លោកបានបន្តទៀតថា «ចាប់តាំងពីការចាប់ផ្តើមនៃគម្រោងដឹកជញ្ជូនដោយរថយន្តអគ្គិសនី កំណត់ត្រារបស់យើងបានបង្ហាញថា មានការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនបានប្រមាណ ៨,៣ តោន តាមបណ្ដាទិសដៅដឹកជញ្ជូនដែលបានធ្វើឡើងកន្លងមក។ ពួកយើងនឹងបន្តពង្រឹងកិច្ចសហការរបស់យើងជាមួយ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បន្ថែមទៀត ដើម្បីបង្កើននូវប្រសិទ្ធភាពសេវាកម្ម ស្របពេលជាមួយនឹងការកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថានរបស់យើង»។
ការអនុវត្តការប្រើប្រាស់រថយន្តអគ្គិសនីសម្រាប់វិស័យដឹកជញ្ជូននេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ផ្សារទំនើបឡាក់គី ក្នុងការធ្វើទំនើបកម្មខ្សែសង្វាក់ផ្គត់ផ្គង់ឱ្យកាន់តែទំនើប និងជំរុញការរីកចម្រើនប្រកបដោយចីរភាព។ ស្របពេលដូចគ្នា គម្រោងនេះនឹងជួយឱ្យក្រុមហ៊ុនបន្តបម្រើអតិថិជនប្រកបដោយប្រសិទ្ធភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ គំនិតផ្តួចផ្តើមនេះ ក៏គាំទ្រដល់ការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន DFI Retail Group ក្នុងការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបញ្ចេញឧស្ម័នកាបូនផងដែរ។