
ដោយមិនបញ្ចេញឈ្មោះប្រទេសចំៗប្រធានាធិបតីបារាំង លោក ម៉ានូអែល ម៉ាក្រុង បានហៅការយកពន្ធរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗមួយចំនួនមានទម្រង់ជាការគំរាមកំហែង មិនមែនក្នុងនាមជាដៃគូពាណិជ្ជកម្មនោះទេ។ ការលើកឡើងបែបនេះរបស់លោក ម៉ាក្រុង ធ្វើឡើងក្នុងសុន្ទរកថា នៅឯសន្និសីទអន្តរជាតិ ស្តីពីការផ្តល់ហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍនៅទីក្រុងសេវីល (Seville) ប្រទេសអេស្ប៉ាញ ចំពេលសហភាពអឺរ៉ុប កំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក នៅមុនពេលឱសានវាទថ្ងៃទី៩ ខែកក្កដា ចូលមកដល់ ទោះជាលោកមិនបានសំដៅជាពិសេសទៅលើសហរដ្ឋអាម៉េរិក ឬប្រធានាធិបតីលោក ដូណាល់ ត្រាំ ក៏ដោយ។
លោក ម៉ាក្រុង បាននិយាយថា ពួកគេត្រូវតែស្ដារសេរីភាព និងសមធម៌ដល់ពាណិជ្ជកម្មអន្តរជាតិ ឱ្យបានខ្លាំងជាងការបង្កើនរបាំងពាណិជ្ជកម្ម និងពន្ធគយ ដែលជារឿយៗត្រូវបានប្រើប្រាស់ជាឧបករណ៍នៃការសម្លុត គឺមិនមែនប្រើជាឧបករណ៍នៃការធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មឡើងវិញនោះឡើយ។
ជាមួយគ្នានេះលោក ម៉ាក្រុង ក៏បានជំរុញឱ្យមានការគាំទ្រ និងគិតឡើងវិញពីអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីធ្វើឱ្យវាស្របតាមគោលដៅ នៃការប្រយុទ្ធប្រឆាំងនឹងវិសមភាព និងការប្រែប្រួលអាកាសធាតុផងដែរ៕
ដោយ៖ សុខ មង្គល