
ក្រសួងមហាផ្ទៃ ម៉ាឡេស៊ី កំពុងពិចារណាលើសំណើរសុំសាងសង់របងព្រំដែនជាអចិន្ត្រៃយ៍តាមបណ្តោយព្រំដែនម៉ាឡេស៊ី-ថៃ ក្នុងរដ្ឋកេឡានតាន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីរឹតបន្តឹងសន្តិសុខតាមព្រំដែនក្នុងតំបន់ ដែលមានហានិភ័យខ្ពស់។ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ីលោក ដាទុ សេរី សាមស៊ុល អានួរ ណាសារ៉ាហ្វ (Shamsul Anuar Nasarah) បាននិយាយថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើសុវត្ថិភាពព្រំដែន ជាពិសេសនៅក្នុងតំបន់ដែលងាយនឹងធ្វើសកម្មភាពរត់ពន្ធ រួមទាំងការជួញដូរគ្រឿងញៀន។ ទន្ទឹមនឹងនេះ លោកបានព្រមានថា ការបរាជ័យក្នុងការធានាសុវត្ថិនៅក្នុងតំបន់ទាំងនេះអាចនាំឱ្យមានការគំរាមកំហែងផ្នែកសន្តិសុខកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសម៉ាឡេស៊ី។
បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ក្រសួងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប៉ូលិស និងភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀត ដើម្បីវិភាគការស៊ើបការណ៍សម្ងាត់ និងកំណត់ទីតាំងដែលត្រូវការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ ដូចជាប្រព័ន្ធឃ្លាំមើលសន្តិសុខ។ លោកបានបន្ថែមថា សំណើទាំងអស់កំពុងត្រូវបានពិនិត្យរួមទាំងការសាងសង់របង ការដំឡើងកាមេរ៉ាសុវត្ថិភាព និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត៕
ដោយៈ សរ សុជាតិ