
យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវមួយរបស់អង្គភាពគ្រប់គ្រងកម្មវិធីសម្រាប់ការអភិវឌ្ឍន៍ផ្អែកលើមូលដ្ឋាន (PMU-A) ដែលគាំទ្រដោយរដ្ឋាភិបាលថៃ បានបង្ហាញថា ពលរដ្ឋថៃ ចំនួន២,៣៩លាននាក់ ឬ៣,៤១% កំពុងរស់ក្រោមបន្ទាត់នៃភាពក្រីក្រ។ ទិន្នន័យបង្ហាញទៀតថា នៅភូមិភាគឦសាននៃប្រទេសថៃ មានអ្នកក្រច្រើនជាងគេរហូតដល់ទៅ៣១,៧% បន្ទាប់មកនៅភាគខាងត្បូង មានអ្នកក្រ៣០,៧% ភូមិភាគកណ្ដាល មានអ្នកក្រ១៩,១% និងភាគខាងជើងមានអ្នកក្រ១៧% ចំណែកឯក្រុងបាងកក មានប្រជាជនក្រីក្រតិចជាងគេត្រឹម១,៦% ប៉ុណ្ណោះ។
ភាពក្រីក្រនេះ គឺដោយសារតែពលរដ្ឋទទួលបានប្រាក់ចំណូលទាប បំណុលគ្រួសារកើនឡើងខ្ពស់ និងឱកាសការងារមានកម្រិត។ គ្រួសារក្រីក្រជាច្រើនគ្មានប្រាក់សន្សំ ខ្វះដីស្រែចម្ការ ឬ ខ្វះលទ្ធភាពទទួលបានសុខុមាលភាព ហើយខ្លះរស់នៅក្នុងតំបន់ដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយ។
ចាប់តាំងពីឆ្នាំ២០២០ មក អង្គភាពគ្រប់គ្រងកម្មវិធីសម្រាប់ការអភិវឌ្ឍន៍ផ្អែកលើមូលដ្ឋាន បានដាក់ចេញគំរូរូបមន្តកាត់បន្ថយភាពក្រីក្រចំនួន១៩៩ មូលនិធិប្រឆាំងភាពក្រីក្រចំនួន៣៤ នៅក្នុងខេត្តចំនួន១៦ និងបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនៅភាគខាងត្បូង។ ក្រុមអ្នកជំនាញបានស្នើឱ្យយកកិច្ចការលុបបំបាត់ភាពក្រីក្រធ្វើជារបៀបវារៈថ្នាក់ជាតិ កែលម្អមូលដ្ឋានទិន្នន័យ ពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ និងពង្រឹងរដ្ឋបាលមូលដ្ឋាន។
ទិន្នន័យបង្ហាញថា បំណុលគ្រួសាររបស់ពលរដ្ឋថៃ គឺជាឧបសគ្គដ៏ចម្បង។ នៅដើមឆ្នាំ២០២៥ បំណុលពលរដ្ឋបានកើនឡើងរហូតដល់ទៅ៥១៥ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង៨៧,៤% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលលើសពីកម្រិតបំណុលមានសុវត្ថិភាព។ ឥណទានមិនដំណើរការ ឬកម្ចីខូចនៅពេលនេះមានចំនួនសរុបជាង៣៨,៧ពាន់លានដុល្លារអាម៉េរិក ដែលគ្របដណ្ដប់លើកូនបំណុល៥,៣លាននាក់។
ទិន្នន័យបង្ហាញទៀតថា ពលរដ្ឋថៃ ជាច្រើន ជំពាក់បំណុលត្រឹមតែជាង៣ពាន់ដុល្លារអាម៉េរិក ប៉ុណ្ណោះក្នុងមនុស្សម្នាក់ ប៉ុន្តែពួកគេនៅតែប្រឈមនឹងពាក្យបណ្ដឹងដោយសារខ្វះលទ្ធភាពសងត្រលប់ ហើយក្នុងនោះកម្មករវ័យក្មេងងាយរងគ្រោះជាងគេបំផុត៕
ដោយ: តែម សុខុម