វិស័យកសិកម្ម

តើកសិករត្រូវធ្វើយ៉ាងណាខ្លះ ដើម្បីអាចចូលជាសមាជិកសហគមន៍កសិកម្មទំនើប?


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកំពុងលើកទឹកចិត្តឱ្យប្រជាកសិករ ដែលជួបបញ្ហាទីផ្សារ និងតម្លៃកសិផលធ្លាក់ចុះចងក្រងជាសហគមន៍ ជាពិសេសចូលជាសមាជិកសហគមន៍កសិកម្មទំនើប ដែលមានការការពារហានិភ័យទីផ្សារ និងផ្តល់បច្ចេកវិទ្យាដាំដុះដល់កសិករ។ បើតាមការអះអាងរបស់ក្រុមកសិករពួកគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប ប៉ុន្តែនៅតំបន់របស់ពួកគេហាក់មិនសូវអំណោយផល គួបផ្សំពួកគេមិនទាន់ទទួលបានព័ត៌មានកម្អិតពីមន្ត្រីជំនាញក្នុងចូលជាសមាជិកសហគមនេះ។
វិស័យកសិកម្ម
ដោយ

ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យក្រសួងកសិកម្មបានអះអាងថា បច្ចុប្បន្នមន្ត្រីកសិកម្មឃុកំពុងចុះផ្សព្វផ្សាយបញ្ហានេះ ដើម្បីជំរុញឱ្យកសិករអាចចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។

លោកស្រី ណាត នួន កសិករធ្វើស្រែម្នាក់នៅខេត្តសៀមរាប ដែលកំពុងជួបបញ្ហាតម្លៃស្រូវម្លិះមានការធ្លាក់ចុះ បានបង្ហាញពីបំណងចង់ចូលជាសមាជិកសហគមន៍កសិកម្មទំនើបយ៉ាងខ្លាំង និងបានស្នើឱ្យភាគីពាក់ព័ន្ធជួយអន្តរាគមន៍លើបញ្ហានេះ ដើម្បីអនុញ្ញាតឱ្យលោកស្រី និងកសិករដទៃទៀតអាចចងក្រងគ្នាជាសហគមន៍។ លោកស្រី បានអះអាងថា កន្លងមកក្រុមការងារកសិកម្មឃុំរបស់ក្រសួងកសិកម្មបានចុះមកផ្សព្វផ្សាយនៅតំបន់របស់លោកស្រីដែរ តែវាហាក់ដូចជាយឺតពេលបន្តិចដោយសារកសិករធ្វើស្រែភាគច្រើនបានប្រមូលស្រូវរួចទៅហើយ។

ជាមួយគ្នានេះលោក វង្ស ប៉ោយយុង កសិករធ្វើស្រែម្នាក់នៅខេត្តបាត់ដំបងបានអះអាងថា បច្ចុប្បន្ន លោក និងកសិករជាច្រើនទៀតកំពុងមានបំណងប្រមូលគ្នាចងក្រងជាសហគមន៍កសិកម្មទំនើប ប៉ុន្តែកសិករភាគច្រើនហាក់មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញតាមលក្ខខណ្ឌតម្រូវក្នុងការចងក្រងជាសហគមន៍។ ទន្ទឹមនឹងនេះ លោក ស្នើឱ្យមន្ត្រីកសិកម្មឃុំចុះទៅផ្សព្វផ្សាយពីនីតិវិធីក្នុងការចងក្រងជាសហគមន៍កសិកម្មទំនើបនៅតំបន់របស់លោក ដើម្បីបើកផ្លូវឱ្យលោក និងកសិករផ្សេងទៀតអាចចងក្រងជាសហគមន៍កសិកម្មទំនើបដូចតំបន់ផ្សេងៗ។ កសិកររូបនេះរំពឹងថា បញ្ហាផ្សារ និងតម្លៃស្រូវនឹងអាចកាត់បន្ថយប្រសិនបើពួកគេអាចចូលជាសមាជិករបស់សហគមន៍កសិកម្មទំនើប។

ស្រដៀងគ្នានេះដែរ លោក នួន ណារិន្ទដា កសិករធ្វើស្រែម្នាក់ទៀតនៅខេត្តឧត្តរមានជ័យបានលើកឡើងថា កសិករនៅតំបន់របស់លោក ក៏ចង់ចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើបដែរ តែនៅតំបន់របស់លោកដីស្រែហាក់មិនមានជីវជាតិ ហើយខ្វះទឹកសម្រាប់ផ្គត់ផ្គង់ ដែលជាហេតុរាំងស្ទះដល់ដំណើរការចងក្រងជាសហគមន៍នេះ។ តែយ៉ាងណាកសិកររូបនេះ ស្នើដល់ក្រសួងជួយរកដំណោះស្រាយលើបញ្ហានេះ។

ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា សម្រាប់ការផ្សព្វផ្សាយស្ដីពីការចងក្រងជាសហគមន៍កសិកម្មទំនើបកន្លងមកនេះ កំពុងត្រូវបានធ្វើជាប្រចាំយ៉ាងទូលំទូលាយ។ ហើយសម្រាប់ប្រជាពលរដ្ឋដែលចាប់អារម្មណ៍អាចផ្ដល់ដំណឹង និងសុំចុះឈ្មោះតាមរយៈមន្ត្រីកសិកម្មឃុំរបស់ក្រសួងកសិកម្ម ដើម្បីអាចចុះទៅវាយតម្លៃ ថាតើមានចំនួនកសិករគ្រប់ចំនួន ដើម្បីអាចបង្កើតបានជាសហគមន៍កសិកម្មទំនើបមួយបាន ឬទេ តែយ៉ាងណាប្រសិនចំនួនមិនទាន់មានគ្រប់ តម្រូវឱ្យកសិកររង់ចាំរហូតដល់មានកសិករចុះឈ្មោះបានគ្រប់ចំនួនទើបអាចបង្កើតបាន។ បើតាមអ្នកនាំពាក្យរូបនេះ ការបង្កើតសហគមន៍កសិកម្មទំនើបវាអាស្រ័យលើការបង្កបង្កើនផលស្រូវរបស់កសិករ ដោយបច្ចុប្បន្ននេះរដូវកាលត្រូវបានបញ្ចប់ហើយ ដែលនឹងចាប់ផ្ដើមនៅជុំថ្មីម្ដងទៀតនារដូវកាលបង្កបង្កើនដំណាំស្រូវពេលក្រោយ។

គួរបញ្ជាក់ថា តាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើបនេះ នឹងផ្តល់អានុភាពឱ្យក្រុមប្រជាកសិករជាសមាជិកបានចរចាកិច្ចសន្យាផលិតកម្មទុកជាមុនជាមួយអ្នកទិញពាក់ព័ន្ធនឹងតម្លៃ គុណភាព និងបរិមាណ ដែលមិនមែនជាការកំណត់តម្លៃដោយរដ្ឋនោះទេ។ ជាមួយគ្នានេះ ក្រសួងកសិកម្មនឹងបន្តគាំទ្រការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យប្រជាកសិករស្ដារមកវិញតាមរយៈការធានាតម្លៃ និងទីផ្សារដោយចុះកិច្ចសន្យាទុកមុន ក៏ដូចជាការកាត់បន្ថយថ្លៃដើមផលិតកម្ម និងការផ្ដល់ជំនួយបច្ចេកទេសជាដើម៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើជំនួបរវាងមេដឹកនាំអាម៉េរិក និងចិនអាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា ដែលកំពុងដើរអូសជើងអាចមានភាពប្រសើរឡើងឬយ៉ាងណា?

ដូចការគ្រោងទុកលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិនបានជួបពិភាក្សាគ្នាដោយផ្ទាល់ជាលើកដំបូងក្នុង…

SDF ទទួលបានពានរង្វាន់បរធនបាលរូបវន្តបុគ្គលឯករាជ្យឆ្នើម ប្រចាំឆ្នាំ២០២៤ ក្នុងកម្មវិធី “វេទិកាបរធនបាលកិច្ច”

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ បានទទួលពានរង្វាន់ បរធនបាលរូបវន្តបុគ្គលឯករាជ្យឆ្នើម សម្រាប់បរធនបាលកិច្ចសាធារណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ