ប្រទេសម៉ាឡេស៊ី និងវៀតណាម កំពុងក្លាយជាទីផ្សារទេសចរណ៍ដ៏មានសក្តានុពលនៅក្នុងតំបន់អាស៊ាន ហើយកំពុងដឹកដៃគ្នាដណ្តើមយកម៉ូយទេសចរពីប្រទេសថៃ។ ម៉ាឡេស៊ី ទាក់ទាញភ្ញៀវទេសចរបរទេសបានជាង២៨លាននាក់នៅក្នុងរយៈពេល៨ខែឆ្នាំនេះកើនឡើងជាង១៤% បើធៀបនឹងឆ្នាំមុន។ កំណើនក្នុងឧស្សាហកម្មគ្មានផ្សែងរបស់ម៉ាឡេស៊ីនេះ ត្រូវបានជួយគាំទ្រជាចម្បងដោយសារការកើនឡើងចំនួនភ្ញៀវទេសចរចិន ហើយតាមរយៈកំណើននេះត្រូវបានគេវាយតម្លៃថា ម៉ាឡេស៊ី កំពុងស្ថិតនៅលើផ្លូវឈានទៅសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានលើស៣០លាន ទៅ៤០លាននាក់ ដែលធ្វើឱ្យម៉ាឡេស៊ី ក្លាយជាប្រទេសទទួលបានភ្ញៀវទេសចរបរទេសច្រើនជាងគេបំផុតនៅអាស៊ាន។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Nation ប្រទេសថៃ ដែលធ្លាប់ទាក់ទាញភ្ញៀវទេសចរបរទេសបានច្រើនជាងគេបំផុតនៅតំបន់អាស៊ាន អាចទាក់ទាញភ្ញៀវទេសចរបរទេសបានត្រឹមជាង២៨លាននាក់ប៉ុណ្ណោះនៅក្នុងរយៈពេល១១ខែកន្លងមកនេះ ធា្លក់ចុះជាង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែកវៀតណាម ឯណោះវិញមិនអន់នោះទេ ក្រោយប្រទេសថៃ កំពុងហ៊ុមព័ទ្ធដោយវិបត្តិនយោបាយផ្ទៃក្នុង អរិភាពព្រំដែនជាមួយកម្ពុជា ការធ្លាក់ចុះសេដ្ឋកិច្ច ទឹកជំនន់ វៀតណាម បានក្លាយជាតារាទេសចរណ៍មួយនៅតំបន់អាស៊ាន។ នៅឆ្នាំ២០២៥នេះ វៀតណាម ត្រូវបានគេរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានលើស២១លាននាក់ ស្របពេលកាលពីមុនកូវីដ-១៩ រីករាលដាល វៀតណាម អាចទាក់ទាញទេសចរបានត្រឹម១៨លាននាក់ប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ