តម្លៃទំនិញ

កម្ពុជាកំពុងរៀបចំយន្តការ ដើម្បីរក្សាស្ថិរភាពតម្លៃទំនិញសំខាន់ៗ ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់


សង្រ្គាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យបណ្ដាប្រទេសនៅលើសកលលោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងតម្លៃប្រេង និងឧស្ម័ន ព្រោះបញ្ហានេះចង់ ឬមិនចង់វានឹងជំរុញឱ្យអតិផរណានៅលើពិភពលោក រួមទាំងកម្ពុជាមានកើនឡើង។ បញ្ហានេះបានក្លាយជាសម្ពាធអតិផរណាសម្រាប់បណ្ដាប្រទេសជាច្រើនរួមទាំងកម្ពុជាផងដែរ។
តម្លៃទំនិញ
ដោយ

ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចនូវយន្តការការពារអំណាចទិញរបស់ពលរដ្ឋ ខណៈអ្នកជំនាញសេដ្ឋកិច្ចផ្ដល់ជាគំនិតឱ្យកម្ពុជាប្រើប្រាស់បទពិសោធន៍ជោគជ័យក្នុងអំឡុងពេលកូវីដ-១៩ ដើម្បីរក្សាលំនឹងតម្លៃទំនិញឱ្យមានស្ថិរភាព។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសនាំចូលទាំងស្រុងពីបរទេស ដូច្នេះតម្លៃប្រេងលក់រាយនៅក្នុងស្រុក វាអាស្រ័យនៅលើការប្រែប្រួលនៃតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ទោះបីជាសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឡើងកម្ដៅ តែតម្លៃប្រេងនៅកម្ពុជាបច្ចុប្បន្នមិនទាន់មានការកើនឡើងគួរឱ្យកត់សម្គាល់នៅឡើយទេ ព្រោះតម្លៃប្រេងដែលលក់ចេញបច្ចុប្បន្នបានកំណត់ក្រោយ១ថ្ងៃ នៃការផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា។ ជាក់ស្តែងតម្លៃប្រេងសាំង និងម៉ាស៊ូតចន្លោះពីថ្ងៃទី១-១០ ខែមីនា ត្រូវលក់ចេញក្នុងតម្លៃ៣,៨៥០រៀលក្នុង១លីត្រ។ គួរបញ្ជាក់ថា តម្លៃប្រេងលក់រាយនៅកម្ពុជាត្រូវបានកំណត់រៀងរាល់១០ថ្ងៃម្តង ពោលគឺ១ខែកំណត់៣ដង។

យ៉ាងណាមិញ ឯកឧត្តម បានទទួលស្គាល់ថា វាមិនមែនជារឿងងាយស្រួលឡើយក្នុងការរក្សាតម្លៃប្រេងឱ្យនៅទ្រឹង ព្រោះទីផ្សារប្រេងនៅសិង្ហបុរី ដែលជាទីផ្សារនាំចូលប្រេងដ៏ធំរបស់កម្ពុជាកំពុងមាននិន្នាការហក់ឡើងរួចជាស្រេចទៅហើយ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលបានរៀបចំយន្តការពិពិធកម្មប្រភពផ្គត់ផ្គង់ និងយន្តការបញ្ចុះតម្លៃប្រេង ដើម្បីសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងធានាឱ្យបាននូវស្ថិរភាពសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះលោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការរក្សាលំនឹងតម្លៃទំនិញមួយចំនួន ដែលអាចកើនឡើងតាមតម្លៃប្រេង។ អ្នកជំនាញរូបនេះ បានលើកឡើងពីបទពិសោធរបស់កម្ពុជាក្នុងការរក្សាអតិផរណាក្នុងកម្រិតទាប និងមានស្ថិរភាព នៅក្នុងអំឡុង នៃការរីករាលដាលជំងឺកូវីដ-១៩ កន្លងមក។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងបរិបទនេះ កម្ពុជាគួរបន្តគ្រប់គ្រងអតិផរណាដោយប្រុងប្រយ័ត្ន និងរក្សាស្ថិរភាពតម្លៃទំនិញសំខាន់ៗ។ លោកបណ្ឌិតបានផ្ដល់យោបល់ថា កម្ពុជាគួរតែបន្តយុទ្ធសាស្ត្រការពារ តាមរយៈការរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ ការពង្រឹងគោលនយោបាយសារពើពន្ធបត់បែន និងការជំរុញផលិតភាពថាមពលក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើការនាំចូលពីខាងក្រៅ។

ឯកឧត្តម ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា សន្និធិប្រេងបម្រុងរបស់ក្រុមហ៊ុននាំចូលក្នុងស្រុកបច្ចុប្បន្នអាចធានាការប្រើប្រាស់បានរយៈពេល១ខែពេញ។ ស្របពេលជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានអំពាវនាវឱ្យសាធារណជនបង្កើនការសន្សំសំចៃថាមពល ដើម្បីរួមគ្នាទប់ទល់នឹងវិបត្តិសកលនេះ។ ទាក់ទិននឹងការបង្កើតរោងចក្រចម្រាញ់ប្រេងក្នុងស្រុក ឯកឧត្តម បានពន្យល់ថា កម្ពុជានៅពុំទាន់ឈានដល់ដំណាក់កាលនោះបានទេ ដោយសារទំហំតម្រូវការប្រើប្រាស់ជាក់ស្ដែងមានត្រឹមតែ៧ម៉ឺន៦ពាន់ធុងក្នុងមួយថ្ងៃ ដែលនៅមានកម្រិតទាបបើធៀបនឹងសមត្ថភាពផលិតអប្បបរមារបស់រោងចក្រចម្រាញ់ប្រេង ដែលតម្រូវឱ្យមានរហូតដល់២០ម៉ឺនធុងក្នុងមួយថ្ងៃ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តើសង្គ្រាមនឹងរីកប៉ោងកាន់តែធំឬយ៉ាងណា ក្រោយអាម៉េរិកប្រកាសអាសន្នឱ្យពលរដ្ឋខ្លួនចាកចេញពី១៤ប្រទេសនៅមជ្ឈិមបូព៌ាជាបន្ទាន់?

ក្រសួងការបរទេសអាម៉េរិកបានប្រកាសអានសន្នឱ្យពលរដ្ឋអាម៉េរិកទាំងអស់ប្រញាប់ចាកចេញពីប្រទេសចំនួន១៤នៅទូទាំងតំបន់មជ្ឈិមបូព៌ាជាបន្ទាន់ រួមទាំងប្រ…

ឌឹហឺស្ស បិទបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ដោយជោគជ័យ បង្ហាញពីការពង្រីកខ្លួនយ៉ាងសំខាន់ក្នុងតំបន់អាស៊ី

ក្រុមហ៊ុន De Heus Animal Nutrition នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៦ បានប្រកាសអំពីការបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ពី ក្រុមហ៊ុន …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ