ក្រុមហ៊ុនយក្ស Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានបញ្ឈប់បុគ្គលិកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI រហូតដល់ទៅ៦០០នាក់ ហើយដាក់ជំនួសដោយបច្ចេកវិទ្យា AI ដែលពួកគេបានចូលរួមបង្កើតឡើង។ អ្នកនាំពាក្យក្រុមហ៊ុនយក្ស Meta បានប្រាប់សារព័ត៌មាន CNBC កាលពីថ្ងៃពុធ ទី២២ ខែតុលា ថា ការបញ្ឈប់បុគ្គលិកផ្នែក AI ក្នុងចំនួនប្រមាណ៦០០នាក់នេះ គឺដើម្បីរៀបចំរចនាសម្ព័ន្ធអង្គភាព AI ឡើងវិញ និងជំរុញឱ្យអង្គភាពរីកចម្រើនកាន់តែឆាប់រហ័ស។
ការបញ្ឈប់បុគ្គលិកជាន់ខ្ពស់យ៉ាងច្រើននេះ ត្រូវបានប្រកាសតាមរយៈលិខិតជូនដំណឹងមួយច្បាប់ពីលោក Alexandr Wang ប្រធានផ្នែក AI វ័យក្មេងដែលទើបតែចូលរួមជាមួយក្រុមហ៊ុន Meta កាលពីអំឡុងខែមិថុនា ជាផ្នែកមួយនៃការវិនិយោគក្នុងទំហំដល់ទៅ១៤,៣ពាន់លានដុល្លាររបស់ខ្លួនលើ Scale AI។ ការកាត់បន្ថយនេះ ប៉ះពាល់ដល់បុគ្គលិកនៅក្នុងក្រុមហេដ្ឋារចនាសម្ព័ន្ធ AI ការស្រាវជ្រាវពី AI និងផលិតផល AI របស់ក្រុមហ៊ុន Meta។
នេះបង្ហាញពីយុទ្ធសាស្ត្ររបស់លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta ដែលផ្តោតលើការរក្សាទុកបុគ្គលិក AI ថ្មីៗ ដែលមានសមត្ថភាពច្នៃប្រឌិតខ្ពស់ ខណៈដែលកាត់បន្ថយបុគ្គលិកចាស់ៗ។ ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា ក្រោយការបញ្ឈប់បុគ្គលិក AI ប្រមាណ ៦០០នាក់នេះ ពេលនេះ បុគ្គលិកផ្នែក AI របស់ក្រុមហ៊ុន Meta មានចំនួនក្រោម៣ពាន់នាក់ប៉ុណ្ណោះ៕
ដោយ៖ សុខ មង្គល