
អាជ្ញាធរម៉ាឡេស៊ី បានជូនដំណឹងឲ្យប្រជាពលរដ្ឋរបស់ខ្លួនពន្យារពេលធ្វើដំណើរទៅប្រទេសថៃ ប្រសិនបើមិនមានការចាំបាច់ បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកនៅក្នុងខេត្តភាគខាងត្បូង នៃប្រទេសនេះ។ ប្រធានគណៈកម្មាធិការទទួលបន្ទុកទេសចរណ៍ វប្បធម៌ សិល្បៈ និងបេតិកភណ្ឌម៉ាឡេស៊ី លោក ដាទុ កាម៉ារូឌីន មីត ណ័រ (Datuk Kamaruddin Md Nor) បានអះអាងថា សុវត្ថិភាពត្រូវតែជាអាទិភាពសម្រាប់ពលរដ្ឋម៉ាឡេស៊ី ដែលចាំបាច់ត្រូវតែធ្វើដំណើរទៅកាន់ប្រទេសថៃ។
លោកបានលើកឡើងថា ទោះបីជាការវាយប្រហារដោយការបង្កៃគ្រាប់បែកវាមិនមែនជារឿងថ្មីនៅក្នុងប្រទេសថៃ តែដើម្បីការពារសុវត្ថិភាព ពលរដ្ឋម៉ាឡេស៊ី គួរតែពន្យារពេលធ្វើដំណើរទៅកាន់ប្រទេសថៃ ជាពិសេសនៅរដូវកាលវិស្សមកាលខាងមុខនេះ។
ក្រៅពីអំពីហិង្សាវាយប្រហារលើអ្នកទេសចរម៉ាឡេស៊ីពីរនាក់នៅកណ្តាលក្រុងបាងកក អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ ក៏កំពុងមានការកើនឡើងផងដែរ។ នៅឆមាសទី១ ឆ្នាំ២០២៥ ម៉ាឡេស៊ី ជាទីផ្សារទេសចរណ៍បរទេសធំបំផុតរបស់ថៃ ដូច្នេះការដាក់បម្រាមរបស់អាជ្ញាធរម៉ាឡេស៊ី ផ្អាកការធ្វើដំណើរទៅប្រទេសថៃនេះ ចង់ ឬមិនចង់វានឹងជះផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ថៃ ដែលកំពុងជួបវិបត្តិស្រាប់ហើយនោះ។
គួរបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៥ ថៃ ទទួលបានភ្ញៀវទេសចរបរទេសសរុប១៥លាននាក់ ធ្លាក់ចុះជិត៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះភ្ញៀវទេសចរម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ១ មានរហូតដល់ជាង២លាន៤ម៉ឺននាក់ តាមពីក្រោយដោយភ្ញៀវទេសចរចិន មានចំនួនជាង២លាន២ម៉ឺននាក់ បន្ទាប់មកឥណ្ឌា រុស្ស៊ី និងកូរ៉េខាងត្បូង៕
ដោយៈ សរ សុជាតិ