វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ ១៤ ខែមីនា ឆ្នាំ ២០២៦ និងត្រូវបានផ្តល់ វគ្គបណ្តុះបណ្តាល និងសម្របសម្រួលដោយ លោក Gordon Paterson និង លោកស្រី Waralak Pinthammarak ដែលជាអ្នកប្រឹក្សាឯករាជ្យ ដោយបានពង្រឹងការយល់ដឹងបុគ្គលិក អិលអូអិលស៊ី (LOLC) អំពីបញ្ហាដែលពាក់ព័ន្ធនឹងបំណុល និងបង្កើនសមត្ថភាពក្នុងការគាំទ្រអតិថិជនដែលប្រឈមនឹងភាពតានតឹងផ្នែកហិរញ្ញវត្ថុ។ គំនិតផ្តួចផ្តើមនេះបង្ហាញពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ អិលអូអិលស៊ី (LOLC) ក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលិក និងលើកកម្ពស់ការអនុវត្តប្រកបដោយក្រមសីលធម៌ក្នុងប្រតិបត្តិការរបស់ខ្លួន។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ទាំងចំណេះដឹងផ្នែកទ្រឹស្តី និងការអនុវត្តសម្តែង ដោយជួយឱ្យអ្នកចូលរួមយល់ដឹងកាន់តែជ្រាលជ្រៅអំពីមូលហេតុចម្បងនៃភាពតានតឹងនៃបំណុល រួមមានសម្ពាធសេដ្ឋកិច្ច ភាពមិនមានស្ថិរភាពនៃប្រាក់ចំណូល និងការគ្រប់គ្រងហិរញ្ញវត្ថុមិនបានល្អជាដើម។ ចំណុចសំខាន់មួយនៃវគ្គបណ្តុះបណ្តាល គឺជួយឱ្យបុគ្គលិក អិលអូអិលស៊ី (LOLC) អាចកំណត់សញ្ញាដំបូងនៃភាពតានតឹងនៃបំណុលអតិថិជនរបស់ពួកគាត់ដូចជា ការបង់សងមិនទៀងទាត់ ការទំនាក់ទំនងថយចុះ ឬសញ្ញាផ្សេងៗនៃភាពលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីអាចចូលរួមជួយអតិថិជនបានទាន់ពេលវេលា។
ក្នុងអំឡុងពេលវគ្គបណ្តុះបណ្តាល បុគ្គលិក អិលអូអិលស៊ី (LOLC) បានចូលរួមក្នុងសកម្មភាពសិក្សាដូចជា ករណីសិក្សា និងការសម្តែង ដែលឆ្លុះបញ្ចាំងពីស្ថានភាពអតិថិជនជាក់ស្តែង។ សកម្មភាពទាំងនេះអនុញ្ញាតឱ្យបុគ្គលិក អិលអូអិលស៊ី (LOLC) អនុវត្តជំនាញក្នុងការវាយតម្លៃស្ថានភាពអតិថិជន ប្រាស្រ័យទាក់ទងដោយការយល់ចិត្ត និងការផ្តល់ជម្រើសនៃដំណោះស្រាយសមស្រប។ លើសពីនេះ វគ្គបណ្តុះបណ្តាលក៏បានផ្តោតយ៉ាងខ្លាំងលើការប្រាស្រ័យទាក់ទងជាមួយអតិថិជនប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងគោលការណ៍ការពារអតិថិជន។
ជាពិសេស គំនិតផ្តួចផ្តើមនេះក៏បានលើកឡើងពីសារៈសំខាន់នៃការរក្សាតុល្យភាពរវាងការគ្រប់គ្រងគុណភាពផលប័ត្រឥណទាន និងការការពារសុខុមាលភាពអតិថិជន។ តាមរយៈការផ្តល់ជូនបុគ្គលិកនូវជំនាញ និងទស្សនៈត្រឹមត្រូវ អិលអូអិលស៊ី (LOLC) មានគោលបំណងដើម្បីធានាថាដំណោះស្រាយហិរញ្ញវត្ថុដែលបានផ្តល់ជូននោះគាំទ្រទាំងចីរភាពរបស់ស្ថាប័ន និងលទ្ធផលវិជ្ជមានសម្រាប់អតិថិជន។
គំនិតផ្តួចផ្តើមនេះបង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់ អិលអូអិលស៊ី (LOLC) ក្នុងការពង្រឹងសមត្ថភាពផ្ទៃក្នុង និងផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ។ តាមរយៈការអភិវឌ្ឍចំណេះដឹង និងការអនុវត្តន៍ប្រកបដោយវិជ្ជាជីវៈរបស់បុគ្គលិក អិលអូអិលស៊ី (LOLC) បានលើកកម្ពស់បេសកម្មរបស់ខ្លួនដោយផ្តោតលើប្រតិបត្តិការប្រកបដោយចីរភាព និងលទ្ធផលវិជ្ជមាន ព្រមទាំងមានទំនាក់ទំនងល្អជាមួយសហគមន៍ក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន។