អាជ្ញាធរមីន

អាជ្ញាធរមីនទទូចឱ្យថៃ កុំយកបញ្ហាផ្ទុះមីនធ្វើជាមូលហេតុក្នុងការព្យួរកិច្ចព្រមព្រៀងសន្តិភាពដោយឯកតោភាគី


អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន អាជ្ញាធរមីន ទទូចឱ្យភាគីថៃ ចៀសវាងយកបញ្ហាផ្ទុះមីនធ្វើឱ្យទាហានថៃ រងរបួសកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ធ្វើជាមូលហេតុក្នុងការព្យួរកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ដោយឯកតោភាគី។
អាជ្ញាធរមីន
ដោយ

ជាមួយគ្នានេះអាជ្ញាធរមីន បានច្រានចោលចំពោះការចោទប្រកាន់របស់ភាគី ថា កម្ពុជា បានដាក់មីនថ្មីៗនៅតាមបណ្តោយព្រំដែន និងបានអះអាងថា ការរងគ្រោះថ្នាក់របស់ទាហានថៃដោយសារមីនកាលពីពេលថ្មី គឺជាមីនចាស់ ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមស៊ីវិលរបស់កម្ពុជា។ យ៉ាងណាក៏ដោយ កម្ពុជា នៅតែបន្តប្តេជ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ស្តីពីសន្តិភាព ដែលមានសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ី ធ្វើជាសាក្សី។

អាជ្ញាធរមីនទទូចដល់ភាគីថៃ ចៀសវាងការយកបញ្ហាផ្ទុះមីននៅតំបន់ព្រំដែន ដែលធ្វើឱ្យទាហានថៃ ពីររូបរងរបួសកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ធ្វើជាមូលហេតុនៃការផ្អាកអនុវត្តជាឯកតោភាគីនូវកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការចូលរួមធ្វើជាសាក្សីពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

ជាមួយគ្នានេះ អាជ្ញាធរមីន បានសម្តែងការសោកស្តាយចំពោះសារព័ត៌មានថៃ មួយចំនួន ដែលបានចុះផ្សាយក្នុងចេតនាចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាថា បានប្រើប្រាស់ និងដាក់មីនថ្មី។ អាជ្ញាធរមីនបានចាត់ទុកការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះថា បានធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញដល់ការបោសសម្អាតមីនមនុស្សធម៌ និងបង្កើនទំនុកចិត្តរវាងគ្នានៅតាមបណ្តោយព្រំដែនផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរមីនកម្ពុជា ស្នើដល់ភាគីថៃ រក្សានូវស្មារតីកិច្ចសហការ វប្បធម៌សន្ទនា គោរពគ្នាទៅវិញទៅមក និងឈរលើគោលការណ៍មនុស្សធម៌ និងច្បាប់អន្តរជាតិ ដើម្បីសម្រេចបានគោលដៅរួមពិភពលោកមួយដែលគ្មានមីន។ ចំពោះចេតនាចោទប្រកាន់ណាមួយ ដែលគ្មានការពិត ឬការស៊ើបអង្កេតច្បាស់លាស់ ឬការប្រើប្រាស់មីន ដើម្បីបម្រើដល់នយោបាយអាចនឹងបំផ្លាញដល់ទំនុកចិត្តរវាងគ្នា និងគ្នា ធ្វើឱ្យអាប់ឱនដល់កិត្តិយសរបស់រដ្ឋភាគី និងស្មារតីនៃអនុសញ្ញាអូតាវ៉ា។

ពាក់ព័ន្ធបញ្ហាផ្ទុះមីនធ្វើឱ្យទាហានថៃ រងរបួសនេះដែរ ក្រសួងការពារជាតិ ស្នើឱ្យភាគីថៃ ចៀសវាងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ ដែលត្រូវបានអន្តរជាតិ ទទួលស្គាល់ថា ជាចម្ការមីន ដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។

ជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ភាគីថៃ លើការផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងការលុបចោលគម្រោងដោះលែងយោធិនខ្មែរ១៨រូបពីការឃុំឃាំងនៅប្រទេសថៃ ដោយសារការផ្ទុះមីននៅព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ភ្នំទ្រព្យស្ថិតជិតប្រាសាទព្រះវិហាររបស់កម្ពុជា។ ទន្ទឹមនឹងច្រានចោលការចោទប្រកាន់របស់ថៃ ក្រសួងការបរទេស ក្រើនរំលឹកភាគីថា ចម្ការមីនភាគច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបន្សល់ទុកតាំងពីជំនាន់សង្គ្រាមស៊ីវិលកម្ពុជារយៈជិត៣០ឆ្នាំក្នុងទសវត្សរ៍១៩៧០ និង១៩៨០ ហើយមិនទាន់ត្រូវបានបោសសម្អាតនៅឡើយទេ ដោយសារតែភូមិសាស្ត្រលំបាក និងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែន៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ក្រុមហ៊ុនខ្មែរ និងជប៉ុន ចំនួន ៦០ មកពីវិស័យចម្រុះ ជួបជុំគ្នាស្វែងរកឱកាសចាប់ដៃគូវិនិយោគនៅកម្ពុជា

យ៉ាងហោចណាស់ មានថ្នាក់ដឹកនាំក្រុមហ៊ុនខ្មែរ និងជប៉ុនសរុបចំនួន ៦០ បានជួបជុំគ្នា នៅក្នុងកម្មវិធីជំនួបធុរកិច្ចរវាងវិនិយោគិនកម្ពុជា និងជប៉…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ