ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់អាល្លឺម៉ង់ លូហ្វថាន់សា គ្រុប (Lufthansa Group) ដែលមានក្រុមអាកាសចរណ៍ចំនួន៥ ផ្សេងទៀត បានអះអាងថា ពួកគេនឹងផ្អាករាល់ជើងហោះហើរពេលយប់ទាំងទៅ និងមក ពីអាកាសយានដ្ឋាន បេនហ្គូរៀន (Ben Gurion) ក្នុងទីក្រុងតែលអាវីវ ប្រទេសអ៊ីស្រាអែល ក្រោយបារម្ភពីបញ្ហាអស្ថិរភាពបច្ចុប្បន្ននៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងឡើងកម្តៅខ្លាំង។
ជាមួយគ្នានេះ ប្រទេសអ៊ីរ៉ង់ ក៏បានប្រកាសបិទដែនអាកាសរបស់ខ្លួនសម្រាប់ជើងហោះហើរអន្តរជាតិ ទាំងអស់ផងដែរ ដោយអនុញ្ញាតឱ្យតែជើងហោះហើរពិសេសមួយចំនួនប៉ុណ្ណោះដែលអាចឆ្លងកាត់បាន។
ការបិទដែនអាកាស និងជើងហោះហើរនេះធ្វើឡើងក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ បានចាប់ផ្តើមដកកងទ័ព និងបុគ្គលិកមិនចាំបាច់ចេញពីបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ដែលអ្នកតាមដានស្ថានការណ៍យល់ថា ជាសញ្ញាព្រមានមុនការវាយប្រហារយោធាទៅលើអ៊ីរ៉ង់។ ការបិទដែនអាកាសភ្លាមៗរបស់អ៊ីរ៉ង់ កាលពីយប់ថ្ងៃព្រហស្បតិ៍ បានបង្កឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀតកំពុងរៀបចំផ្លាស់ប្តូរគន្លងហោះហើរ ដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរ៕
អត្ថបទ៖ សួន ឡង់ទី