អគារបឋមសិក្សាទាំង ១៥ អគារ ដែលទើបតែត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ត្រូវបានអង្គការមូលនិធិអេស៊ីលីដា-ចារឌីន បានចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ ២០១៨មកម្ល៉េះ ហើយក៏បានប្រគល់ឱ្យសាលានីមួយៗប្រើប្រាស់ដើម្បីទទួលសិស្សានុសិស្សចូលរៀនជាបន្ដបន្ទាប់ផងដែរ។ ក្នុងនោះ មាន ៥អគារ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ, ៤អគារ នៅខេត្តព្រះវិហារ, ២អគារ នៅខេត្តស្ទឹងត្រែង, ១អគារ នៅខេត្តរតនគិរី និង ៣អគារទៀត នៅក្នុងខេត្តមណ្ឌលគិរី។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាបឋមសិក្សាទាំង ១៥ អគារខាងលើនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់ធនាគារអេស៊ីលីដា តាមរយៈអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ ក្នុងការជួយគាំទ្រលើកកម្ពស់វិស័យអប់រំនៅកម្ពុជានៅក្នុងរយៈពេល ៨ឆ្នាំមកនេះ ព្រមជាមួយនឹងការបង្កើតបាននូវសមិទ្ធផល និងផលជះជាវិជ្ជមានជាច្រើនដល់ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសបានលើកកម្ពស់ការអប់រំប្រកបដោយគុណភាពនៅតាមតំបន់ដាច់ស្រយាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា កន្លងមករាជរដ្ឋាភិបាលបានបន្តសាងសង់សាលារៀនជាបន្តបន្ទាប់ ឆ្លើយតបនឹងកំណើនប្រជាជន ដែលកាន់តែយល់ច្បាស់ពីសារៈសំខាន់នៃការអប់រំ។ ដើម្បីឱ្យធនធានមនុស្សមានគុណភាព ត្រូវចាប់ផ្តើមពីមូលដ្ឋានគ្រឹះ។ ដូច្នេះ ឯកឧត្តម បានស្នើឱ្យមាតាបិតា អ្នកអាណាព្យាបាល បន្តបញ្ជូនកូនទៅទទួលការអប់រំ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដើម្បីឱ្យកូនៗបានត្រៀមខ្លួនរួចរាល់សម្រាប់ការចូលរៀន បណ្តុះគ្រឹះចំណេះដឹងរឹងមាំ សម្រាប់ការបន្តការសិក្សារហូតដល់កម្រិតឧត្តមសិក្សា។
បណ្ឌិត ព្រំ វិសុទ្ធ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានលើកឡើងដែរថា អគារបឋមសិក្សាទាំង ១៥ អគារ ដែលបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ បានចំណាយថវិកាសាងសង់អស់ប្រមាណជាង ៩៤ ម៉ឺនដុល្លារអាម៉េរិក ដោយបច្ចុប្បន្ន មានសិស្សានុសិស្សកំពុងសិក្សាចំនួនជាង ២ពាន់នាក់ និងមានលោកគ្រូ-អ្នកគ្រូ គំពុងបង្រៀនសរុបចំនួន ៨៥នាក់។
លោកបណ្ឌិត បន្ថែមថា សមិទ្ធផល ដែលសម្រេចបានខាងលើនេះ គឺដោយសារមានការចូលរួមគាំទ្រយ៉ាងសកម្មពីស្ថាបនិក ក្រសួងអប់រំ យុវជន និងកីឡា និយ័តករ អជ្ញាធរមូលដ្ឋាន មន្ទីរនិងការិយាល័យអប់រំ និងព្រមទាំងសាធាណរៈជន ចាប់តាំងពីមុនពេល អំឡុងពេល និងក្រោយពេលសាងសង់ ជាពិសេសសហគមមូលដ្ឋាន បានចូលរួមថែទាំអគារសិក្សាយ៉ាងល្អ និងខ្ជាប់ខ្ជួន ។
បើតាមបណ្ឌិត ព្រំ វិសុទ្ធ នៅក្នុងឆ្នាំ២០២៦នេះ អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បាននិងកំពុងសាងសង់អគារបឋមសិក្សាចំនួន ០២ អគារបន្ថែមទៀត ដែល ក្នុងខេត្តព្រះវិហារ និងខេត្តរតនគិរី ដែលគ្រោងនឹងចំណាយថវិកាអស់ចំនួន ជិត ១៤ម៉ឺន ដុល្លារ និងគ្រោងបញ្ចប់ការសាងសង់នៅក្នុងខែកក្កដា ឆ្នាំ២០២៦។
អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានបង្កើតឡើងដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្រុមហ៊ុនចារឌីន និងក្រុមហ៊ុនធានារ៉ាបរងហ្វតតេ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ និងបានចុះបញ្ជីជាបរធនបាលកិច្ចសង្គមនៅនិយ័តករបរធនបាលកិច្ចនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣៕