
លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា បានគូសបញ្ជាក់ថា ទោះមានការរឹតបន្តឹងលើការនាំចូលសាច់ពីក្រៅប្រទេសក៏ដោយ តែការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មិនមានការខ្វះខាតនោះទេ ដោយសារការផលិតក្នុងស្រុកអាចធានាការផ្គត់ផ្គង់បានគ្រប់គ្រាន់ និងមានសេសសល់មួយចំនួនផងដែរ។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ ការផ្គត់ផ្គង់សាច់នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌមានការកើនឡើងខ្លាំង បើធៀបនឹងថ្ងៃធម្មតា ដោយសារពលរដ្ឋត្រូវការយកទៅធ្វើចង្ហាន់ប្រគេនដល់ព្រះសង្ឃ និងធ្វើជាម្ហូបអាហារផ្សេងៗ។ ទោះបីតម្រូវការសាច់មានការកើនឡើងក៏ពិតមែន តែតម្លៃសាច់ជ្រូកនៅលើទីផ្សារពុំមានឡើងថ្លៃគួរឱ្យកត់សម្គាល់នោះទេ។
ជាមួយគ្នានេះ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា មកដល់ពេលនេះ ការផ្គត់ផ្គង់សាច់នៅលើទីផ្សារកម្ពុជា ពុំមានការខ្វះខាតនោះទេ ដោយសារការផលិតនាពេលបច្ចុប្បន្នមានចំនួនច្រើន និងលើសពីតម្រូវការប្រើប្រាស់។ ការណ៍នេះ បានធ្វើឱ្យតម្លៃសាច់ជ្រូកនៅលើទីផ្សារមិនមានការឡើងថ្លៃនោះទេ ដែលធ្វើឱ្យអ្នកចិញ្ចឹមមួយចំនួនកំពុងជួបបញ្ហាប្រឈម។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ បច្ចុប្បន្នកម្ពុជា ត្រូវការជ្រូករស់ប្រមាណ៩ពាន់ក្បាល ឬស្មើនឹង៩០ម៉ឺនគីឡូក្រាមសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុង១ថ្ងៃ។
គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៧ ខែឧសភា កន្លងទៅបានសម្រេចបិទការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីគ្រប់ច្រកព្រំដែនទាំងអស់ជាមួយថៃ ដើម្បីបង្ការជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់។ ជាមួយគ្នានេះ នាពេលកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់មិនឱ្យនាំចូលបំណែកសាច់បង្កកបណ្តោះអាសន្នចំនួន២លើក ដើម្បីរួមចំណែកជួយលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជា បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់ដោយសារការនាំចូលសាច់បង្កកខុសច្បាប់ពីបរទេស៕
អត្ថបទ៖ បូ ដូឡា