
រដ្ឋាភិបាលម៉ាឡេស៊ី ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី អានវ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានប្តូរវេនរបស់អាស៊ានបានអនុម័តកញ្ចប់ថវិកាចំនួន៣៥៥លានដុល្លារអាម៉េរិក ដើម្បីសាងសង់របងព្រំដែនក្នុងរដ្ឋកេឡានតាន (Kelantan) ដែលជាប់ជាមួយខេត្តណារ៉ាត់ធីវ៉ាត់របស់ថៃ។ មេប៉ូលិសរដ្ឋកេឡានតាន (Kelantan) លោក ម៉ូ យូសូហ្វ ម៉ាណាត (Mohd Yusoff Manat) បានប្រកាសអំពីសេចក្ដីសម្រេច និងការអនុម័តកញ្ចប់ថវិកានេះកាលពីថ្ងៃអង្គារ ទី២១ ខែតុលា។
មេប៉ូលិសរដ្ឋកេឡានតាន (Kelantan) បាននិយាយថា កញ្ចប់ថវិកាសម្រាប់សាងសង់របងព្រំដែនម៉ាឡេស៊ី-ថៃ នេះត្រូវបានអនុម័តរួចហើយ ហើយប្រធានលេខាធិការ នៃរដ្ឋាភិបាលម៉ាឡេស៊ី គឺលោក តាន ស្រ៊ី សាមស៊ុល អាប៊ូ បាកា (Tan Sri Shamsul Azri Abu Bakar) បានចុះទៅពិនិត្យមើលទីតាំងជាក់ស្ដែងដល់ព្រំដែនរួចហើយ។
សេចក្ដីសម្រេចនេះ គឺជាជ័យជម្នះដ៏សំខាន់មួយសម្រាប់រដ្ឋរបស់ម៉ាឡេស៊ីមួយនេះ ដែលបានស្វះស្វែងសាងសង់របងព្រំដែនជាមួយខេត្តភាគខាងត្បូងណារ៉ាត់ធីវ៉ាត់របស់ថៃ ជាយូរមកហើយ ខណៈដែលប្រទេសទាំងពីរកំពុងតែជួបការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗ។
សូមបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី ធ្លាប់បានសាងសង់របងនៅផ្នែកខ្លះនៃព្រំដែនជាមួយប្រទេសថៃ ភាគខាងត្បូងនេះរួចមកហើយ ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ហើយគម្រោងសាងសងរបងព្រំដែនក្នុងរដ្ឋកេឡានតាន (Kelantan) ក៏ជាលើកទី១ផងដែរ។ ម៉ាឡេស៊ី និយាយថា របងព្រំដែននេះ ក៏មានបំណងប្រើប្រាស់ ដើម្បីទប់ស្កាត់ទឹកជំនន់ពីទន្លេហ្គោឡុក (Golok) ដែលខណ្ឌចែកព្រំដែននៃប្រទេសទាំងពីរផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Bernama របស់ម៉ាឡេស៊ី បានចុះផ្សាយថា មេប៉ូលិសរដ្ឋកេឡានតាន (Kelantan) បាននិយាយថា កំណាត់ដំបូងនៃរបងព្រំដែនក្នុងរដ្ឋនេះ នឹងត្រូវសាងសង់នៅចន្លោះតំបន់ទុំប៉ាត (Tumpat) និងតំបន់តេណាមេរ៉ា (Tenah Merah)។ មេប៉ូលិសរដ្ឋកេឡានតាន (Kelantan) បានគូសបញ្ជាក់ថា គម្រោងសាងសង់របងព្រំដែនប្រវែង៥០គីឡូម៉ែត្រនេះកំពុងស្ថិតក្នុងដំណើរការដាក់ដេញថ្លៃ ដើម្បីជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់៕
ដោយ: តែម សុខុម