នាពិធីជំនួបធុរៈកិច្ចសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានអះអាងថា ចាប់ពីពេលនេះតទៅសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជានឹងរួមគ្នាជាមួយសមាគមទេសចរណ៍ផ្សេងទៀតនៅកម្ពុជា រៀបចំជំនួបធុរកិច្ចទេសចរណ៍ប្រចាំខែជាមួយភ្នាក់ងារទេសចរណ៍មកពីបណ្តាប្រទេសនានានៅលើពិភពលោក សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈមរបស់វិស័យទេសចរណ៍កម្ពុជា និងជំរុញប្រែក្លាយកម្ពុជាឱ្យក្លាយជាទីផ្សារទេសចរណ៍ឯករាជ្យ ដោយមិនពឹងផ្អែកលើទីផ្សារប្រទេសជិតខាង។ បើតាមប្រធានសមាគមរូបនេះ ការងារចម្បងដែលសមាគមទេសចរណ៍អាស៊ីប៉ាហ្វិកធ្វើនាពេលកន្លងមក គឺការផ្គូរផ្គងធុរកិច្ចទេសចរណ៍ និងផ្តោតសំខាន់លើការផ្សព្វផ្សាយទីផ្សារគោលដៅទេសចរណ៍កម្ពុជា ការតស៊ូមតិ និងការបណ្តុះបណ្តុលជំនាញក្នុងវិស័យទេសចរណ៍។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា កម្ពុជាកំពុងប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាកាលានុវត្តភាព ដើម្បីបន្តជំរុញកំណើន និងរក្សាភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត និងបត់បែនតាមសភាពការណ៍។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តដល់វិស័យឯកជនឱ្យបង្កើនការរៀបចំជំនួបធុរកិច្ចឱ្យបានកាន់តែច្រើន ដើម្បីពង្រឹងទំនាក់ទំនង និងចែករំលែកឱកាសវិនិយោគឱ្យកាន់តែទូលំទូលាយ ដ្បិតថា វិស័យឯកជន គឺជាប្រតិបត្តិករដ៏សកម្មក្នុងការផ្សព្វផ្សាយកិត្តិនាមកម្ពុជា និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកទស្សនាកម្ពុជា។
គួរជម្រាបថា ជំនួបធុរកិច្ចប្រចាំខែក្នុងវិស័យទេសចរណ៍នេះ នឹងត្រូវប្តូរវេនគ្នាធ្វើរៀងរាល់មួយខែម្តងពីសំណាក់សមាជិករបស់ក្រុមប្រឹក្សាភិបាលផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលមានសមាគម និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍សរុបចំនួន១២ ដើម្បីរួមគ្នាជំរុញឧស្សាហកម្មទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនបានឆាប់រហ័ស៕