សម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកនៅតំបន់មជ្ឈិមបូព៌ាជាច្រើនបានជំរុញឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ផ្អាកការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ចំពោះការបង្ក្រាបដ៏សាហាវរបស់រដ្ឋាភិបាលលើក្រុមបាតុករ។ សំណើរនេះបានកើតឡើងក្រោយមន្ត្រីជាន់ខ្ពស់មកពីប្រទេសអេហ្ស៊ីប អូម៉ង់ អារ៉ាប៊ីសាអូឌីត និងកាតា បានលើកឡើងពីការព្រួយបារម្ភក្នុងរយៈពេល៤៨ម៉ោងចុងក្រោយនេះថា អន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករងការរង្គោះរង្គើ និងធ្វើឱ្យតំបន់ ដែលមានភាពប្រែប្រួលរួចទៅហើយនោះកាន់តែមិនមានស្ថិរភាព។
ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងទេថា តើសហរដ្ឋអាម៉េរិកនឹងសម្រេចយ៉ាងណាចំពោះសំណើនេះនៅឡើយទេ ខណៈការតវ៉ាប្រឆាំងនឹងរបបគ្រប់គ្រងតាមបែបសាសនារបស់អ៊ីរ៉ង់ រីកប៉ោងកាន់តែធំ និងឡើងកម្តៅកាន់តែខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ហើយមានសេចក្តីរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់ជិត៣ពាន់នាក់បានស្លាប់។
ពាក់ព័ន្ធនឹងបញ្ហានេះលោកស្រី ខារ៉ូលីន លីវិត (Karoline Leavitt) អ្នកនាំពាក្យសេតវិមានបានអះអាងថា ជម្រើសទាំងអស់នៅតែមាននៅលើតុសម្រាប់លោក ត្រាំ។ លោកស្រីបានសង្កត់ធ្ងន់ថា ការពិតមានតែលោក ត្រាំ និងក្រុមទីប្រឹក្សាជិតស្និទទេដែលដឹងពីអ្វី ដែលលោកនឹងធ្វើ៕
ដោយៈ សរ សុជាតិ