ក្រសួងព័ត៌មាន

អ្នកជំនាញទទូចឱ្យក្រសួងព័ត៌មានបោសសម្អាតអ្នកកាសែតគ្មានវិជ្ជាជីវៈ និងរឹតបន្តឹងការផ្តល់អាជ្ញាបណ្ណ


គេសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះ មានអ្នកសារព័ត៌មាន ដែលគ្មានក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ បានបង្កបញ្ហាធ្វើឱ្យប៉ះពាល់ដល់សណ្ឋាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរសង្គមកើតមានបន្តបន្ទាប់ តាមរយៈការប្រើប្រាស់ឥរិយាបថ និងពាក្យសម្តីមិនសមរម្យ និងយកឈ្មោះជាអ្នកកាសែតដើរជំរិតទារលុយគេជាដើម។
ក្រសួងព័ត៌មាន
ដោយ

ដើម្បីលុបបំបាត់អ្នកសារព័ត៌មាន ដែលជាជំងឺសង្គមទាំងនោះ អ្នកជំនាញទទូចស្នើឱ្យក្រសួងព័ត៌មានលុបអាជ្ញាបណ្ណសារព័ត៌មាន ឬបញ្ចប់សុពលភាពបណ្ណព័ត៌មានរបស់អង្គភាព ឬអ្នកសារព័ត៌មានទាំងឡាយណា ដែលប្រព្រឹត្តខុសច្បាប់ ឬខុសលក្ខន្តិកៈរបស់អ្នកសារព័ត៌មាន និងរឹតបន្តឹងការផ្តល់អាជ្ញាបណ្ណ និងបណ្ណព័ត៌មានជាដើម។

​​លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម បានគូសបញ្ជាក់ថា បញ្ហាអាណាធិបតេយ្យរបស់អ្នកសារព័ត៌មានគ្មានក្រមសីលធម៌វិជ្ជាជីវៈបង្កឱ្យមានអសណ្ឋាប់ធ្នាប់ក្នុងសង្គមតាមរយៈការដើរជំរិតទារលុយគេដោយគ្មានមូលដ្ឋាន ការប្រើប្រាស់ពាក្យសម្តីបៀតបៀន និងអសីលធម៌ និងឥរិយាបថមិនសមរម្យនៅតែបន្តកើតមានក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន បើទោះបីជាក្រសួងព័ត៌មានបានចាត់វិធានការក្តៅចំពោះពួកគេ តាមរយៈការលុបចោលសុពលភាព នៃបណ្ណព័ត៌មាននៅពេលពួកគេបានប្រព្រឹត្តិខុសពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានយ៉ាងណាក្តី។ តែយ៉ាងណាអ្នកជំនាញរូបនេះ យល់ឃើញថា ក្រសួងព័ត៌មាន គួរចាត់វិធានការរឹតបន្តឹងបន្ថែមទៀតលើបញ្ហាទាំងនេះ ដ្បិតថា ការអនុវត្តច្បាប់ទម្លាប់ និងលក្ខណៈសម្បត្តិរបស់អ្នកសារព័ត៌មានមួយចំនួនហាក់មានភាពចន្លោះប្រហោងនៅឡើយ។

​ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានទទូចឱ្យក្រសួងព័ត៌មានរឹតបន្តឹងការផ្តល់អាជ្ញាបណ្ណព័ត៌មាន និងបណ្ណព័ត៌មានដល់អ្នកសារព័ត៌មាន ដោយត្រូវគិតដល់កម្រិតបណ្តុះបណ្ដាលបច្ចេកទេស សញ្ញាបត្រ និងក្រមសីលធម៌វិជ្ជាជីវៈ និងរចនាសម្ព័ន្ធរបស់អង្គភាព និងសមាសភាពអ្នកសារព័ត៌មានទាំងអស់ឱ្យបានហ្មត់ចត់ ពោលគឺមិនគួរផ្តល់អាជ្ញាបណ្ណព័ត៌មាន ឬបណ្ណព័ត៌មានដល់អ្នកគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេ។

ការចេញមកទទូចបែបនេះ ក៏ដោយសារអ្នកជំនាញរូបនេះសង្កេតឃើញថា អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានមួយចំនួនមានតែទូរសព្ទមួយគ្រឿងប៉ុណ្ណោះ ប៉ុន្តែផ្សាយផ្ទាល់ដោយប្រើពាក្យអសុរស ពាក្យសម្ដីហិង្សា បង្កភាពអាណាធិបតេយ្យ និងបំពុលសង្គមយ៉ាងធ្ងន់ធ្ងរ​។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះ ក៏បានស្នើឱ្យក្រសួងព័ត៌មានលុបអាជ្ញាបណ្ណសារព័ត៌មាន ឬបញ្ចប់សុពលភាពបណ្ណព័ត៌មានរបស់អ្នកសារព័ត៌មានទាំងឡាយណា ដែលប្រព្រឹត្តខុសច្បាប់ ឬលក្ខន្តិកៈរបស់អ្នកសារព័ត៌មានផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ សុខចិត្តឱ្យគេថា កម្ពុជា ជាប្រទេសរឹតត្បិតសេរីភាពសារព័ត៌មាន ជាជាងគេសរសើរថា ជាប្រទេសឋានសួគ៌នៃសារព័ត៌មាន ប៉ុន្តែសម្បូរតែអ្នកសារព័ត៌មានអសីលធម៌ អ្នកសារព័ត៌មានចងមុង ឬអ្នកសារព័ត៌មានបំពុលសង្គមជាដើម។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗមានអ្នកសារព័ត៌មានមួយចំនួនបានប្រើប្រាស់ពាក្យសម្តី និងអាកប្បកិរិយាមិនសមរម្យដោយយកដៃទៅអង្អែលថ្ពាល់លើជនសង្ស័យម្នាក់ជាជនជាតិវៀតណាម ក្នុងអំឡុងពេលពួកចុះទៅយកព័ត៌មានក្នុងហេតុការណ៍បង្ក្រាបការរំដោះអ្នកទោសជនជាតិវៀតណាមមួយក្រុមនៅខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំង។ ភ្លាមនោះក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន និងដាក់បុគ្គលនោះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ជារៀងរហូត ក្រោយបុគ្គលនោះបានរាយការណ៍ព័ត៌មានអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រីជនជាតិវៀតណាម។

ក្រសួងព័ត៌មាន បានចាត់ទុកទង្វើរបស់បុគ្គលខាងលើនេះ ជាទង្វើខ្វះសីលធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលហាមឃាត់មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្តី និងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយ។ ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏បានក្រើនរំឭកដល់អ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាន់នូវក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ជាធរមាន៕




អត្ថបទបន្ទាប់


រដ្ឋាភិបាលថៃ គ្រោងធ្វើអន្តរាគមន៍ជួយប្រមូលទិញស្រូវរហូតដល់ទៅ៣លានតោន ដើម្បីរក្សាស្ថិរភាពតម្លៃ

គណៈកម្មាធិការគោលនយោបាយ និងគ្រប់គ្រងស្រូវអង្ករជាតិថៃ (NRPMC) បានអនុម័តផែនការដ៏សំខាន់មួយ ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវសម្រាប់រដូវកាលឆ្នាំ២…

ស្វាយកែវរមៀតខុសរដូវមានទីផ្សារល្អនៅឆ្នាំនេះ តែបញ្ហាអាកាសធាតុកំពុងទាញទម្លាក់ទិន្នផលស្វាយ

ទីផ្សារ និងតម្លៃស្វាយកែវរមៀតខុសរដូវនៅខេត្តបាត់ដំបងឆ្នាំនេះហាក់មានភាពល្អប្រសើរខ្លាំង បើធៀបនឹងឆ្នាំមុន។ បើតាមការអះអាងរបស់កសិករនៅខេត្តបាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ