
សិក្ខាសាលានេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ., តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្តម ប៊ូ វង្សសុខា អគ្គលេខាធិការរង នៃ អ.គ.ហ. និងឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ រួមទាំងមន្ត្រីជំនាញជាន់ខ្ពស់ មន្ត្រីជំនាញ នៃ អ.គ.ហ.។

សិក្ខាសាលានេះ ត្រូវបានបែងចែកជា ២ ពេល ដោយពេលព្រឹក មានការចូលរួមពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ រដ្ឋបាលខេត្តចំនួន ១២ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត រីឯពេលរសៀលមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដែលចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយសរុបទាំង ២ ពេល មានសមាជិកចូលរួមសរុបប្រមាណ ៣០០ នាក់។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងតម្រង់ទិសជូនអង្គភាពអនុវត្តទាំងអស់អំពី៖ (១) ក្របខ័ណ្ឌលទ្ធផលគន្លឹះរួមដែលត្រូវផ្តល់ការយកចិត្តទុកដាក់ក្នុងឆ្នាំ២០២៦, (២) គោលការណ៍គន្លឹះនៃការរៀបចំផែនការថវិកាឆ្នាំ២០២៦ និង (៣) នីតិវិធីនៃការអនុវត្តថវិកានិងកិច្ចលទ្ធកម្ម ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឆ្លៀតក្នុងឱកាសនេះដែរ ក្រៅអំពីការធ្វើបទបង្ហាញគន្លឹះនានាអំពីគោលការណ៍ណែនាំសម្រាប់ការរៀបចំឯកសារខាងលើ, អ.គ.ហ. ក៏បានគូសបញ្ជាក់ជាថ្មីម្ដងទៀតពាក់ព័ន្ធនឹងការដាក់ឱ្យអនុវត្តនូវក្របខ័ណ្ឌគ្រប់គ្រងសមិទ្ធកម្ម ដែលជាចំណុចរបត់ថ្មីក្នុងការបង្កើនគណនេយ្យភាព និងការទទួលខុសត្រូវបន្ថែមចំពោះសមិទ្ធកម្ម តាមរយៈការផ្សារភ្ជាប់លទ្ធផលគន្លឹះក្នុងឆ្នាំ ផែនការសកម្មភាពលម្អិត ជាមួយនឹងកញ្ចប់ថវិកាគាំទ្រការអនុវត្តសកម្មភាព សម្រាប់ការអនុវត្តក្របខ័ណ្ឌស្ដីពីការគ្រប់គ្រងសមិទ្ធកម្មបច្ចុប្បន្នកម្ម ដែលរាជរដ្ឋាភិបាលបានដាក់ចេញតាមរយៈសារាចរលេខ ១៤ សរ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ស្ដីពីការគ្រប់គ្រងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់គ្រប់អង្គភាពអនុវត្តទាំងអស់ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងស្មារតីភាពជាម្ចាស់ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងបានស្នើគ្រប់អង្គភាពអនុវត្តទាំងអស់ពន្លឿនការរៀបចំលទ្ធផលគន្លឹះក្នុងឆ្នាំ ផែនការសកម្មភាពលម្អិត និងផែនការថវិកាសម្រាប់ឆ្នាំ២០២៦ របស់ខ្លួនដើម្បីផ្ញើត្រឡប់មក អ.គ.ហ. វិញតាមពេលវេលាដែលបានកំណត់។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ស្នើគ្រប់អង្គភាពអនុវត្តទាំងអស់ បន្ដផ្ដល់ការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការចូលរួមអនុវត្តផែនការសកម្មភាពរបស់ខ្លួន ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដូចដែលបានគ្រោងទុក៕












