កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដឹកនាំដោយ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ បណ្ឌិតទីប្រឹក្សា និងមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ., បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍សិក្សាស្ដីពី «ការពង្រឹង និងពង្រីកលំហហិរញ្ញវត្ថុសាធារណៈ ពីទិដ្ឋភាពចំណូលមិនមែនសារពើពន្ធ»។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាតំណាងមកពីគ្រប់អង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. ទាំង ២៥ រាជធានី-ខេត្ត ក្រសួង-ស្ថាប័ន និងរដ្ឋបាលទាំង ២៥ រាជធានី-ខេត្ត សរុបប្រមាណ ២០០រូប។
គួរបញ្ជាក់ផងដែរថា របាយការណ៍សិក្សានេះ ត្រូវបានរៀបចំក្នុងគោលបំណងកំណត់នូវការងារកែ-ទម្រង់អាទិភាព ក្រោមក្របខ័ណ្ឌ នៃការប្រមូលចំណូលមិនមែនសារពើពន្ធ ជាពិសេសចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ សំដៅរួមចំណែកសម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល «ប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នំា២០៣០ និង ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០»។ ក្នុងន័យនេះ លទ្ធផល នៃការសិក្សានឹងក្លាយជាធាតុចូលដ៏សំខាន់ក្នុងរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ដែលគ្រោងនឹងដាក់ជូនគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅអំឡុងត្រីមាសទី១ ឆ្នាំ២០២៦ ខាងមុខ។
ទន្ទឹមនឹងនេះ ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយនៃរបាយការណ៍សិក្សា ក្នុងកិច្ចប្រជុំនេះ ក៏មានការធ្វើបទឧទ្ទេសនាមអំពីខ្លឹមសារសង្ខេប នៃផែនការគោលស្ដីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើ-ពន្ធ ២០២៥-២០៣៥ និងសេចក្ដីព្រាងផែនការគោលស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ២០២៥-២០៣៥ ដោយតំណាងមកពីអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃ កសហវ.។
បន្ទាប់ពីអង្គប្រជុំបានពិភាក្សាយ៉ាងផុសផុលលើបញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល បានបូកសរុប និងកំណត់ទិសដៅសំខាន់ៗ ទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំបទដ្ឋានគតិយុត្តគាំទ្រ ការពង្រឹងអភិបាលកិច្ចប្រមូលចំណូលមិនមែនសារពើពន្ធ និងការជំរុញផ្ដល់ការបណ្ដុះ-បណ្ដាលចាំបាច់ផ្សេងៗ ដល់អង្គភាពប្រមូលចំណូល សំដៅគាំទ្រដល់ការអនុវត្តកិច្ចការនេះ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត ក៏បានគូសរំលេចផងដែរថា ការងារនេះ ចាំបាច់ត្រូវគិតគូររៀបចំអនុវត្តជាជំហានៗ ដើម្បីធានាថា ការប្រមូលចំណូលមិនមែនសារពើពន្ធ អនុវត្តអស់សក្ដានុពល និងរួមចំណែកលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាចុងបញ្ចប់ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់គ្រប់អង្គភាព/ស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់កិច្ចសហការដល់ អ.គ.ហ. ទាំងក្នុងអំឡុងពេលចុះប្រមូលទិន្នន័យ និងក្នុងកិច្ចប្រជុំផ្សេងៗ ដើម្បីផ្ដល់ជាធាតុចូលបន្ថែមក្នុងរបាយការណ៍ដ៏មានសារៈសំខាន់នេះ៕