រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ី លោក តេងគូ ហ្សាហ្រ្វូល អាប់ឌុល អាស៊ីស (Tengku Zafrul Abdul Aziz) បាននិយាយនៅក្នុងសភាកាលពីថ្ងៃពុធ សប្តាហ៍នេះថា ប្រទេសម៉ាឡេស៊ីនឹងបន្តហាមឃាត់ការនាំចេញរ៉ែកម្រ ដើម្បីការពារធនធានក្នុងស្រុក ទោះបីខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែសំខាន់ៗជាមួយសហរដ្ឋអាម៉េរិក នៅសប្តាហ៍នេះ ក៏ដោយ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីរូបនេះ ក៏ច្រានចោលការចោទប្រកាន់ដែលថា ម៉ាឡេស៊ី បានអនុញ្ញាតឱ្យនាំចេញរ៉ែសំខាន់ៗ និងរ៉ែកម្រទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីស្វែងរកប្រាក់ចំណេញ ឬបម្រើឱ្យគោលដៅយុទ្ធសាស្ត្រណាមួយ។
រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ម៉ាឡេស៊ី បានសង្កតធ្ងន់ថា ម៉ាឡេស៊ី លែងចង់ក្លាយជាប្រទេសជីកយករ៉ែ និងនាំចេញវត្ថុធាតុដើមមានតម្លៃថោកៗដូចកាលពីមុនទៀតហើយ ដោយខ្លួននឹងលើកទឹកចិត្តដល់ការវិនិយោគបរទេស និងការចែករំលែកបច្ចេកវិទ្យាសម្រាប់ការជីកយករ៉ែ និងកែច្នៃរ៉ែកម្រនៅក្នុងស្រុក។ គោលនយោបាយរបស់ម៉ាឡេស៊ីនេះ មិនមែនដើម្បីទប់ស្កាត់ពាណិជ្ជកម្មជារៀងរហូតនោះទេ តែជាការទប់ស្កាត់ការនាំចេញវត្ថុធាតុដើមដែលមិនទាន់កែច្នៃដែលមានតម្លៃថោកតែប៉ុណ្ណោះ។
បើតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាល ប្រទេសម៉ាឡេស៊ី មានរ៉ែកម្រប្រហែលជាង១៦លានតោន ប៉ុន្តែខ្វះបច្ចេកវិទ្យាដើម្បីជីកយក និងកែច្នៃវា ខណៈរ៉ែកម្រត្រូវការជាចាំបាច់សម្រាប់ការផលិតបច្ចេកវិទ្យាទំនើបរួមទាំងយានយន្តអគ្គិសនី ឧបករណ៍បន្ទះឈីប និងសព្វាវុធ។
សហរដ្ឋអាម៉េរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយម៉ាឡេស៊ី និងថៃ ក្នុងអំឡុងពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗចំពេលមានការរឹតបន្តឹងរ៉ែកម្រពីប្រទេសចិន។ បន្ថែមលើនេះអាម៉េរិក ក៏បានចុះកិច្ចព្រមព្រៀងរ៉ែកម្រជាមួយប្រទេសជប៉ុនផងដែរ៕
ដោយ៖ សុខ មង្គល