សារព័ត៌មាន the Edge Malaysia បានរាយការណ៍នៅថ្ងៃទី១៦ ខែវិច្ឆិកា ថា អាជ្ញាធរម៉ាឡេស៊ី បានព្រមានពលរដ្ឋខ្លួនឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ពេលធ្វើដំណើរទៅកម្សាន្តនៅប្រទេសថៃ ជាពិសេសឱ្យចៀសវាងការធ្វើដំណើរពេលយប់នៅក្នុងខេត្តភាគខាងត្បូងប្រទេសថៃ ក្រោយមានការកើនឡើងអំពើហិង្សា។ អាជ្ញាធរម៉ាឡេស៊ី បានណែនាំឲ្យពលរដ្ឋខ្លួនលើកកម្ពស់ការប្រុងប្រយ័ត្ន ពេលធ្វើដំណើរទៅកាន់ខេត្តយ៉ាឡា ណារ៉ាធីវ៉ាត និងប៉ាតានី ស្ថិតនៅភាគខាងត្បូងប្រទេសថៃ ដោយសារបារម្ភពីអំពើហិង្សា ដែលកំពុងកើនកំដៅដ៏ក្តៅគគុក។
អគ្គកុងស៊ុលម៉ាឡេស៊ី ប្រចាំខេត្តសុងក្លា លោក អាមេ ហ្វាមី អាម៉ាត សាកាវី (Ahmad Fahmi Ahmad Sarkawi) បានអះអាងថា នេះគ្រាន់តែជាការព្រមានមិនមែនជាបម្រាមនោះឡើយ ប៉ុន្តែស្ថានភាពនៃអំពើហិង្សានៅខេត្តទាំងនោះពិតជាមានការកើនឡើងខ្លាំង។ លោកបានចាត់ទុកសារព្រមាននេះ គឺដើម្បីការពារសុវត្ថិភាពរបស់ពលរដ្ឋ និងដើម្បីជៀសវាងឧប្បត្តិហេតុ ដែលអាចកើតមាន។
បើតាមការចុះផ្សាយរបស់សារព៍ត៌មាន the Star ម៉ាឡេស៊ី ជាទីផ្សារទេសចរណ៍កំពូល ដែលបានចូលទៅលេងនៅក្នុងប្រទេសថៃ ដោយនៅក្នុងរយៈពេល៩ខែឆ្នាំ២០២៥ អ្នកទេសចរម៉ាឡេស៊ី ដែលបានធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសថៃ មានចំនួនជាង៣,៤លាននាក់ធ្លាក់ចុះជាង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលតាមពីក្រោយដោយភ្ញៀវទេសចរចិន មានចំនួនប្រមាណ៣,៤លាននាក់ ធ្លាក់ចុះជិត ៣៥%។ នៅក្នុងរយៈពេលដូចគ្នានេះ ថៃស្រូបទាញភ្ញៀវទេសចរបានប្រមាណ២៤លាននាក់ធ្លាក់ចុះប្រមាណ៧,៥%៕
ដោយៈ សរ សុជាតិ