
ទិន្នន័យចេញផ្សាយដោយស្ថាប័នស្ថិតិនូវែលសេឡង់ នៅថ្ងៃទី១៥ ខែសីហានេះ បានបង្ហាញថា ពលរដ្ឋនូវែលសេឡង់ចំនួនជាង ៧ម៉ឺននាក់ ក្នុងចំណោមពលរដ្ឋសរុបប្រមាណជាង ៥លាននាក់ បានចាកចេញពីប្រទេសកំណើតរបស់ពួកគេ នៅក្នុងឆ្នាំសារពើពន្ធ២០២៥ ដោយកើនឡើងពីចំនួនជាង ៦ម៉ឺន៧ពាន់នាក់ ក្នុងឆ្នាំសារពើពន្ធ២០២៤។ ប៉ុន្តែតួលេខនេះ គឺនៅទាបជាងកម្រិតនៅក្នុងឆ្នាំសារពើពន្ធ២០១២ ដោយកាលណោះមានចំនួនដល់ទៅជាង ៧ម៉ឺន២ពាន់នាក់។
ទន្ទឹមនឹងការចាកចេញរបស់ប្រជាជននូវែសេឡង់ គេសង្កេតឃើញថា ចំនួនជនអន្តោប្រវេសន៍ ដែលចូលមកក្នុងប្រទេសដែនកោះ ភាគខាងខាងកើតនៃប្រទេសអូស្ត្រាលីមួយនេះ ក៏មានការថយចុះដែរ។
ការសម្រុកចាកចេញពីប្រទេសនេះបានកើតឡើងចំពេលមានការធ្លាក់ចុះសេដ្ឋកិច្ចដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ១៩៩១ ដែលអ្នកវិភាគបានស្តីបន្ទោសលើផលិតភាពទាប និងកំហុសគោលនយោបាយផ្សេងៗ។
ទិន្នន័យបានបង្ហាញកាលពីសប្តាហ៍មុនថា អត្រាអ្នកអត់ការងារធ្វើបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលជិត៥ឆ្នាំរហូតដល់ ៥,២%នៅក្នុងត្រីមាសទីពីរឆ្នាំនេះ ខណៈដែលអត្រាចូលរួមក្នុងកម្លាំងពលកម្មបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីត្រីមាសទី១ឆ្នាំ២០២១។
ប្រជាជននូវែលសេឡង់អាយុពី១៨ទៅ៣០ឆ្នាំមានចំនួន៣៨%នៃចំនួនអ្នកចាកចេញ បើប្រៀបធៀបជាមួយនឹងកម្រិតខ្ពស់បំផុត ៦០% នៅក្នុងឆ្នាំ១៩៧៩ ហើយប្រទេសដែលពួកគេចាកចេញទៅច្រើនបំផុតរួមមានអូស្ត្រាលី អង់គ្លេស និងប្រទេសផ្សេងៗទៀត។ តាមទិន្នន័យបង្ហាញថា ទំហំGDP របស់ប្រទេស នូវែសេឡង់មានប្រមាណជាង ២៨០ពាន់លានដុល្លារ ខណៈចំណូលពលរដ្ឋម្នាក់ៗមានប្រមាណ ជាង៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ៕
ដោយ៖ សុខ មង្គល