ប្រទេសអ៊ីរ៉ង់

របបដឹកនាំអ៊ីរ៉ង់ អាចប្រឈមនឹងការដួលរលំ ខណៈអ្នកស្លាប់កើនឡើងដល់ជាង១០០នាក់


ការតវ៉ាប្រឆាំងដែលមានរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ កំពុងតែអង្រួនរបបដឹកនាំអ៊ីរ៉ង់ ដែលអំណាចទាំងស្រុងស្ថិតក្នុងដៃប្រមុខសាសនា។ ការតវ៉ានេះបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ហើយមកទល់ពេលនេះ វានៅតែបន្តរីករាលដាលពាសពេញប្រទេស។ កត្តាសេដ្ឋកិច្ចជាប់គាំង សិទ្ធិសេរីភាពត្រូវបានរឹតត្បិត និងអតិផរណាដែលកំពុងហក់ឡើងខ្ពស់ បានរុញច្រានឱ្យក្រុមអ្នកតវ៉ាទាមទារឱ្យបញ្ចប់ការគ្រប់គ្រងតាមបែបសាសនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
ប្រទេសអ៊ីរ៉ង់
ដោយ

ស្របពេលចលនាប្រឆាំងរបបដឹកនាំសាសនាបានបន្តរីកធំឡើងជាលំដាប់ អាជ្ញាធរអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ទី១០ ខែមករា បានប្រកាសថា ខ្លួននឹងបង្កើនវិធានការបង្ក្រាបឱ្យកាន់តែខ្លាំងចំពោះបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអ៊ីរ៉ង់។

កងឆ្មាំបដិវត្តន៍ ដែលជាកម្លាំងប្រដាប់អាវុធមានឥទ្ធិពលបំផុតនៅអ៊ីរ៉ង់ បានទម្លាក់កំហុសនៃភាពចលាចលនេះទៅលើក្រុមភេរវករ ហើយបានប្តេជ្ញាការពារប្រព័ន្ធដឹកនាំបច្ចុប្បន្នឱ្យខានតែបាន។ ទោះបីជាប្រព័ន្ធអ៊ីនធឺណិតត្រូវបានកាត់ផ្តាច់ និងការទំនាក់ទំនងផ្សេងៗត្រូវបានរឹតត្បិតយ៉ាងណាក្តី ប៉ុន្តែរបាយការណ៍ថ្មីៗអំពីអំពើហិង្សានៅទូទាំងប្រទេសអ៊ីរ៉ង់ នៅតែបន្តកើតឡើង នៅក្នុងរដ្ឋធានីតេអេរ៉ង់ និងទីក្រុងជាច្រើនទៀត។

នៅទីក្រុងតេអេរ៉ង់ ដែលជារដ្ឋធានីរបស់ប្រទេសនេះ ហ្វូងមនុស្សចេញមកតវ៉ា ហើយនៅតាមផ្លូវត្រូវគេពិពណ៌នាថា ពោរពេញដោយអំពើហិង្សា ការដុតបំផ្លាញ និងសំឡេងស្រែកប្រឆាំងនឹងមេដឹកនាំកំពូលអ៊ីរ៉ង់ គឺលោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei)។

ពាក់ព័ន្ធនឹងតួលេខនៃអ្នករងគ្រោះ អាជ្ញាធរអ៊ីរ៉ង់ បានអះអាងថា មនុស្សចំនួន៦៥នាក់បានស្លាប់ ក្នុងនោះមានក្រុមអ្នកតវ៉ា៥០នាក់ និងកម្លាំងសន្តិសុខ១៥នាក់ និងមនុស្សប្រហែល២,៣០០នាក់ត្រូវបានចាប់ខ្លួន។ ប៉ុន្តែបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP បានបង្ហាញតួលេខខ្ពស់ជាងនេះ ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់១១៦នាក់ និងអ្នកត្រូវបានចាប់ខ្លួនមានចំនួនប្រមាណ២,៦០០នាក់។

រហូតមកដល់ពេលនេះ គេនៅមិនទាន់អាចវាយតម្លៃស្ថានការណ៍ច្បាស់លាស់នៅឡើយទេ ប៉ុន្តែបើតាមសេចក្តីរាយការណ៍ចុងក្រោយ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានចាប់ផ្តើមពង្រាយកម្លាំង និងបានបើកការបាញ់ប្រហារនៅតំបន់មួយចំនួន ដើម្បីបង្ក្រាបក្រុមអ្នកតវ៉ា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុងប៉េកាំង កោតសរសើរកម្ពុជា ចំពោះកិច្ចសហការល្អក្នុងការធ្វើបត្យាប័នបញ្ជូនខ្លួនមេខ្លោងឧក្រិដ្ឋកម្មអនឡាញ ចេន ហ្ស៊ី ទៅចិន

កម្ពុជា បានធ្វើបត្យាប័នបញ្ជូនខ្លួនលោក ចេន ហ្ស៊ី (Chen Zhi) ទៅកាន់ប្រទេសចិន ដោយលោកត្រូវបានចោទប្រកាន់ពីបទធ្វើជាមេខ្លោងធំនៃបណ្តាញឧក្រិដ្ឋកម្មឆ្…

វៀតណាម ចាប់ខ្លួនម្ចាស់ក្រុមហ៊ុនផលិតចំណីអាហារមួយ ពីបទលួចប្រើសាច់ជ្រូកមានមេរោគកែច្នៃជាប៉ាតេ

អាជ្ញាធរវៀតណាម បានចាប់ខ្លួននាយកប្រតិបត្តិក្រុមហ៊ុនផលិតអាហារកំប៉ុងដ៏ធំមួយឈ្មោះ ហាឡុង ឃែនដ៍ ហ៊្វូដ ចេអេសស៊ី (Halong Canned Food JSC) …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ