
ដើម្បីរួមចំណែកជួយដោះសា្រយបញ្ហាតម្លៃស្វាយកែវរមៀតដែលកំពុងធ្លាក់ថ្លៃខ្លាំងនេះ មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង លើកទឹកចិត្តឱ្យកសិករ ដែលមានលទ្ធភាពគួរដឹកជញ្ជូនស្វាយ ដែលកំពុងកកស្ទះទៅលក់នៅទីប្រជុំជន ព្រោះអាចមានតម្រូវការច្រើន។
លោកស្រី តែម បុផ្ផា កសិករដាំស្វាយម្នាក់នៅខេត្តបាត់ដំបង បានលើកឡើងថា ស្របពេលឈ្មួញថៃ បានផ្អាកការប្រមូលទិញស្វាយ បច្ចុប្បន្នតម្លៃស្វាយកែវរមៀត នៅតំបន់របស់លោកស្រីបានធ្លាក់ចុះមកនៅត្រឹម១៧០រៀល ក្នុង១គីឡូក្រាមប៉ុណ្ណោះ ដោយកាលពីខែមុន អាចលក់បានរហុតដល់៥០០រៀល ក្នុង១គីឡូក្រាម។ បើតាមការអះអាងរបស់កសិកររូបនេះ ទោះបីផ្លែស្វាយចុះថោក តែហាក់មិនសូវសម្បូរឈ្មួញចុះទិញនោះទេ ដោយសារឈ្មួញភាគច្រើនបានផ្អាកទិញផ្លែស្វាយជាបណ្ដោះអាសន្ន។ ជាមួយគ្នានេះ លោកស្រី ក៏បានស្នើឱ្យរដ្ឋាភិបាលជួយស្វែងរកទីផ្សារប្រមូលទិញស្វាយផងដែរ។
ជាមួយគ្នានេះកសិករដាំស្វាយម្នាក់នៅខេត្តបាត់ដំបង ដែលសុំមិនបញ្ចេញឈ្មោះបានអះអាងថា តាំងពីពិធីបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរបានបញ្ចប់រហូតមកទល់ពេលនេះមិនទាន់មានឈ្មួញកណ្ដាលចុះមកប្រមូលទិញស្វាយនៅឡើយទេ ដោយសារមានការក្រឡុកទីផ្សារពីឈ្មួយថៃ និងវៀតណាម នៅពេលពួកគេដឹកទៅដល់ប្រទេសទាំងនេះ។ បើតាមការអះអាងរបស់កសិកររូបនេះ ផ្លែស្វាយនៅខែនេះមានគុណភាពល្អជាងខែមុន ហើយទំហំផ្លែស្វាយក៏ស្របតាមស្ដង់ដាផងដែរ។
ដោយឡែក លោក ឈឹម ចាន់ធារិទ្ធ ឈ្មួញកណ្ដាលទិញស្វាយម្នាក់នៅខេត្តបាត់ដំបងដែរនោះបានឱ្យដឹងថា លោកបានសម្រេចចិត្តផ្អាកទិញស្វាយជាបណ្ដោះអាសន្ន ដោយសារឈ្មួញធំនៅថៃ លែងមានតម្រូវការស្វាយ ព្រោះស្វាយនៅថៃ កំពុងចាល់។
ដោយឡែកលោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង លើកទឹកចិត្តឱ្យកសិករដាំស្វាយចងក្រងគ្នាជាសហគមន៍ និងផលិតផ្លែស្វាយក្រោមកិច្ចសន្យា ព្រោះវាអាចជួយរក្សាតម្លៃរបស់ស្វាយឱ្យនៅថេរ។ ស្របពេលទីផ្សារផ្លែស្វាយកំពុងចាល់ អនុប្រធានមន្ទីររូបនេះលើកទឹកចិត្តឱ្យកសិករដែលមានលទ្ធភាពគួរដឹកស្វាយទៅលក់នៅទីប្រជុំជន ដ្បិតវាអាចតម្រូវការច្រើន។
បើតាមអះអាងរបស់ក្រុមកសិករ ផ្លែស្វាយអាចនឹងឡើងថ្លៃមកវិញនៅអំឡុងខែឧសភា ខាងមុខនេះ ដោយសារខែនេះផ្លែស្វាយលែងសូវសម្បូរ៕
អត្ថបទ៖ ជា ម៉ារ៉ា