មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់

ក្រសួងកសិកម្មសហការជាមួយរោងម៉ាស៊ីនកិនស្រូវធំៗចំនួន២០ ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវ ដែលកំពុងធ្លាក់ចុះ


មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា ក្រសួងកសិកម្មកំពុងសហការជាមួយរោងម៉ាស៊ីនកិនស្រូវធំៗចំនួន២០ ដើម្បីជួយប្រមូលទិញស្រូវពីកសិករសំដៅជួយដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវ ដែលកំពុងមានការធ្លាក់ចុះនៅមួយរយៈចុងក្រោយនេះ។ ជាមួយគ្នានេះ ក្រសួងកសិកម្មស្នើឱ្យកសិករ ដែលជួបបញ្ហាខ្វះអ្នកប្រមូលទិញ ឬបញ្ហាស្រូវធ្លាក់ថ្លៃ ទាក់ទងមកមន្ត្រីកសិកម្មឃុំ ឬក្រសួងកសិកម្ម ដើម្បីទទួលបានការអន្តរាគមន៍ផ្សេងៗ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់
ដោយ

បើតាមការវាយតម្លៃរបស់មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម នៅឆ្នាំនេះកម្ពុជាផលិតស្រូវលើសតម្រូវការប្រើប្រាស់ក្នុងស្រុកជាង៦លានតោន សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលកំពុងមានការប្រកួតប្រជែងខ្លាំងទាំងតម្លៃ និងគុណភាព ជាពិសេសជាមួយប្រទេសវៀតណាម ថៃ និងឥណ្ឌា។

ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា វិស័យស្រូវអង្ករតែងតែជួបធំៗពីរ គឺបញ្ហាអត់ទីផ្សារ ដែលសំដៅលើខ្វះ ឬអត់មានអ្នកប្រមូលទិញ និងបញ្ហាតម្លៃ ដែលសំដៅលើមានអ្នកទិញ តែផ្តល់តម្លៃមិនសូវល្អ។ ពាក់ព័ន្ធបញ្ហាទីផ្សារ ក្រសួងកសិកម្មបានផ្តល់អាទិភាពដោះស្រាយដោយតម្រង់ទិសលើរោងម៉ាស៊ីនសហការឲ្យចូលរួមជួយប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ។ ដូច្នេះឯកឧត្តម ស្នើឱ្យកសិករដែលជួបបញ្ហានេះទាក់ទងមកមន្រ្តីកសិកម្មឃុំ ឬក្រសួង ហើយបើផ្សព្វផ្សាយតាមបណ្តាញសង្គមត្រូវរាយការណ៍ឲ្យច្បាស់ពាក់ព័ន្ធទីតាំង និងថ្ងៃខែឆ្នាំផងដែរ។

បន្ថែមលើនេះ ក្រសួងកសិកម្មនឹងជួយសម្របសម្រួលនូវការចរចាតម្លៃរវាងកសិករ និងរោងម៉ាស៊ីនសហការ ដោយកំណត់យកតម្លៃណាមួយ ដែលភាគីទាំងពីរអាចទទួលយកបាន និងជួយការពារមិនឲ្យមានការក្រឡុកតម្លៃ។ តែយ៉ាងមន្ត្រីជាន់ខ្ពស់រូបនេះបានសង្កត់ធ្ងន់ថា គុណភាពស្រូវ(កម្រិតទុំ គ្រាប់ស្រូវមានអុជ ភាពសុទ្ធរបស់ពូជ និងសំណើម) គឺជាកត្តាសំខាន់មួយក្នុងការកំណត់តម្លៃ។ បើតាមអះអាងរបស់ឯកឧត្តម យ៉ង សាំងកុមារ បច្ចុប្បន្នមានរោងម៉ាស៊ីនខ្នាតធំចំនួន២០បានចូលរួមសហការក្នុងការជួយដោះស្រាយបញ្ហាទាំងពីរខាងលើជូនកសិករ។

ទន្ទឹមនឹងការសហការជាមួយរោងម៉ាស៊ីនកិនស្រូវធំៗ ក្រសួងកសិកម្ម ក៏បានសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ផ្តល់ឥណទានពិសេសរបស់រាជរដ្ឋាភិបាលដល់រោងម៉ាស៊ីនទាំងនេះ ដើម្បីបង្កើនការទិញស្រូវឲ្យបានទាន់ពេលវេលា និងឆ្លើយតបតាមគោលដៅកំណត់ជាមួយនឹងការជួយសហការសម្របសម្រួលនៅតាមទីវាលពីមន្រ្តីកសិកម្មឃុំ ខេត្ត និងថ្នាក់ជាតិ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម យ៉ង សាំងកុមារ។

រដ្ឋលេខាធិការក្រសួងកសិកម្មរូបនេះបានអះអាងថា រាជរដ្ឋាភិបាលមិនទុកឲ្យកសិករណាម្នាក់អត់ទីផ្សារសម្រាប់លក់កសិផលនោះទេ ពោលគឺតែងតែជួយសម្របសម្រួលឲ្យទាំងភាគីកសិករ និងរោងម៉ាស៊ីនទទួលបានតម្លៃសមរម្យ ដើម្បីរក្សានូវសមត្ថភាពប្រកួតប្រជែង ជីវភាពកសិករ និងនិរន្តរភាពវិស័យស្រូវអង្កររបស់កម្ពុជា។ ទន្ទឹមនឹងនេះដើម្បីដោះស្រាយបញ្ហាទីផ្សារ និងទុនជូនកសិករនៅរដូវខាងមុខ ក្រសួងកសិកម្ម លើកទឹកចិត្តឲ្យកសិករចុះឈ្មោះសហការជាមួយមន្រ្តីកសិកម្មឃុំជាក្រុមផលិត ឬសហគមន៍កសិកម្មទំនើប ដើម្បីងាយស្រួលរៀបចំផែនការដាំដុះ និងកិច្ចសន្យាកសិកម្មជាមួយការធានានូវតម្លៃអប្បបរិមារមុនដាំដុះ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម យ៉ង សាំងកុមារ នៅក្នុងឆ្នាំនេះកម្ពុជាផលិតស្រូវលើសតម្រូវការក្នុងស្រុកជាង៦លានតោនសម្រាប់ការនាំចេញជាអង្ករ និងស្រូវទៅកាន់ទីផ្សារអន្តរជាតិ ដែលពោរពេញដោយការប្រកួតប្រជែងទាំងតម្លៃ និងគុណភាព ជាពិសេសជាមួយឥណ្ឌា ថៃ និងវៀតណាម ដែលគ្រប់គ្រងទីផ្សារពិភពលោក៧០%។ មន្ត្រីជាន់ខ្ពស់រូបនេះបានវាយតម្លៃថា ជាមធ្យមនៅខែសីហា នេះ ការប្រមូលផលស្រូវនៅកម្ពុជាមានប្រមាណ៤ម៉ឺនតោនក្នុងមួយថ្ងៃ ដូច្នេះពេលនេះវាជាពេល ដែលត្រូវចូលរួមសហការគ្នា ដើម្បីវិស័យស្រូវអង្ករ ដែលជាផ្នែកមួយ នៃការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕

អត្ថបទ ខេមបូណូមីស, រូបភាពឯកសារ




អត្ថបទបន្ទាប់


អង្ករក្រអូប ម៉ាកក្រយ៉ា™ ចាប់ផ្តើមមានលក់តាមផ្សារទំនើប Coles Supermarkets នៅទូទាំង ប្រទេសអូស្ត្រាលី លើកកម្ពស់អង្ករកម្ពុជានៅលើឆាកអន្តរជាតិ

ក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប មាននៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ បានប្រកាសពីការចាប់ផ្តើមលក់អង្ករម៉ាកយីហោកម្រិតខ្ពស់របស់ខ្លួន គឺអង្ករក្រអូប ក្រយ៉ា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ