បើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Al Jazeera ទីបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក បានប្រកាសកាលពីថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ ថា កងកម្លាំងយោធាអាម៉េរិកបានបើកការវាយប្រហារជាថ្មីទៅលើគោលដៅ ISIS ជាច្រើនកន្លែងនៅទូទាំងប្រទេសស៊ីរីកាលពីវេលាម៉ោង៥:៣០ល្ងាច ថ្ងៃទី១០ ខែមករា។ ទីបញ្ជាការនេះ បានព្រមានធ្ងន់ៗថា អាម៉េរិកនឹងនៅតែបន្តឆ្លើយតបយ៉ាងខ្លាំងក្លា ប្រសិនបើក្រុម ISIS ធ្វើបាបយុទ្ធជនរបស់អាម៉េរិក ហើយអាម៉េរិកនឹងតាមសម្លាប់ពួកគេនៅគ្រប់ទីកន្លែងក្នុងពិភពលោក ទោះព្យាយាមគេចវេះដល់កន្លែងណាក៏ដោយ។
សហរដ្ឋអាម៉េរិក បានដាក់ឈ្មោះប្រតិបត្តិការនេះថា «Hawkeye Strike» ដែលជាការឆ្លើយតបចំពោះហេតុការណ៍លបវាយឆ្មក់កាលពីថ្ងៃទី១៣ ខែធ្នូ។ ការវាយប្រហារនោះ ត្រូវបានអនុវត្តដោយខ្មាន់កាំភ្លើងម្នាក់ ដែលក្រោយមកក្រសួងមហាផ្ទៃស៊ីរី បានបញ្ជាក់ថា ជាសមាជិកនៃកងកម្លាំងសន្តិសុខ ហើយគ្រោងនឹងបណ្តេញចេញព្រោះមានទស្សនគតិជ្រុលនិយម។
យោធាសហរដ្ឋអាម៉េរិក បានចាប់ផ្តើមប្រតិបត្តិការ Hawkeye Strike តាំងពីថ្ងៃទី១៩ ខែធ្នូ ជាមួយនឹងការវាយប្រហារទ្រង់ទ្រាយធំជាច្រើនលើក ដែលបានវាយប្រហារទៅលើគោលដៅចំនួន៧០កន្លែងនៅទូទាំងភាគកណ្តាលប្រទេសស៊ីរី ដែលមានហេដ្ឋារចនាសម្ព័ន្ធយោធា និងឃ្លាំងអាវុធរបស់ក្រុម អៃស៊ីល (ISIL) ដោយបានសម្លាប់ និងចាប់ខ្លួនយុទ្ធជន ISIL បានចំនួន២៥នាក់។
អ្នកវិភាគយោធា មើលឃើញថា ការវាយប្រហារលើកនេះបង្ហាញពីការបន្តយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក ក្នុងការបង្ក្រាបក្រុម ISIL ដែលនៅតែមានសកម្មភាពនៅតំបន់មជ្ឈិមបូព៌ា ទោះបីសមត្ថភាពរបស់ក្រុមនេះ ត្រូវបានបន្ថយយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ៕
អត្ថបទៈ សួន ឡង់ទី