វិស័យស្វាយចន្ទី

ក្រុមហ៊ុន Mirarth នឹងដាក់ឱ្យដំណើរការផលិតកម្មចម្រាញ់ប្រេងចេញពីសម្បកគ្រាប់ស្វាយចន្ទី នៅខែសីហា ខាងមុនេះ


សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីរបស់ជប៉ុន Mirarth ដែលមានមូលដ្ឋាននៅក្នុងខេត្តកំពង់ធំ គ្រោងនឹងដំណើរការសាកល្បងនូវគម្រោងចម្រាញ់ប្រេងចេញពីសម្បកគ្រាប់ស្វាយចន្ទីដំបូងគេនៅកម្ពុជា នាខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ គម្រោងនេះត្រូវបានសមាគមរំពឹងថា នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនតម្លៃបន្ថែមដល់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា ដើម្បីពង្រឹងភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
វិស័យស្វាយចន្ទី
ដោយ

​លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនមេរបស់ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី Mirarth Agri Tech គឺក្រុមហ៊ុន Mirarth Green Tech បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគលើការចម្រាញ់ប្រេងពីសម្បកគ្រាប់ចន្ទីនៅកម្ពុជា ដោយគ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងការចម្រាញ់ប្រេងចេញពីសម្បកគ្រាប់ស្វាយចន្ទីនៅក្នុងទីតាំងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី Mirarth Agri Tech នៅខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

តាមផែនការ ក្រោយបញ្ចប់ការសាកល្បងនៅខែសីហា ខាងមុខ ប្រសិនបើទទួលបានជោគជ័យ ក្រុមហ៊ុនគ្រោងនឹងពង្រីកសង្វាក់ផលិតកម្មនេះទៅកាន់រោងចក្រកែច្នៃខ្នាតមធ្យម និងខ្នាតធំនៅទូទាំងប្រទេស ហើយផែនការពង្រីកនេះនឹងរួមបញ្ចូលនូវការឧបត្ថម្ភធនលើគ្រឿងចក្រទំនើបៗ ក៏ដូចជាការធានាទិញយកប្រេងត្រឡប់មកវិញពីសហគ្រាសក្នុងស្រុក។ យុទ្ធសាស្ត្រនេះមិនត្រឹមតែជួយឱ្យអ្នកកែច្នៃក្នុងស្រុកកាត់បន្ថយការពឹងផ្អែកលើអ្នកទិញពីបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដោះស្រាយបញ្ហាកាកសំណល់សម្បកគ្រាប់ស្វាយចន្ទី ដែលធ្លាប់តែជាបន្ទុកឱ្យក្លាយទៅជាប្រភពចំណូលថ្មី និងកាត់បន្ថយថ្លៃដើមផលិតកម្មផងដែរ។

អ្វីដែលកាន់តែពិសេសនោះ កាកសំណល់ដែលនៅសេសសល់ក្រោយការចម្រាញ់ប្រេង នឹងត្រូវផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុន Modori Climate Partner របស់ជប៉ុន ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដើម្បីយកទៅកែច្នៃបន្តជាធ្យូងជីវៈ ឬជីសរីរាង្គសម្រាប់លក់ចែកចាយជូនកសិករវិញ។ នេះគឺជាវដ្តផលិតកម្មបែបសេដ្ឋកិច្ចវិលជុំ ដែលផ្ដល់ផលប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ច និងបរិស្ថានសម្រាប់វិស័យស្វាយចន្ទីនៅកម្ពុជា៕

អត្ថបទ សោម ស្រីពេជ្រ​




អត្ថបទបន្ទាប់


ប្រសិនបើលោក អានុទីន អាចបង្កើតរដ្ឋាភិបាលថ្មី តើអនាគតច្រកទ្វារព្រំដែនគោករវាងកម្ពុជា និងថៃនឹងទៅជាយ៉ាងណា?

ភាពមិនច្បាស់លាស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ កំពុងក្លាយជាប្រធានបទក្ដៅ ខណៈគណបក្សភូមិចៃថៃ របស់លោក អានុទីន ឆានវីរៈគុល (Anutin Charnvir…

តើក្រដាសប្រាក់ប្រទេសណាខ្លះ ដែលមានសុវត្ថិភាពបំផុតក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោកដ៏ច្របូកច្របល់?

ស្របពេលដែលស្ថានភាពទីផ្សារសេដ្ឋកិច្ចពិភពលោកកំពុងជួបប្រទះនូវភាពមិនច្បាស់លាស់ ទីផ្សារហិរញ្ញវត្ថុ ក៏បានរងនូវការរង្គោះរង្គើខ្លាំងផងដែរ។ ក្នុងស្ថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ