នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីចោទសួរក្រុមប្រឆាំងនៅថៃថា តើពួកគេសប្បាយចិត្តណាស់មែនទេ ពេលឃើញកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃត្រូវជាប់គាំង?


នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅថ្ងៃទី ១១ ខែវិច្ឆិកា នេះ បានចេញប្រតិកម្មខ្លាំងៗ ទៅកាន់ក្រុមប្រឆាំងថៃ ដែលមានឧត្តមសេនីយ៍ឯកចូលនិវត្តន៍ម្នាក់ គឺលោក Rangsi Kitiyansap បាននិយាយចោទប្រកាន់គ្មានមូលដ្ឋាន ទៅលើប្រទេសម៉ាឡេស៊ី និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ថាជាបាតដៃទី៣ ឬជាសត្រូវក្នុងរបស់ថៃ ពាក់ព័ន្ធនឹងដំណើរការកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា និងថៃ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី
ដោយ

លោក អាន់វ៉ាបានចោទជាសំណួរ ទៅកាន់ក្រុមប្រឆាំងថៃថា នៅពេលដែលកិច្ចព្រមព្រៀងសន្ដិភាពត្រូវបានព្យួរ ដែលបង្កឱ្យមានហិភ័យនៃជម្លោះកើនឡើង តើពួកគេទាំងនោះ សប្បាយចិត្តណាស់មែនទេ ដែលបានឃើញសន្ដិភាពត្រូវបានជាប់គាំង ព្រោះតែមហិច្ឆតាតាមបំផ្លិចបំផ្លាញរដ្ឋាភិបាលរបស់ខ្លួននោះ?

បើតាមលោក អាន់វ៉ា កិច្ចព្រមព្រៀងសន្ដិភាពគូឡាឡាំពួ រវាងថៃ និងកម្ពុជា គឺត្រូវបានចរចារវាងប្រទេសទាំងពីរ ដោយមានភាគីម៉ាឡេស៊ី ជាអ្នកជួយសម្របសម្រួលតែប៉ុណ្ណោះ។ ប៉ុន្ដែ បែរជាមានអ្នកប្រឆាំងនៅប្រទេសថៃខ្លះ បាននិយាយវាយប្រហារម៉ាឡេស៊ី ដោយគ្មានហេតុផលទៅវិញ។

ត្រូវបានស្រង់សម្ដីដោយ សារព័ត៌មាន Bernama នៅថ្ងៃទី ១១ ខែវិច្ឆិកា លោក អាន់វ៉ា បានពន្យល់ទៀតថា ភាពតានតឹងរវាងកម្ពុជា និងថៃ ដែលកើតឡើងដោយសារការផ្ទុះគ្រាប់មីន របួសទាហានថៃថ្មីនេះ បានពន្យារពេលអនុម័តលើកិច្ចព្រមព្រៀងមួយចំនួន ដែលកំពុងរង់ចាំការបញ្ជាក់ ប៉ុន្ដែ មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការសន្ដិភាពនោះឡើយ។

នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី បាននិយាយទៀតថា ម៉ាឡេស៊ី នៅតែប្តេជ្ញាចិត្តធានាសន្ដិភាពក្នុងតំបន់ ព្រោះភាពតានតឹងក្នុងតំបន់ក៏ប៉ះពាល់ដល់ប្រទេសម៉ាឡេស៊ី ខណៈទីក្រុងគូឡាឡាំពួនៅតែមានទំនួលខុសត្រូវខ្ពស់ ដោយសារតែ ខ្លួននៅមានកាត្វកិច្ចធ្វើជាប្រធានអាស៊ានប្ដូរវេនរហូតដល់ដំណាច់ឆ្នាំនេះ។

កិច្ចព្រមព្រៀងសន្ដិភាពគូឡាឡាំពួ ត្រូវបានប្រទេសកម្ពុជា និងថៃ ចុះហត្ថលេខាកាលពីថ្ងៃទី ២៦ ខែតុលា ដោយមានប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានធ្វើជាសាក្សី។

ប៉ុន្ដែ កិច្ចព្រមព្រៀងនេះ ត្រូវបានប្រទេសថៃ សម្រេចព្យួរដោយឯកតោភាគី នៅថ្ងៃទី ១១ ខែវិច្ឆិកា នៅក្រោយពេលដែល ទាហានថៃបានដើរជាន់មីនផ្ទុះរងរបួស កាលពីថ្ងៃទី ៩ ខែវិច្ឆិកា នៅតំបន់ Huai Ta Maria ខេត្តស៊ីសាកេត។ ការផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្ដិភាពដោយភាគីថៃនេះ ក៏បានធ្វើឱ្យផែនដោះលែងទាហានកម្ពុជាទាំង ១៨នាក់ ត្រូវបានពន្យារពេលផងដែរ។

ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី ១១ ខែវិច្ឆិកានេះ បានចេញមកអះអាងថា ការផ្ទុះគ្រាប់មីន ដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាគ្រាប់មីន ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមស៊ីវិលរបស់កម្ពុជាម្ល៉េះ មិនមែនជាមីន ដែលបានដាក់ថ្មី ដូចការចោទប្រកាន់របស់ភាគីថៃនោះឡើយ។

ក្រសួងការពារជាតិ បានបញ្ជាក់នូវគោលជំហរយ៉ាងមុតមាំថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។




អត្ថបទបន្ទាប់


ទីបំផុតព្រឹទ្ធសភាអាម៉េរិកបោះឆ្នោតគាំទ្រឱ្យបើកដំណើរការរដ្ឋាភិបាលអាម៉េរិកឡើងវិញ

នៅទីបំផុតព្រឹទ្ធសអាម៉េរិកបានបោះឆ្នោតដោយសំឡេងភាគច្រើន៦០សំឡេងទល់នឹង៤០សំឡេងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ម៉ោងនៅសហរដ្ឋអាម៉េរិក ដើម្បីអនុម័តសេ…

តើថៃ អាចរងសម្ពាធអ្វីខ្លះក្រោយព្យួរកិច្ចព្រមព្រៀងសន្តិភាពដោយឯកតោភាគី ហើយកម្ពុជា គួរធ្វើយ៉ាងណា?

ក្រុមប្រឹក្សាសន្ដិសុខជាតិថៃ បានសម្រេចអនុម័តព្យួរសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្ដិភាព កម្ពុជា-ថៃ ដែលមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ